- 2015-09-28 21:35:02
- ព័ត៌មាន
ជាង៣០នាក់ប៉ុណ្ណោះចូលរួមប្រកួតគុនដាវជើងឯកជាតិប្រចាំឆ្នាំ២០១៥នេះ
- 2015-09-28 21:35:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាង៣០នាក់ប៉ុណ្ណោះចូលរួមប្រកួតគុនដាវជើងឯកជាតិប្រចាំឆ្នាំ២០១៥នេះ
ចន្លោះមិនឃើញ
បេក្ខជនជាង ៣០នាក់បានចូលរួមការប្រកួតគុនដាវជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៥ ដែលបានចាប់ផ្ដើមដំណើរការប្រកួតកាលពីម៉ោង ៩:០០ព្រឹកថ្ងៃទី ២៨នេះ រហូតដល់ល្ងាចម៉ោង ៥:០០ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅអាគារដំបូលទូកក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក សុខ អាង គណៈកម្មាធិការរៀបចំការប្រកួតកីឡាគុនដាវបានឲ្យដឹងថា បេក្ខជនមកចុះឈ្មោះចូលរួមប្រកួតមានចំនួន៥០នាក់ ប៉ុន្តែកីឡាករចូលរួមប្រកួតពិតប្រាកដសល់ត្រឹមតែជាង៣០នាក់ប៉ុណ្ណោះ ពីព្រោះមានបេក្ខជនខ្លះបានសុំដកខ្លួន និងខ្លះមិនមកចូលរួមប្រកួត។ ទាក់ទិននឹងបញ្ហានេះ លោកមិនបានដឹងពីមូលហេតុច្បាស់ឡើយ។
លោកបានបន្តថា ប្រភេទកីឡានេះប្រើរយៈពេល៣នាទីសម្រាប់មួយគូប្រកួត ប៉ុន្តែប្រសិនបើគូណាដែលវាយដៃគូយកបាន៥ពិន្ទុមុននឹងឈ្នះមិនចាំបាច់ដល់ពេលវេលាកំណត់ឡើយ។ ការប្រកួតបែងចែកជា៦ពូល ដោយមកពីក្លិបចំនួន ៥ រួមមាន HOSANA, SAMAKY, HYSA, SANTHOMOK និងNOREA ដែលបានចូលរួមប្រកួត។ គ្រប់កីឡាករក្នុងស្រុកដែលមានក្លិបហ្វឹកហាត់ត្រឹមត្រូវ និងជម្រើសជាតិកម្ពុជាសុទ្ធតែអាចចូលប្រកួតក្នុងកម្មវិធីនេះបាន លើកឡែងតែជនជាតិបរទេស និងកីឡាករគ្មានក្លិបហ្វឹកហាត់ ដែលមិនផ្ដល់សិទ្ធិឲ្យចូលរួមប្រកួត។
សម្រាប់កម្មវិធីប្រកួតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងពូល និងពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើវិញ្ញាសាបុរសឯកត្តជនដាវតូច និងនារីឯកត្តជនដាវធំ។ ចំណែកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ ប្រកួតក្នុងពូល និងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើវិញ្ញាសា បុរសឯកត្តជនដាវធំ។ ថ្ងៃទី៣០ ខែកញ្ញា វេលាម៉ោង ៩:០០ដល់ ១២:០០ប្រកួតក្នុងពូល លើវិញ្ញាសាបុរសក្រុមដាវធំ។ ចន្លោះពីម៉ោង ២រសៀលដល់ម៉ោង ៤វិញប្រកួតវិញ្ញាសាទាំង៤ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
ចំពោះរង្វាន់វិញរួមមានវិញ្ញាសាឯកត្តជន ជើងឯកទទួលបានទឹកប្រាក់ចំនួន១៥ម៉ឺនរៀល មេដាយមាសមួយគ្រឿង ជើងឯករងបាន១០ម៉ឺនរៀល មេដាយប្រាក់មួយគ្រឿង និងចំណាត់ថ្នាក់លេខ៣ទទួលបានប្រាក់៨ម៉ឺនរៀល មេដាយសំរឹទ្ធមួយគ្រឿង។ រីឯប្រកួតជាក្រុមវិញ ជើងឯកទទួលបានប្រាក់៦០ម៉ឺនរៀលមេដាយមាសម្នាក់មួយគ្រឿង ជើងឯករងទទួលបាន៤០ម៉ឺនរៀល និងមេដាយប្រាក់ម្នាក់មួយគ្រឿង ចំណាត់ថ្នាក់លេខ៣ទទួលបានប្រាក់៣២ម៉ឺនរៀល និងមេដាយសំរឹទ្ធម្នាក់មួយគ្រឿង។ ក្រៅពីនេះក៏មានប្រាក់ឧបត្ថម្ភលើកីឡាករក្នុងម្នាក់៤ម៉ឺនរៀល និងថ្លៃអាហារ ១៦០០០ រៀលក្នុងរយៈពេល ៣ថ្ងៃនៃកម្មវិធីប្រកួត៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា