• 2015-10-21 22:08:52
  • បាល់ទាត់

Pep ថា​ការ​ចាញ់ Arsenal មិន​មែន​កំហុស​របស់ Neuer នោះ​ទេ

  • 2015-10-21 22:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្រុម Bayern Munich លោក Pep Guardiola បាន​បដិសេធបន្ទោស​អ្នក​ចាំទី Manuel Neuer ថា​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យក្រុម​បរាជ័យ​ទល់​នឹង Arsenal យប់​មិញ​។

 

 

ការ​និយាយ​ដូច្នេះ​ បន្ទាប់​ពី Neuer ត្រូវ​គេ​មើល​ឃើញ​ថា ហក់​ទៅ​ដាល់​បាល់ Freekick របស់ Cazorla ខុស​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ Olivier Giroud មាន​ឱកាស​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី១ ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ បាន​សម្រេច​នៅ​នាទី ទី៧៧ និង​បន្ថែម​គ្រាប់​ទី២ នៅ​ចុង​តង់ ធ្វើឲ្យ Bayern Munich ទទួល​បរាជ័យ ២-០ នៅ​ទឹក​ដី Emirates។

 

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Neuer បាន​ជួយ​សង្គ្រោះ​បាល់​ល្អ​ៗ​ជា​ច្រើន​គ្រាប់នៅ​តង់​ទី១ ដែល​ធ្វើ​ឲ្យលោក Guardiola មិន​អាច​ដាក់​កំហុស​លើ​រូប​គេ​បាន។ "នៅតង់ទី១ Neuer សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​ជា​ច្រើន។ នៅ​ក្នុង​ឆាក​ជីវិត​នេះ​ខ្ញុំ​មិន​ដែល​រិះ​គន់​ការ​សម្រេច​លេង​របស់​កីឡាករ​រូប​ណា​នោះ​ទេ បើ​ទោះ​ជា​ត្រូវ ឬ​ខុស​ក៏​ដោយ។ យើង​ចាញ់​មិន​មែន​ដោយ​សារ Neuer ឡើយ។ នេះ​គឺ​ជា​បាល់​ទាត់ ហើយ​គាត់​គឺ​ជា​អ្នក​ត្រូវ​សម្រេច​ចិត្ត​ក្នុង​ហេតុការណ៍​នោះ"។

 

នៅ​ក្នុង​ការ​ប្រកួត​យប់​មិញ Bayern មាន​ការ​គ្រប់​គ្រង​បាល់​រហូត​ដល់ ៧៣ ភាគ​រយ និង​មាន​ឱកាស​ស៊ុត​ចំនួន ២១ដង ប៉ុន្តែ​ទី​បំផុត Arsenal នៅ​តែ​អាច​បញ្ចប់​កំណត់​ត្រា មិន​ដែល​ចាញ់​នៅ​រដូវ​កាល​ថ្មី​របស់ ក្រុម​ជើង​ឯក​ចាស់ Bundesliga៕

 

 
 

ចុចអាន៖ កាំភ្លើង​ធំ​ បាញ់​២​គ្រាប់​​ឲ្យ​​ Bayern ចាញ់​លើក​ដំបូង​យ៉ាង​ភ្ញាក់​ផ្អើល

 

ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ skysports

មតិយោបល់
អត្ថបទថ្មី