• 2015-07-03 20:29:07
  • ព័ត៌មាន

ចែក​រង្វាន់​ដល់​កីឡាអត្តពលកម្ម​និស្សិត​ឧត្ដមសិក្សា​

  • 2015-07-03 20:29:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ទូទាំង​ប្រទេស​ក្រប​ខណ្ឌ​និស្សិត​ឧ​ត្ត​ម​សិក្សា និង​មធ្យម​សិក្សា​បច្ចេកទេស​ប្រចាំ​ឆ្នាំ​សិក្សា​២០១៤-២០១៥ លើ​ប្រភេទ​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ និង​អត្តពលកម្ម ដែល​បាន​ចាប់​ផ្ដើម​តាំងពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា​នោះ មកដល់ពេលនេះ​បាន​បញ្ចប់ ​និង​ចែក​រង្វាន់​លើ​ប្រភេទ​កីឡាអត្តពលកម្ម។

 

​  ជា​មួយ​នឹង​ការ​បញ្ចប់​នេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត និង​ក្រុមហ៊ុន​ស្រា​បៀរ​អង្គរ ដែល​ជា​ដៃគូ​ឧបត្ថម្ភ​ក្នុង​ព្រឹត្តិការណ៍​កីឡា​និស្សិត​នេះ បាន​ធ្វើ​ពិធី​ប្រគល់​រង្វាន់​ដល់​អត្តពលិក​ដែល​បាន​ទទួល​ជ័យ​លាភី​នៅ​ក្នុង​ការប្រកួត។   ពិធី​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០១៥ នៅ​ក្នុង​វិមាន​ពហុកីឡាដ្ឋាន​ជាតិ ដោយមាន​ការចូលរួម​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក ព្រំ ប៊ុណ្ណ​យី អគ្គនាយករង​ អគ្គនាយកដ្ឋាន​កីឡា និង​តំណាង​ក្រុមហ៊ុន​ស្រា​បៀរ​អង្គរ។​ គួរ​បញ្ជាក់​ថា ការ​ផ្ដល់​រង្វាន់​ថវិកា ភេសជ្ជៈ និង​អាវ របស់​ក្រុមហ៊ុន​ស្រា​បៀរ​អង្គរ​នេះ គ្រាន់តែ​ជា​រង្វាន់​បន្ថែម​លើ​រង្វាន់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ប៉ុណ្ណោះ។ ​  ចំពោះ​លទ្ធផល​ក្នុង​ប្រភេទ​កីឡាអត្តពលកម្ម​នេះ លើ​វិញ្ញាសា​រត់​ល្បឿន​១០០​ម៉ែត្រ បុរស ចំណាត់​ថ្នាក់​លេខ​១ កីឡាករ​ ង៉ែត ភា​រ័ត្ន វិទ្យាស្ថាន​អប់រំ​កាយ​ និង​កីឡា រត់​ក្នុង​ថិរវេលា​១០​វិនាទី​៨៣ លេខ​២ កីឡាករ​ ប៉ែន សុ​គង់ សកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ថិរវេលា​១១​វិនាទី​១៨ និង​លេខ​៣​កីឡាករ​យាំ ភា​រិ​ន សកលវិទ្យាល័យ​វេ​ស្ទើ​ន ថិរវេលា​១១​វិនាទី​៦៤។​   រត់​ល្បឿន​១០០​ម៉ែត្រ នារី ចំណាត់ថ្នាក់​លេខ​១ កីឡា​ការិនី ចាន់ សីហា រត់​ថិរវេលា​១៣​វិនាទី​៦៧ លេខ​២ កីឡា​ការិនី ​ម៉ៅ ម៉ូ​នី​តា ថិរវេលា​១៤​វិនាទី​៥៣។ កីឡា​ការិនី​ទាំងពីរ​រូប​នេះ​មកពី​សកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​ជាមួយគ្នា។   វិញ្ញាសា​លោត​កម្ពស់​បុរស ចំណាត់ថ្នាក់​លេខ​១ កីឡាករ រ័ត្ន សុជាតិ សកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប លោត​បាន​១,៧៥​ម៉ែត្រ និង​លេខ​២ កីឡាករ ហែម រម្យទម សកលវិទ្យាល័យ​ន័​រ​តុ​ន លោត​បាន​១,៥៥​ម៉ែត្រ។ ឯ​លោត​កម្ពស់​នារី​វិញ ចំណាត់ថ្នាក់​លេខ​១ កីឡា​ការិនី​ ម៉ៅ ម៉ូ​នី​តា សកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប លោត​បាន​១,៤០​ម៉ែត្រ និង​លេខ​២ កីឡា​ការិនី ហោ ស្រីអូន វិទ្យាស្ថាន​អប់រំ​កាយ ​និង​កីឡា​លោត​បាន​១,២៥​ម៉ែត្រ។​   សម្រាប់​វិញ្ញាសា​លោត​ចម្ងាយ បុរស ចំណាត់ថ្នាក់​លេខ​១ កីឡាករ ​ង៉ែត ភា​រ័ត្ន វិទ្យាស្ថាន​អប់រំ​កាយ ​និង​កីឡា លោត​បាន​៦,០៧​ម៉ែត្រ និង​លេខ​២ កីឡាករ​ យាំ ភា​រិ​ន សកលវិទ្យាល័យ​វេស្ទើ​ន ៥,៩០​ម៉ែត្រ។ លោត​ចម្ងាយ​នារី ចំណាត់ថ្នាក់​លេខ​១ កីឡា​ការិនី ចាន់ សីហា លោត​បាន​៤,៤៤​ម៉ែត្រ និង​លេខ​២ កីឡា​ការិនី គឺ​ន សុគន្ធា ៤,០២​ម៉ែត្រ ដែល​កីឡា​ការិនី​ទាំងពីរ​រូប​នេះ​មកពី​សកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​ជាមួយគ្នា។   វិញ្ញាសា​ចោល​ដុំ​ដែក​បុរស ចំណាត់ថ្នាក់​លេខ​១ កីឡាករ ហេង វុទ្ធី សកលវិទ្យាល័យ​វេ​ស្ទើ​ន ចោល​បាន​១១,៤៦​ម៉ែត្រ លេខ​២ កីឡាករ ​ច​ន ចាន់​ឌុ​ក មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ហ៊ុនសែន​ព្រៃវែង​៩,៥២​ម៉ែត្រ។ ចំណែក​ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​១ កីឡា​ការិនី​ ធឿន ម៉ា​រី​ណែ​ត សកលវិទ្យា​ល័យ​វេ​ស្ទើ​ន ចោល​បាន​៩,៥៣​ម៉ែត្រ និង​លេខ​២​កីឡា​ការិនី សំរិទ្ធ សូ​នី​តា សកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​៩.២៧​ម៉ែត្រ។   ចំពោះ​វិញ្ញាសា​រត់​ចម្ងាយ​៥.០០០​ម៉ែត្រ បុរស ចំណាត់ថ្នាក់​លេខ​១ កីឡាករ​ ម៉ា វី​រ៉ូ សកល​វិទ្យាល័យ​វេ​ស្ទើ​ន រត់​ថិរវេលា​១៦​នាទី​០៩​វិនាទី​៩៩ លេខ​២ កីឡាករ​ ផាន សុភ័ក្ត្រ វិទ្យាស្ថាន​អប់រំ​កាយ និង​កីឡា ថិរវេលា​១៦​នាទី​៥៦​វិនាទី​២៥ និង​លេខ​៣​កីឡា​ករ​ ហែម ប៊ុន​ទីង សកលវិទ្យាល័យ​ធនធានមនុស្ស ថិរវេលា​១៧​នាទី​៤២​វិនាទី​១៨។   ចំពោះ​ការ​រត់​៣.០០០​ម៉ែត្រ​នារី ចំណាត់ថ្នាក់​លេខ​១ កីឡា​ការិនី​ ហេង ម៉េង​ជូ វិទ្យាស្ថាន​អប់រំ​កាយ​ និង​កីឡា ថិរវេលា​១២​នាទី​១២​វិនាទី​៦១ លេខ​២ កីឡា​ការិនី​ ហោ ស្រីអូន វិទ្យាស្ថាន​អប់រំ​កាយ​និង​កីឡា ថិរវេលា​១៤​នាទី​២២​វិនាទី​០៧ និង​លេខ​៣ កីឡា ការិនី​ឈុំ បុប្ផា​រ៉​ន សកលវិទ្យាល័យ​វេ​ស្ទើ​ន ថិរវេលា​១៥​នាទី​២៤​វិនាទី​០៦៕   អត្ថបទ៖ ម៉ឺន រស្មី

មតិយោបល់