- 2015-05-05 18:14:27
- បាល់ទាត់
Tevez៖ ប៉ះ Real ជាការប្រកួតដ៏តានតឹង ប៉ុន្តែ Juventus សង្ឃឹមឈ្នះ
- 2015-05-05 18:14:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tevez៖ ប៉ះ Real ជាការប្រកួតដ៏តានតឹង ប៉ុន្តែ Juventus សង្ឃឹមឈ្នះ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Carlos Tevez របស់ក្រុម Juventus ជឿថាការប៉ះ Real Madrid ក្នុងការប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១នៅយប់នេះ គឺជារឿងដ៏លំបាកមួយ ប៉ុន្តែកីឡាករវ័យ៣១ឆ្នាំ នៅតែជឿថាក្រុមសេះបង្កង់នឹងអាចទទួលជ័យជម្នះ ដោយសារកម្លាំងចិត្តសាមគ្គីក្នុងក្រុម។
កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ បាននិយាយថា៖ "វាជាការប្រកួតដ៏តានតឹងមួយ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ហើយក៏គ្មានក្រុមណាមានប្រៀបជាងក្រុមណាដែរ ប៉ុន្តែបើក្រុមណា ពុំសូវមានកំហុសនឹងឈ្នះក្នុងការប្រកួតនេះ។ ខ្ញុំជឿលើអ្នកចាត់ការ និងមិត្តរួមក្រុមរបស់ខ្ញុំ។ ពួកគេធ្វើឲ្យខ្ញុំ មានអារម្មណ៍ថាខ្ញុំជាមនុស្សសំខាន់។ ក្រុមរបស់យើងមានកម្លាំងចិត្តសាមគ្គីគ្នាល្អ ដែលធ្វើឲ្យយើង តែងតែឈ្នះស្ទើរតែរាល់ការប្រកួត"។
Tevez ជឿថាតារាឆ្នើម ខ្សែបម្រើ Arturo Vidal នឹងអាចសហការគ្នាបានល្អ ជួយឲ្យក្រុមម្ចាស់ជើងឯកអ៊ីតាលី បំបាក់ក្រុមខ្លាំងអេស្ប៉ាញបាន ហើយលោកក៏ចង់ជួបជាមួយនឹងអតីតមិត្តរួមក្រុម Manchester United, Cristiano Ronaldo នៅយប់នេះផងដែរ។
“Vidal គឺជាកីឡាករដ៏មុតស្រួចម្នាក់ និងមានទំនុកចិត្តខ្លាំង ដូច្នេះខ្ញុំសង្ឃឹមថា យើងរួមគ្នាទាំងអស់គ្នានឹងអាចយកជ័យជម្នះបាន។ ខ្ញុំនឹងជួប Cristiano នៅមុនប្រកួត និងជជែកលេងជាមួយគាត់ខ្លះៗ ប៉ុន្តែយើងទាំងពីរ នឹងក្លាយជាសត្រូវនឹងគ្នា ពេលដែលការប្រកួតចាប់ផ្ដើម”។ ខ្សែប្រយុទ្ធលេខ១០រូបនេះ និយាយ។
Tevez គឺជា Key Player ដ៏សំខាន់របស់ Juventus នៅរដូវកាលនេះ ហើយខ្សែប្រយុទ្ធរូបនេះ រកគ្រាប់បញ្ចូលទីបាន ២៨គ្រាប់ហើយ ក្នុងការបង្ហាញខ្លួនសរុប៤២ប្រកួត និងបានជួយឲ្យសេះបង្កង់ លើកពាន Serie A ជាស្វ័យប្រវត្តិ លើក្រុមលេខ២ Roma ដល់ទៅ១៥ពិន្ទុ៕
ចាំមើលថា យប់នេះ Tevez អាចស៊ុតក្រុម Real Madrid បាន ឬអត់?
-ចុចអាន៖ ដឹងអត់ថាហេតុអ្វី Tevez ចូលចិត្តបៀមក្បាលដោះពេលទាត់ចូល?
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ goal.com