
- 2015-10-16 21:55:09
- បាល់ទាត់
គ្រួស៊ីម៉ាក់ស្នើដល់អាជ្ញាកណ្ដាលនៅកម្ពុជាមេត្តាកាត់ក្ដីឲ្យបានសុក្រឹត
- 2015-10-16 21:55:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រួស៊ីម៉ាក់ស្នើដល់អាជ្ញាកណ្ដាលនៅកម្ពុជាមេត្តាកាត់ក្ដីឲ្យបានសុក្រឹត
ចន្លោះមិនឃើញ
លោក មាស សំអឿន គ្រូបង្គោលរបស់ក្លិបបាល់ទាត់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)ស្នើដល់អាជ្ញាកណ្ដាលក្នុងប្រទេសកម្ពុជាទាំងអស់ ពេលកាត់ក្ដីលើទីលានកំពុងប្រកួតមេត្តាវិនិច្ឆ័យឲ្យបានត្រឹមត្រូវ សុក្រឹត និងយុត្តិធម៌បំផុត សម្រាប់ការប្រកួតបាល់ទាត់លីកកំពូលរបស់កម្ពុជាដែលនៅសល់។
លោក មាស សំអឿន បានឲ្យដឹងថា តាមការមើលឃើញរបស់លោកអាជ្ញាកណ្ដាលបញ្ជាការប្រកួតលើទីលានក្នុងប្រទេសកម្ពុជាមួយចំនួនកាត់ក្ដីមិនបានត្រឹមត្រូវ និងសុក្រឹត១០០ % ឡើយ។ ពិសេសពេលក្រុមខ្សោយប៉ះក្លិបខ្លាំងៗ អាជ្ញាកណ្ដាលទាំងនោះកាត់ក្ដីហាក់ដូចជារណប ឬលំអៀងខាងក្រុមកំពុងមានប្រៀបជាង។ នៅពេលកីឡាករក្នុងក្លិបខ្លាំងបង្កកំហុសក្នុងប្រអប់បាល់ពិន័យ១១ម៉ែត្រអាជ្ញាកណ្ដាលធ្វើដូចជាមើលមិនឃើញ។
កីឡាករក្លិបបាល់ទាត់ស៊ីម៉ាក់(រូបថត៖ FB ស៊ីម៉ាក់)
លោក មាស សំអឿន បាននិយាយថា ៖«ខ្ញុំសូមសំណូមពរដល់អាជ្ញាកណ្ដាលទាំងអស់ក្នុងប្រទេសកម្ពុជាមេត្តាកាត់ក្ដីឲ្យបានត្រឹមត្រូវ និងសុក្រឹតយុត្តិធម៌សម្រាប់ក្រុមដែលខ្សោយៗ ផង។ កុំកាត់ក្ដីដោយភាពស្រពេចស្រពិល ត្រូវហ៊ានវិនិច្ឆ័យដោយក្ដីម៉ឺងម៉ាត់ យុត្តិធម៌ និងគ្មានភាពលំអៀង»។
គ្រូបង្គោលរូបនេះបន្តថា ចំពោះបញ្ហានេះលោកមានឯកសារវីដេអូក្នុងដៃពេញលេញ ហើយបានទៅតវ៉ាដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ទៀតផង។ ចំណែកខាងសហព័ន្ធបានឆ្លើយតប់វិញថា លោកនឹងធ្វើការណែនាំដល់អាជ្ញាកណ្ដាលទាំងនោះឡើងវិញ។
ការលើកឡើងរបស់គ្រូបង្គោល ស៊ីម៉ាក់ រូបនេះសំដៅទៅលើការប្រកួតកាលពីពេលកន្លងទៅរវាងក្រុមលោក និងក្លិបប៉ូលិសដែលទទួលលទ្ធផលបរាជ័យ៣-១ នៅពហុកីឡដ្ឋានជាតិ។ លោកមាស សំអឿនបានបញ្ជាក់ថា មិនមែនលោកចេះតែនិយាយទេ ប៉ុន្តែលោកផ្អែកលើភស្តុតាងជាក់ស្តែង និងបានទាំងឲ្យអ្នកគាំទ្រពិនិត្យមើលរូបភាពវីដេអូនេះ៖
បើគិតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ នេះការប្រកួតបាល់ទាត់លីកកំពូលរបស់កម្ពុជានៅសល់ចំនួន២ប្រកួតទៀតប៉ុណ្ណោះនឹងរកឃើញក្រុមធ្លាក់ចេញពីលីកលំដាប់ទី១របស់កម្ពុជា ព្រមទាំងក្រុមទទួលបានចំណាត់ថ្នាក់លេខ១។ ប៉ុន្តែក្រុមរបស់លោក មាស សំអឿន កំពុងប្រជែងគ្នាជាមួយ អាស៊ីអឺរ៉ុប វេស្ទើន និងគីរីវង់សុខសែនជ័យ ដើម្បីបានរួចផុតពីតំបន់កាត់ចោល៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា