- 2015-06-02 17:49:14
- ព័ត៌មាន
គ្រូបង្វឹកជម្រើសជាតិ បង្ហាញពីថេរវេលារបស់ អត្តពលកម្ម ទៅស៊ីហ្គេម
- 2015-06-02 17:49:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹកជម្រើសជាតិ បង្ហាញពីថេរវេលារបស់ អត្តពលកម្ម ទៅស៊ីហ្គេម
ចន្លោះមិនឃើញ
គ្រូបង្វឹកកីឡារត់ប្រណាំងជម្រើសជាតិកម្ពុជាបានបង្ហាញពីថេរវេលានៃល្បឿនរត់របស់ក្រុមកីឡាករជម្រើសជាតិកម្ពុជាដែលត្រៀមចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ២៨ នៅប្រទេសសិង្ហបុរី។
លោក ផៃ សុខ គ្រូបង្វឹកកីឡាករអត្តពលកម្មកម្ពុជាបានឲ្យដឹងថា លោកបានប្រឹងប្រែងបង្ហាត់កីឡាករទាំងអស់ឲ្យល្អបំផុតតាមដែលអាចធ្វើទៅបាន និងព្យាយាមជំរុញទឹកចិត្តរបស់ពួកគេឲ្យប្រឹងប្រែងក្នុងការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដើម្បីឲ្យប្រទេសកម្ពុជាអាចទទួលបានមេដាយ ទោះមិនសង្ឃឹមខ្ពស់ក៏ដោយ។ អត្តពលកម្មដែលត្រៀមខ្លួនចេញទៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ នេះមានចំនួន ៥ នាក់គឺ គាង សាម៉ន, ង៉ែត ភារដ្ឋ, ម៉ាវីរ៉ូ ,ផាន សុភ័ក្រ្ត និងកីឡាករកូនកាត់ខ្មែរ -ជប៉ុន តាគី សាគី គូនីញ៉ាគី ។
គ្រូបង្ហាត់រូបនេះបានបញ្ជាក់ថា កីឡាករអត្តពលកម្មកម្ពុជាដែលត្រូវចេញទៅលើកនេះពួកគេ មានកម្រិតបច្ចេកទេសល្អអាចប្រកួតប្រជែងនឹងប្រទេសដទៃបានហើយ ដោយកីឡាករគាង សាម៉ន រត់បានចម្ងាយ ៨០០ ម៉ែត្រប្រើថេរវេលា ១ នាទី ៥៥ វិនាទី, ង៉ែត ភារដ្ឋ រត់បានចម្ងាយ ១០០ ម៉ែត្រ និង ២០០ ម៉ែត្រដោយ ប្រើថេរវេលា២៣.៧៨វិនាទី, ម៉ាវីរ៉ូ រត់បានចម្ងាយ ៥០០០ ម៉ែត្រ ប្រើថេរវេលា ១៦ នាទី ២៤ វិនាទី និងរត់ម៉ារ៉ាតុង ប្រើថេរវេលា ២ ម៉ោង ៤៤ នាទី, ផាន សុភ័ក្ត្រ រត់ចម្ងាយ៥០០០ម៉ែត្រ ប្រើពេល ១៧ នាទី ១៧ វិនាទី និង កីឡាករកូនកាត់ខ្មែរ -ជប៉ុន រត់ម៉ារ៉ាតុង ប្រើពេល ២ ម៉ោង ២៧ នាទី ។ ការដឹងច្បាស់ពីថេរវេលានៃល្បឿនរត់របស់កីឡាករម្នាក់ៗគឺជាផ្នែកមួយដែលប្រៀបធៀបនឹងកីឡាកររបស់ប្រទេសផ្សេងៗ ហើយត្រៀមខ្លួនដើម្បីប្រកួតប្រជែង។
ជាមួយគ្នានោះដែរកីឡាករ គាង សាម៉ន ថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ទោះមិនមានសង្ឃឹមខ្ពស់ក្នុងការទទួលបានមេដាយក៏ដោយ។ ក្រុមកីឡាករអត្តពលកម្មកម្ពុជានឹងធ្វើដំណើរចេញទៅ ប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៥៕
ខាងក្រោមជាវីដេអូពីការតាំងចិត្តរបស់គ្រូបង្វឹក ផៃ សុខ និងកីឡាករ គាង សាម៉ន
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា