• 2015-09-17 20:58:32
  • ព័ត៌មាន

សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​ប្រកាស​រៀបចំ​ការ​ប្រកួត​​​ជើង​ឯក​ជាតិ​​ឆ្នាំ​២០១៥

  • 2015-09-17 20:58:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា បាន​ធ្វើ​សន្និសីទ​កាសែត​ស្តីពី​រៀប​ចំ​​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ប្រចាំ​ឆ្នាំ​២០១៥​ នៅ​ទី​ស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​កាល​ពី​ព្រឹក​មិញ​នេះ ក្រោយ​ទទួល​បាន​ការ​ឯកភាព​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា​ដើម្បី​រៀប​ចំ​ការ​ប្រកួត​​​​ចាប់​ពី​ថ្ងៃ​ទី២៨ ដល់​ថ្ងៃ​ទី៣០ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ក្នុង​សាល​ដំបូល​ទូក​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

 

 

កម្មវិធី​ប្រកួត​របស់​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា នឹង​ធ្វើ​ឡើង​លើ៤​វិញ្ញាសា​គឺ បុរស​ឯកត្តជន​ដាវ​តូច បុរស​ឯកត្តជន​ដាវ​ធំ នារី​ឯកត្តជន​ដាវ​ធំ និង​នារី​ឯកត្តជន​ដាវ​តូច។ ចំណែក​អ្នក​ចូល​រួម​ប្រកួត​មាន​សរុប៤៨​នាក់ ដែល​ក្នុង​នោះ​មាន​កីឡាករ៤០​នាក់​ និង​កីឡា​ការិនី៨​នាក់។ សមាសភាព​អ្នក​ចូល​រួម​ឆ្នាំ​នេះ មាន​ការ​ថយ​ចុះ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន ព្រោះ​កីឡាករ-កីឡា​ការិនី​ភាគ​ច្រើន​ជា​សិស្ស​រៀន​ថ្នាក់​ទី៩ និង​ទី១២ ដែល​សុំ​ពេល​ឈប់​សម្រាក​ហាត់​ដើម្បី​ត្រៀម​ប្រលង។

 

លោក សុខ យ៉ានីមល អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា ​បាន​បញ្ជាក់​ថា សហព័ន្ធ​កីឡា​គុនដាវ​ហាក់​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ព្រោះ​ទើប​ទទួល​ស្គាល់​ពី​ក្រសួង​អប់រំ​ក្នុង​ឆ្នាំ​២០១២ ប៉ុន្តែ​បទពិសោធន៍​លើ​ឆាក​អន្តរជាតិ​មាន​ច្រើន។ យ៉ាង​ណា​ក្ដី លោក​សង្ឃឹម​ថា​ នឹង​អាច​ពង្រឹង​សមត្ថភាព​កីឡាករ-កីឡា​ការិនី ឲ្យ​ទាន់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ លោក​អគ្គលេខាធិការ​រូប​នេះ​បាន​អះ​អាង​ថា លោក​នឹង​ព្យាយាម​ផ្សព្វផ្សាយ​​ឲ្យ​យុវជន​នៅ​តាម​សាលា ឬ​សាកលវិទ្យាល័យ​នានា​ចូល​រួម​លេង​កីឡា​នេះ។ ​​​

 

 

ក្រៅ​ពី​មាន​ការ​សហការ​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា សហព័ន្ធ​ក៏​​ទទួល​បាន​​​ជំនួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ឯកជន​ធំ​ពីរ​ គឺ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង​ក្រុមហ៊ុន​ក្រមា ឬ​បង​ធំ​ដត​ខម ព្រម​ទាំង​​ក្រុមហ៊ុន Sabay សម្រាប់​រៀប​ចំ​ការ​ប្រកួត។ ជាង​នេះ​ទៅ​ទៀត លោក Steven Gargadannec ​ជា​អ្នក​ថត​រូប​ឯក​ទេស​មក​ពី​ប្រទេស​បារាំង បាន​ជួយ​សហការ​ក្នុង​ការងារ​ថត​រូប​ផង​ដែរ។ ​​

 

មក​ទល់​បច្ចុប្បន្ន​ សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា​បាន​ទទួល​ស្គាល់​ក្លឹប​សមាជិក​ចំនួន៧ ដែល​ក្លឹប​៦ នៅ​ភ្នំ​ពេញ មាន​ដូច​ជា​ក្លឹប HYSA, ក្លឹប​ហូសាណា, ក្លឹប HMM, ក្លឹប​សាលា​អន្តរជាតិ​ Zaman, ក្លឹប​អង្គការ​ស្នាម​ញញឹម​នៃ​កុមារ PSE, ក្លឹប​សាលា​អន្តរជាតិ CIA, ក្លឹប CCC និង​ក្លឹប​មួយ​ទៀត​ស្ថិត​ក្នុង​ខេត្ត​សៀមរាប​ឈ្មោះ​ក្លឹប​នរា។ ចំពោះ​កីឡាករ-កីឡា​ការិនី​ដែល​ជាប់​ឈ្មោះ​នៅ​ក្នុង​សហព័ន្ធ​មាន​សរុប ៦៥​នាក់ រាប់​បញ្ចូល​ទាំង​កីឡាករ-កីឡា​ការិនី​បរទេស​ផង៕

 

លោក សុខ យ៉ានិមល អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុនដាវ​កម្ពុជា

 

តំណាង​ក្រុមហ៊ុន​​ Sabay

 

 តំណាង​​ក្រុមហ៊ុន​ក្រមា ឬ​បង​ធំ​ដត​ខម

 

តំណាង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ 

 
 

​​​អត្ថបទ៖ គង់ វិសាល

មតិយោបល់