- 2015-11-10 14:00:07
- បាល់ទាត់
ច្រឹង ពលរដ្ឋ ជោគជ័យស្នេហា និងកីឡា ខណៈភ្ជាប់ពាក្យនឹងសង្សារ ខែមករា ២០១៦
- 2015-11-10 14:00:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រឹង ពលរដ្ឋ ជោគជ័យស្នេហា និងកីឡា ខណៈភ្ជាប់ពាក្យនឹងសង្សារ ខែមករា ២០១៦
ចន្លោះមិនឃើញ
ទំនាក់ទំនងស្នេហារវាងកីឡាករបាល់ទាត់វ័យក្មេងរបស់ជម្រើសជាតិកម្ពុជា ច្រឹង ពលរដ្ឋ និង កញ្ញា ប៊ុន រ៉ាណែត បានឈានដល់ថ្ងៃភ្ជាប់ពាក្យហើយនៅខែមករាឆ្នាំក្រោយនេះ បន្ទាប់ពីពួកគេប្រើពេលយល់ចិត្តគ្នាអស់រយៈពេល៥ឆ្នាំ ហើយក្នុងរយៈពេលថ្មីៗនេះអាជីពបាល់ទាត់របស់គេក៏កាន់តែប្រព្រឹត្តទៅយ៉ាងរលូនទាំងក្រុមជម្រើសជាតិអាយុ១៩ឆ្នាំ និងក្រុមធំ។
កញ្ញា ប៊ុន រ៉ាណែត បានប្រាប់ Sabay ថា ច្រឹង ពលរដ្ឋ និងកញ្ញាជាសិស្សរៀននៅសាលាជាមួយគ្នានៅរាជធានីភ្នំពេញនេះ ហើយចាប់ផ្ដើមទំនាក់ទំនងស្នេហា ដោយសារមិត្តរបស់កញ្ញាម្នាក់ដែលត្រូវជាប្អូនជីដូនមួយរបស់ពលរដ្ឋជាអ្នកណែនាំឱ្យស្គាល់គ្នាតាំងពីដើមឆ្នាំ២០១១។ ដោយប្រើពេលជិត៥ឆ្នាំ ស្វែងយល់ចិត្តគ្នា គូស្នេហ៍ស្មោះស្ម័គ្រមួយគូនេះបានឈានដល់ការភ្ជាប់ពាក្យហើយ ដោយតាមគម្រោងនឹងធ្វើឡើងនៅខែមករាដើមឆ្នាំ២០១៦នេះ ហើយអាចនឹងរៀបការនៅ២ឆ្នាំបន្ទាប់។
ខ្សែបម្រើវ័យក្មេង ច្រឹង ពលរដ្ឋ កំពុងតែត្រូវបានអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញទម្រង់លេងល្អទាំងនៅក្លិបអាជីព និងក្រុមជម្រើសជាតិប៉ុន្មានប្រកួតថ្មីៗនេះ ព្រោះថារូបគេទើបតែត្រូវគេកោះហៅឱ្យចូលជម្រើសជាតិអំឡុងពេលត្រៀមប្រកួតនៅសិង្ហបុរីនេះទេ និងជាប់ក្នុងជម្រើស២៣នាក់ដែលចេញដំណើរទៅប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨ជាមួយអាហ្វហ្គានីស្ថាន ជើងទីពីរប្រចាំតំបន់អាស៊ី ជុំទីពីរ។ ចំណែកអនាគតភរិយារបស់គេវិញ បច្ចុប្បន្នកំពុងរៀនសំអាងការជាមួយម្ដាយមីងនៅម្ដុំផ្សារស៊ីឡឹប។
ចំពោះ ពលរដ្ឋ បច្ចុប្បន្នលេងឱ្យក្លិបអាជីពក្រសួងការពារជាតិនិងជាអតីតកីឡាករលេងនៅឈុតU13, U14, U16, U19 ។ សមត្ថភាពដែលត្រូវបានគេមើលឃើញថាល្អនោះគឺកាលលេងនៅឈុត U19 រូបគេអាចរកបាន៣គ្រាប់ក្នុងការប្រកួតជាមួយក្រុមមីយាន់ម៉ា ក្នុងការប្រកួតមិត្តភាពនៅទឹកដីថៃ។ ចំណែកឯក្នុងពានរង្វាន់ AFF Youth Championship 2015 វិញ ខ្សែបម្រើរូបនេះក៏ជាអ្នករកគ្រាប់បាល់ជួយកម្ពុជាឈ្នះហ្វីលីពីនផងដែរក្នុងវគ្គសន្សំពិន្ទុតាមពូល៕
អត្ថបទ៖ មុន្នី រម្យ រូបភាព៖ ផ្ដល់ឱ្យ