- 2015-04-28 16:25:20
- ព័ត៌មាន
បង្កើតសហព័ន្ធបាញ់កាំភ្លើងឡើងវិញ ក្រោយអសកម្មរយៈពេលវែង
- 2015-04-28 16:25:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្កើតសហព័ន្ធបាញ់កាំភ្លើងឡើងវិញ ក្រោយអសកម្មរយៈពេលវែង
ចន្លោះមិនឃើញ
ក្រោយអស់អាណត្តិលែងដំណើរការតាំងពីឆ្នាំ ២០០៨ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានបង្កើតឡើងជាផ្លូវការវិញ ពោលគឺប្រើប្រាស់ក្បាលម៉ាស៊ីនថ្មីទាំងអស់ និង ចាប់ផ្ដើមពីអាណត្តិទី១ ទៅវិញពីឆ្នាំ ២០១៤ – ២០១៨។
ថ្នាក់ដឹកនាំថ្មីរបស់សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា
លោក មៀច សុផាន់ណា ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានតែងតាំងជាប្រធានសហព័ន្ធនៅអាណត្តិដំបូងនេះ ស្របពេល លោក ចាប ភក្ដី, លោក ប៊ុត សុភាព, លោក វ៉ាត់ ចំរើន, លោក នុត សវនា ជាអនុប្រធាន។ លោក ប៊ុយ សុភ័ណ្ឌ ជាអគ្គលេខាធិការ លោក ម៉ៅ សូវង្ស, លោក វុត្ថា ប៉ុណ្ណារិទ្ធ, មៀច សុវិសាល ជាអគ្គលេខាធិការរង ហើយលោក ខៃ វណ្ណៈ ជាអគ្គហេរញ្ញិក។ លោក លីវ សុផាណារិទ្ធិ, លោក សុខ សង្វា, លោក អ៊ិន សាវុធ,លោកស្រី ស៊ំ សុខា និង លោក សុខ សារុំ ជាសមាជិក។
តាមពិតសហព័ន្ធមួយនេះធ្លាប់បង្កើតនិងដំណើរការតាំងពីឆ្នាំ ១៩៩៤ ហើយលែងដំណើរការវិញនៅឆ្នាំ ២០០៨។ ក្នុងសម័យកាលនោះសហព័ន្ធធ្លាប់បានបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាបាញ់កាំភ្លើងថ្នាក់តំបន់អាស៊ាន និង ស៊ីហ្គេម ផងដែរ ព្រមទាំងនាំមេដាយសំរឹទ្ធត្រឡប់មកវិញ មិនតិចជាង ១០ គ្រឿងនោះទេ។
លោក ប៊ុយ សុភ័ណ្ឌ ជាអគ្គលេខាធិការ បានលើកឡើងថា ក្នុងថ្ងៃមហាសន្និបាតរបស់សហព័ន្ធនៅរសៀលថ្ងៃទី ២៧ ខែ មេសា ម្សិលមិញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថាកិច្ចប្រជុំនៅថ្ងៃដំបូងនេះគឺ តែងតាំងនិងជ្រើសរើសរចនាសម្ព័ន្ធ និង អនុមតិលក្ខន្តិកៈរបស់សហព័ន្ធ។
លោក មៀច សុផាន់ណា រំពឹងថាសហព័ន្ធរបស់លោកនឹងអាចមានសក្ដានុពលឡើងវិញ ក្រោយរៀបចំជ្រើសរើសកីឡាហ្វឹកហាត់បានត្រឹមត្រូវ ជាពិសេសអាចបង្ហាញខ្លួននៅក្នុងកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ខាងមុខដែលកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិកម្ពុជា បានលើកឡើងថា អាណត្តិរបស់សហព័ន្ធនីមួយៗ បង្កើតឡើងឱ្យត្រូវតាមឆ្នាំអូឡាំពិក ហើយមានរយៈពេល ៤ ឆ្នាំម្ដង។ លោកថា កីឡាប្រភេទនេះជាវិញ្ញាសារបស់កីឡាអូឡាំពិក ហើយងាយនឹងមានឱកាសប្រកួតលើកឆាកអន្តរជាតិជាច្រើនផងដែរ៕
អត្ថបទ៖ ម៉ឺន រស្មី