• 2015-05-07 15:23:25
  • ព័ត៌មាន

ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​ឆ្នាំ​នេះ​​​ គ្រាន់​តែ​ឃើញ​​ផ្លូវ ចង់​ចូល​រួម

  • 2015-05-07 15:23:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​រត់​ប្រណាំង​ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​លើក​ទី​៥ ឆ្នាំ​២០១៥ ​​នឹង​ចាប់​ផ្តើម​នៅ​​​ចុង​ខែ​ឧសភា​នេះ​ហើយ​នៅមុខ​ព្រះ​បរម​រាជ​វាំង​ដែល​​ផ្លូវ​សម្រាប់​រត់​គឺ​នៅ​តាម​មាត់​ទន្លេ​ ​បណ្តោយ​ផ្លូវ​ព្រះ​​សុធារស​ឆ្លង​​កាត់​ស្ពាន​ជ្រោយ​ចង្វារ​ ​​និង​​ទៅ​​ត្រើយ​ម្ខាង​។

 

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​រៀប​ចំ​រត់​ប្រណាំង​ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​នៅ​ទី​ស្នាក់​ការ NOCC​ ​កាល​ពី​ម្សិល​មិញ​ថា ការ​រៀប​ចំ​​រត់​ប្រណាំង​ភ្នំពេញ​​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​លើក​ទី​៥​​នេះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា នៅ​រាជ​ធានី​ភ្នំពេញ។

 

សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​ពិត​ជា​សំខាន់​ណាស់​ដោយ​​បង្កប់​អត្ថន័យ៥​យ៉ាង​គឺ​ទី​មួយ​​ដើម្បី​អបអរសាទរ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​សម្តេច​ព្រះ​អគ្គមហេសី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ។ ទី​ពីរ​ដើម្បី​អបអរ​សាទរ​ទិវា​អូឡាំពិក​លើក​ទី​១២១ ទី​បី​​រត់​ដើម្បី​ទី​ក្រុង​ស្អាត ទី​បួន​រត់​ដើម្បី​ប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរ​​​ពេទ្យ​​គន្ធបុប្ផា និង​ទី​​ប្រាំ​​គឺ​រត់​ដើម្បី​ជំរុញ​វិស័យ​កីឡា​ឲ្យ​ផុលផុស​ដល់​មហាជន​ទូទៅ។

 

លោក​អគ្គលេខាធិការ​បាន​លើក​ឡើង​ទៀត​ថា សម្រាប់​ការ​រៀប​ចំ​លើក​ទី​៥​នេះ​រឹត​តែ​ពិសេស​ និង​អធិកអធម​ជាង​ឆ្នាំ​កន្លង​ទៅ។ «ឆ្នាំ​​នេះ​នឹង​សប្បាយ​ជាង​ឆ្នាំ​មុន គ្រាន់​តែ​ឃើញ​ផ្លូវ​រត់ ដឹង​ថា​ចង់​ចូល​រួម ​ព្រោះ​​យើង​រៀប​ចំ​ផ្លូវ​សម្រាប់​រត់​ពិសេស​ជាង​ឆ្នាំ​មុន​ៗ​ពោល​គឺ​រត់​ពី​មុខ​វាំង​ទៅ​វិមាន​ឯករាជ្យ បន្ត​ទៅ​​តាម​​មហាវិថី​ព្រះ​នរោត្តម​ឆ្ពោះ​ទៅ​វត្តភ្នំ​ បន្ត​​ឆ្លង​ស្ពាន​ជ្រោង​ចង្វារ​ចាស់ ទៅ​ត្រើយ​ម្ខាង​ បត់​​ស្តាំ​​​​តាម​មាត់​ទន្លេ​ទៅ​​​​សណ្ឋាគារ​សុខា បត់​ទៅ​តាម​ទន្លេ​មេគង្គ និង​មក​ឆ្លង​ស្ពាន​ជ្រោយ​ចង្វារ​ថ្មី​វិញ​ ហើយ​រត់​មក​តាម​មាត់​ទន្លេ​​រហូត​​​ទៅ​ដល់​​កោះ​ពេជ្រ មុន​ពេល​ត្រឡប់​មក​ទី​ផ្តាច់​ព្រ័ត្រ​នៅ​មុខ​វាំង»។

 

លោក​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង​នេះ​ពិត​ជា​សំខាន់​​សម្រាប់​ប្រទេស​នីមួយ​ៗ​​នៅ​លើ​សាកល​លោក ប៉ុន្តែ​ប្រជា​ជន​កម្ពុជា​​នៅ​មិន​ទាន់​យល់​ដឹង​​បាន​ទូលំទូលាយ​នៅ​ឡើយ​ទេ​អំពី​ការ​រត់​ម៉ារ៉ាតុង។ ប្រទេស​ដែល​ពេញ​និយម​ខ្លាំង​ខាង​រត់​ម៉ារ៉ាតុង​គឺ​នៅ​ជប៉ុន និង​សហរដ្ឋ​អាមេរិក​ដែល​គ្រប់​ខេត្ត​ ក្រុង​ទាំង​អស់​របស់​គេ​គឺ​រៀប​ចំ​រត់ម៉ារ៉ាតុង​រាល់​ឆ្នាំ​ ហើយ​ពល​រដ្ឋ​របស់​គេ​ចូល​រួម​រាប់​ម៉ឺន​នាក់ និង​រក​ប្រាក់​ចំណូល​បាន​រាប់​លាន​ដុល្លារ។​

 

លោក​ថា ៖«នៅ​ប្រទេស​គេ ពល​រដ្ឋ​របស់​គេ​ត្រៀម​ខ្លួន​រាប់​ខែ​មុន​ដើម្បី​ចូល​រួម ដូច​ជា​នៅ​ជប៉ុន​ជា​ដើម​ ​ពេល​រត់​ម៉ារ៉ាតុង​ម្តង​ៗ​ មាន​អ្នក​ចូល​រួម​៤​ទៅ​៥​ម៉ឺន​នាក់ អីចឹង​ហើយ​បាន​ជា​ពលរដ្ឋ​ជប៉ុន​មាន​អត្រា​អាយុ​វែង​ច្រើន សុខភាព​ល្អ​  ព្រោះ​រត់​​ជួយ​ដល់​សុខភាព​ច្រើន»។

 

លោក​បាន​ប្រាប់​ថា គិត​ត្រឹម​សប្តាហ៍​នេះ មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​រត់​ភ្នំពេញ​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​លើក​ទី​៥​​​ចំនួន​១២៥០​​នាក់​ហើយ​ក្នុង​នោះ​ជន​បរទេស​ចំនួន​១៥០​នាក់ ហើយ​លោក​សង្ឃឹម​ថា នឹង​មាន​អ្នក​ចូល​រួម​ជាង​៥​ពាន់​នាក់ ខណៈ​ឆ្នាំ​២០១៤​កន្លង​ទៅ​មាន​អ្នក​ចូល​រួម​ប្រហែល​៤​ពាន់​នាក់​ប៉ុណ្ណោះ។

 

 

ទោះ​បី​ជា​យ៉ាង​ណា ​ប្រាក់​រង្វាន់​សម្រាប់​ជយលាភី​ឆ្នាំ​នេះ​​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន​ ពី​ព្រោះ​ដើម្បី​សន្សំ​ប្រាក់​សម្រាប់​ជួយ​ដល់​មន្ទីរ​ពេទ្យ​​គន្ធបុប្ផា។ ​​​វិញ្ញាសា​២១​គីឡូម៉ែត្រ ជយលាភី​លេខ​១​ទទួល​បាន​ប្រាក់​៣០០​ដុល្លារ លេខ​២​ទទួល​បាន​​២០០​ដុល្លារ លេខ​៣​ទទួល​បាន​១០០​ដុល្លារ។ វិញ្ញាសា​១០​គីឡូម៉ែត្រ​ លេខ​១​ទទួល​បាន​២០០​ដុល្លារ លេខ​២​ទទួល​បាន​១០០​ដុល្លារ លេខ​៣​ទទួល​បាន​៥០​ដុល្លារ និង​វិញ្ញាសា​៣​គីឡូម៉ែត្រ​​​ទទួល​បាន​រង្វាន់​ជា​សម្ភារៈ។

​ រហូត​ដល់​ពេល​នេះ លោក​អ្នក​នៅ​តែ​អាច​ចុះ​ឈ្មោះ​​ចូល​រួម​​រត់​កម្សាន្ត​​​បានគឺ​នៅ​ទី​ស្នាក់​ការ NOCC នៅ​គ្រប់​សាខា Chatime នៅ​ Cellcard ​និង​តាម​អនឡាញ www.phnompenhmarathon.org  ឬ តាម​ទូរសព្ទ ០១៧ ៩១១ ១៥២ និង ០១៥ ៨២២ ៥៦៦៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​​​

មតិយោបល់