• 2015-06-29 18:08:16
  • ព័ត៌មាន

កីឡា​ពាន​រង្វាន់​​​ឧត្តម​សិក្សានិង​​មធ្យម​​សិក្សា​ឆ្នាំ​២០១៥ ​​កំពុង​តែ​មមាញឹក​ប្រកួត

  • 2015-06-29 18:08:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​​​និស្សិត​ឧត្ដម​សិក្សា​និង​មធ្យម​សិក្សា​ប្រចាំ​ឆ្នាំ​២០១៥ កំពុង​តែ​មមាញឹក​ក្នុង​ការ​ប្រកួត​លើ​វិញ្ញាសា​ បាល់ទាត់ បាល់ទះ បាល់បោះ និង អត្តពលកម្ម នៅ​តាម​ទីលាន​សំខាន់ៗមួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។

 

 

យោង​តាម​ទិន្នន័យ​ទទួល​បាន​មក​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នៅ​ឆ្នាំ​មាន​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ និង​មធ្យម​សិក្សា​ចំនួន​ ២៣ បាន​បញ្ជូន​ក្រុម​កីឡា​របស់​ខ្លួន​​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​​នេះ ដែល​ចាប់​ដំណើរ​ការ​ជា​ផ្លូវការ​ពី​ថ្ងៃ​ទី ២៧ មិថុនា ដល់ ៥ កក្កដា ឆ្នាំ ២០១៥។

 

សម្រាប់​​វិញ្ញាសា​បាល់ទាត់​​មាន​ក្រុម​ចូលរួម​ចំនួន ២០ ក្រុម​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​​នៅ​លើ​ទីលាន ៤ មាន​ទីលាន​បាល់ទាត់​វិទ្យាស្ថាន​អប់រំកាយ​និង​កីឡា ទីលាន​វិទ្យាល័យ​ជាស៊ីម​បឹងកេងកង ទីលាន​វិទ្យាល័យ​​ហ៊ុនសែន​ជម្ពូវ័ន្ត និង ទីលាន​ស្មៅ​សិប្បនិមិត្ត​វេស្ទើន។ រី​ឯ​ការ​ប្រកួត​បាល់ទះ​​មាន​ក្រុម​ចូល​​បុរស​១១​ក្រុម ​និង​ក្រុម​បាល់ទះ​នារី​៦ក្រុមនឹង​ធ្វើ​ឡើង​នៅ​ទីលាន​​វិទ្យាស្ថាន​អប់រំកាយ​និង​កីឡា ទីលាន​សាលា​បឋមសិក្សា​ទួលគោក និង ទីលាន​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​​អត្តពលកម្ម​ត្រូវ​ប្រកួត​នៅ​ទីលាន​​វិទ្យាស្ថាន​អប់រំកាយ​និង​កីឡា។ ចំណែក​បាល់បោះ​មាន​ក្រុម​បុរស​៧​ក្រុម បាល់បោះ​នារី​ ៦​ក្រុម​ នឹង​ធ្វើ​ឡើង​នៅ​ទីលាន​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ និង​ទីលាន​ក្នុង​បរិវេណ​ខាង​ត្បូង​ពហុ​កីឡដ្ឋាន​ជាតិ។

 

លោក ដួង មាសចំរើន តំណាង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ប្រាប់​ថា៖ «បើ​ធៀប​នឹង​ឆ្នាំ​មុន នៅ​ឆ្នាំ​នេះ​​មាន​ក្រុម​ចូលរួម​ប្រហាក់ប្រហែល​គ្នា ប៉ុន្ដែ​កម្រិត​បច្ចេកទេស​កើន​ឡើង​មួយ​កម្រិត​ទៀត ជា​ពិសេស​ក្រុម​បាល់ទាត់»។ លោក​ថា​សម្រាប់​ក្រុម​ជើង​ខ្លាំង​ក្នុង​ព្រឹត្តិការណ៍​នេះ​ក៏​ត្រូវ​ជ្រើស​យក​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ផង​ដែរ៕

 

អត្ថបទ៖ ម៉ឺន រស្មី

មតិយោបល់