• 2015-08-05 17:50:12
  • ព័ត៌មាន

គួរ​ឲ្យ​ស្តាយ​ កីឡា​ការិនី​កម្ពស់​ខ្ពស់ ស៊ន ដាវីន ​លា​ឈប់​ពី​ជម្រើស​ជាតិ​ ​

  • 2015-08-05 17:50:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​ ស៊ន ដាវីន បាន​ដាក់​ពាក្យ​លា​ឈប់​​ទៅ​ខេមរៈ​សហព័ន្ធ​តេក្វាន់ដូ​​​ដើម្បីលា​ឈប់​ពី​ជម្រើស​ជាតិ​កម្ពុជា​​ បន្ទាប់​ពី​មិន​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​ការ​ប្រកួត​​លក្ខណៈ​អន្តរជាតិ​កន្លង​មក។

 

 

ស៊ន ដាវីន ​បាន​សរសេរ​លិខិត​លា​ឈប់​មួយ​ច្បាប់​ដែល​បាន​ផ្ញើ​ទៅ​ខេមរៈ​សហព័ន្ធ​តេក្វាន់ដូ​​ដើម្បី​ផ្តល់​ដំណឹង​ និង​លា​ឈប់​ពី​ជម្រើស​ជាតិ​ ​ពោល​គឺ​បន្ទាប់​ពី​កីឡា​ការិនី​ជម្រើស​ជាតិ​រូប​នេះ​បាន​វិល​ត្រឡប់​មក​ពី​ការ​ប្រកួត​កីឡា​សាកល​វិទ្យាល័យ​ពិភព​លោក​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ខេមរៈសហព័ន្ធ​តេក្វាន់ដូ​ក៏​បាន​ផ្តល់​ដំណឹង​នេះ​ទៅ​ដល់​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ដែរ។

 

​​​ប្រហែល​ជា​៣​​ឆ្នាំ​ចុង​ក្រោយ​នេះ​ ស៊ន ដាវីន​ មិន​ទទួល​បាន​លទ្ធផល​​ល្អ​​ពី​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ឡើយ។ កីឡា​ការិនី​រូប​នេះ​បាន​ឈ្នះ​មេដាយ​ប្រាក់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៣​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

 

បន្ទាប់​ពី​បាន​រៀប​ការ​ជា​មួយ​អ្នក​ប្រដាល់​ វ៉ន វីវ៉ា ​ហើយ​ ​កីឡា​ការិនី​កម្ពស់​ខ្ពស់​រូប​នេះ​កាន់​តែ​មាន​អារម្មណ៍​នឿយណាយ​ចំពោះ​អាជីព​កីឡា។ ក្រោយ​ពេល​ប្រកួត​នៅ​ប្រទេស​ខាង​ត្បូង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដាវីន​ បាន​និយាយ​ថា ៖«ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្មាស​ប្រទេស​កំណើត​ខ្លួន​ឯង​ណាស់​ នេះ​មិន​មែន​ជា​ការ​ប្រកួត​យក​បទ​ពិសោធន៍​ទៀត​ទេ​ គឺ​ការ​ដណ្ដើម​យក​មេដាយ​ ប៉ុន្តែ​ខ្ញុំ​ធ្វើ​មិន​បាន​ ខ្ញុំ​ចាញ់​ហើយ​បង​ប្អូន​ ខ្ញុំ​គ្មាន​សមត្ថភាព​ទេ​ (​ជា​មួយ​ម្ចាស់​ផ្ទះ​កូរ៉េ​ពិន្ទុ​1​5​ទល់​នឹង​9)​ សុំ​ទោស​ផង»។

 

ក្នុង​អាជីព​កីឡា​តេក្វាន់ដូ ស៊ន ដាវីន ​​បាន​ចាប់​ផ្តើម​ហ្វឹក​ហាត់​កីឡា​តេក្វាន់ដូ​ក្លឺប​អូឡាំពិក​ក្នុង​ ឆ្នាំ​២០០៦​ ហើយ​បាន​ជាប់​ជា​​កីឡា​ការិនី​ ជម្រើស​ជាតិ​ឆ្នាំ​២០០៧។ កីឡា​ការិនី​រូប​នេះ​ជា​អតីត​សិស្ស​វិទ្យាល័យ​ឫស្សី​កែវ​ និង​បញ្ចប់​ការ​សិក្សា​មធ្យម​សិក្សា​ ទុតិយ​ភូមិ​២០១១។ បន្ទាប់​មក​ ដាវីន​បាន​ប្រឡង​ជាប់​ជា​គ្រូ​កីឡា​ ហើយ​បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រូ​កីឡា​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាល​ពី​ ខែ​មិថុនា ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ។

 

សង្ខេប​ការ​ប្រកួត និង​លទ្ធផល -ឆ្នាំ២០០៧ ប្រកួត  KOREAN OPEN នៅ​ទី​ក្រុង​ សេអ៊ូល ទទួល​បាន​មេដាយ​មាស​១​ -ឆ្នាំ២០០៨​ ប្រកួត​ KOREAN​ OPEN​ ទទួល​បាន​មេដាយ​ប្រាក់​១​ -ឆ្នាំ២០០៩ ប្រកួត​ ASEAN​ CHAMPIONSHIPS VIETNAM ទទួល​បាន​មេដាយ​សំរឹទ្ធិ​១ -ឆ្នាំ២០១០​ ប្រកួត​ KOREAN OPEN ទទួល​បាន​មេដាយ​មាស​១ និង​ប្រាក់​១​ -ឆ្នាំ​២០១០ ចូល​រួម​ប្រកួត​កីឡា​ ASEAN​ Games ពុំ​ទទួល​បាន​លទ្ធផល​ -ឆ្នាំ ២០១១​ ប្រកួត​ ASEAN CHAMPIONSHIPS នៅ​កម្ពុជា​ទទួល​បាន​មេដាយ​មាស​១ -ឆ្នាំ ២០១១ ប្រកួត​កីឡា​ស៊ីហ្គេម​ (SEA Games) នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ទទួល​បាន​មេដាយ​ប្រាក់​១​ -ឆ្នាំ​២០១១​ ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​វគ្គ​ជម្រុះ​ សម្រាប់​កីឡា​អូឡាំពិក​នៅ​ប្រទេស​ថៃ​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤ ហើយ​ត្រូវ​បាន​ទទួល​សិទ្ធិ​ដែល​ហៅ​ថា​ Wild Card​ ទៅ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​លើក​ទី​៣០​ នៅ​ទី​ក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស។ -ឆ្នាំ ២០១៣ ​ប្រកួត​កីឡា​ស៊ីហ្គេម​ (SEA Games) នៅ​ប្រទេស​មីយ៉ាន់ម៉ា​ទទួល​បាន​មេដាយ​ប្រាក់​១

 

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​

មតិយោបល់