• 2015-01-02 15:39:51
  • បាល់ទាត់

មុន​ឡើង​​ធ្វើ​គ្រូ​ធំ​នៅ​ណាហ្គា តើ​ មាស ចាន់ណា មាន​ប្រវត្តិ​បែប​ណា?

  • 2015-01-02 15:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក មាស ចាន់ណា ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​ក្នុង​ពិភព​បាល់​ទាត់​ខ្មែរ មិន​គួរ​មើល​រំលង។ លោក​​ធ្លាប់​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​តាំង​ពី​ឈុត U13 រហូត​ដល់​ឈុត​ធំ។ បុរស​វ័យ ៣៣ ឆ្នាំ​ម្នាក់​នេះ​បាន​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​ឆ្នាំ ២០១០ បន្ទាប់​ពី​ជួយ​ក្រុម​ណាហ្គាខប​ជាង ៩ ឆ្នាំ។ ផុត​ពី​កីឡាករ​លោក​បាន​ក្លាយ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​ម្ដង។ លោក​​បាន​​បញ្ចប់​ការ​សិក្សា​ សញ្ញាប័ត្រ​គ្រូ​បង្វឹក​កម្រិត A (AFC A License) ក្នុង​ពី​ឆ្នាំ ២០១២។ កាល​ពី​ថ្ងៃ​ទី ២៥ ខែ ធ្នូ ថ្មីៗ នេះ​ក្លិប​បាល់ទាត់​ណាហ្គាខប បាន​សម្រេច​ដំឡើង​តំណែង​លោក​ឱ្យ​ធ្វើ​ជា​គ្រូ​បង្កោល​ធំ​ប្រចាំ​ក្លិប។

 

តើ​ដំណើរ​ជីវិត​របស់​លោក មាស ចាន់ណា យ៉ាងណា ក្នុង​វិស័យ​បាល់ទាត់​ខ្មែរ​ ​មុន​នឹង​ក្លាយ​ជា​គ្រូ​ធំ​ប្រចាំ​ក្លិប​ខ្លាំង​ក្នុង​ស្រុក​មួយ​នេះ?

 

 

លោក មាស ចាន់ណា (ខាង​ស្ដាំ)

 

ជីវប្រវត្តិ​សង្ខេប

លោក មាស ចាន់ណា កើត​នៅ​ថ្ងៃទី១ ខែ​មករា ឆ្នាំ ១៩៨០ ជា​កូន​អ្នក​ភ្នំពេញ។ លោក​មាន​​ឱពុក​ឈ្មោះ មាស សាខន (ស្លាប់) និង អ្នក​ម្ដាយ ទឹម សី នៅ​រស់។ នៅ​ក្នុង​គ្រួសារ​របស់​លោក មាន​បងប្អូន​ចំនួន ៥ នាក់ ក្នុង​​នោះ​ប្រុស ៣ នាក់​ស្រី ២ នាក់ ហើយ លោក ចាន់ណា ជា​កូន​ទី៤។

 

កីឡាករ​ណាហ្គាខប នាំ​គ្នា​លើ លោក មាស ចាន់ណា ក្រោយ​ឈ្នះពាន Hun Sen Cup 2013

 

លោក បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ ២០០៧​ គឺ​​រំលង​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់ Hun Sen Cup មួយ​ថ្ងៃ ពោល​គឺ​ក្រោយ​ណាហ្គាខប​​ក្លាយ​ជា​ជើង​ឯក​​រង​ក្នុង​ពាន​នេះ​ជា​លើក​ដំបូង។ ភរិយា​របស់​លោក​ឈ្មោះ ធីវ សុទ្ធថា ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ឯកជន​មួយ​​ក្នុង​រាជធានីភ្នំពេញ។ សព្វ​ថ្ងៃ​អ្នក​ទាំង ២ ​ទទួល​បាន​កូន​ប្រុស​ម្នាក់​ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍​។

  កម្រិត​វប្បធម៌​ចំណេះដឹង​ទូទៅ   ប្រហែល​ជា​វ័យ ៦ ឆ្នាំ​ កុមារា ចាន់ណា ចូល​សិក្សា​ នៅ​សាលា​បឋម​សិក្សា​ទួលស្លែង។ លុះ​ក្រោយ​មក​ទៀត​​​​​កុមារា​រូប​នេះ​បន្ត​ការ​​សិក្សា កម្រិត​មធ្យម​សិក្សា​បឋមភូមិ​នៅ​អនុវិទ្យាល័យ​ទួលស្វាយព្រៃ។ នៅ​ឆ្នាំ ១៩៩៩ ទើប​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​​មធ្យម​សិក្សា​ទុតិយភូមិ​​នៅ​​វិទ្យាល័យ​ព្រះយុគន្ធរ។

 

កម្រិត​វប្បធម៌​ក្នុង​វិស័យ​កីឡា - ចាប់​ពី​ឆ្នាំ ១៩៩៩ ដល់ ២០០១ ចូល​សិក្សា​គ្រូ​អប់រំកាយ និង កីឡា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។ - នៅ​ឆ្នាំ ២០០៩ បញ្ចប់​វគ្គ​សិក្សា​គ្រូ​បង្វឹក​បាល់ទាត់​កម្រិត C ( AFC C License ​) នៅ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​។ - ចូល​ឆ្នាំ​ ២០១០ បញ្ចប់​វគ្គ​សិក្សា Football Administration Course ដែល​រៀប​ចំ​នៅមជ្ឈមណ្ឌល​បាល់ទាត់​ជាតិ។ - ក្នុង​ឆ្នាំ​២០១០ ដូច​គ្នា ​បាន​បញ្ចប់​វគ្គ​សិក្សា​គ្រូ​បង្វឹក​បាល់ទាត់​កម្រិត B ( AFC B License) ដែល​រៀប​ចំ​នៅ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ។ - លុះ​ដល់​ឆ្នាំ ២០១២ បាន​បញ្ចប់​វគ្គ​សិក្សា FIFA Club Management នៅ​សណ្ឋាគារ​សាន់វ៉េ។ - ឆ្នាំ ២០១២ សិក្សា​ចប់​វគ្គ FIFA Professional Coaching Course នៅ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ។ - ឆ្នាំ ២០១២ បាន​បញ្ចប់​វគ្គ​សិក្សាគ្រូ​បង្វឹក​បាល់ទាត់កម្រិត A ( AFC A License) នៅ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ។

 

សញ្ញាប័ត្រគ្រូ​បង្វឹកបាល់ទាត់កម្រិត A ( AFC A license) របស់​លោក មាស ចាន់ណា

 

មូលហេតុ​ក្លាយ​ជា​អ្នក​​បាល់ទាត់ មាន​រឿង ២ ក្នុង​​អតីតកាល​ជា​កត្តា​សំខាន់​​ជំរុញ​ចិត្ត​លោក​ដើរ​លើ​វិថី​​កីឡា។ ទី​មួយ​​បណ្ដា​មក​ពី​មាន​ការ​ពេបជ្រាយ​​របស់​មិត្តភ័ក្ដិ​ថា​លោក​លេង​បាល់​មិន​កើត គ្មាន​អនាគត​និង​បាល់ទាត់​នោះ​ឡើយ។ ចំណែក​រឿង​សំខាន់​មួយ​ទៀត​គឺ​មាន​ការ​មាក់ងាយ​ពី​លោក​គ្រូ​បង្វឹក​ម្នាក់​ថា” … លេង​បាល់​អីចឹង គ្មាន​លទ្ធភាព​អី​ទៅ​ជាប់​ជម្រើស​ជាតិ​នោះ​ទេ…”។ រឿង​ទំាង​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​លោក មាស ចាន់ណា ដាក់​ចិត្ត​ខិតខំ​ជម្នះ​ចិត្ត​អ្នក​សើច​ចំអក​ទាំង​នោះ។

 

បទពិសោធន៍​លេង​បាល់ទាត់   *ក្នុង​ឈុត​ជម្រើស​ជាតិ​ - ក្នុង​ឆ្នាំ ១៩៩៩ – ២០០៩ ជា​ជម្រើស​ជាតិ​ឈុត​ធំ ដោយ​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ពាន​រង្វាន់​ World Cup Qualify & Tiger Cup។ - ក្នុង​ឆ្នាំ ២០០១ – ២០០៩ ជាប់​ក្នុង​ឈុត​ U23 ជម្រើស​ជាតិ ចូលរួម​ប្រកួត​ក្នុង​យុទ្ធនាការ​  Suzuki Cup និង Sea Game។ - ក្នុង​ឆ្នាំ ១៩៩៩ – ២០០១ ជាប់​ក្នុង​ឈុត U19 ជម្រើស​ជាតិ​ ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់ AFF U19។ - ក្នុង​ឆ្នាំ​ ១៩៩៧ – ១៩៩៩ ជាប់​ក្នុង​ឈុត U16 ជម្រើស​ជាតិ ចូលរួម​ប្រកួត​ក្នុង​ពាន​រង្វាន់ Singapore Cup U16។ - ក្នុង​ឆ្នាំ ១៩៩២ – ១៩៩៥ ជាប់​ក្នុង​ឈុត U13 ជម្រើស​ជាតិ។

*ក្នុង​ក្លិប  
 

លោក មាស ចាន់ណា (ពាក់លេខ៧) កាល​នៅ​ជា​កីឡាករ​របស់​ណាហ្គាខប(ក្នុង​ឆ្នាំ​២០០៩)

 

- ក្នុង​ឆ្នាំ ២០០១ ដល់ ២០១០ ជា​កីឡាករ​របស់​ក្លិប​ណាហ្គាខប ដោយ​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ពាន​រង្វាន់ AFC President’s Cup, Metfone Cambodian League និង Hun Sen Cup។ - ក្នុង​ឆ្នាំ ១៩៩៨ ដល់ ២០០១ ជា​កីឡាករ​របស់​ក្រុម Navy FC ដែល​បាន​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់ Mobitel Cellcard Cup។ - ក្នុង​ឆ្នាំ ១៩៩៦ – ១៩៩៧ ជា​កីឡាករ​ក្នុង​ក្រុម Youth Club FC ដោយ​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ពាន​រង្វាន់ Marlboro Premier League។ - ក្នុង​ឆ្នាំ ១៩៩៥ – ១៩៩៦ ជា​កីឡាករ​របស់​ក្រុម Toul Svay Prey FC។ - ក្នុង​ឆ្នាំ ១៩៩២ – ១៩៩៥ ជា​កីឡាករ​នៅ​ក្នុង​ក្រុម Kirirom FC។

 

បទពិសោធន៍​ធ្វើ​គ្រូ​បង្ហាត់​បាល់ទាត់   - ចាប់​ពី​ឆ្នាំ ២០០១ ដល់ បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​របស់​ក្រុម​វិទ្យាល័យ​ព្រះយុគន្ធរ។ - ចាប់​ពី​ឆ្នាំ ២០០៨ ដល់ ២០១០ ធ្វើ​ជា​គ្រូ​បង្វឹក​ក្នុង​ក្រុម  Camintel FC ក្នុង​ពាន​រង្វាន់ Football For All Cup។ - ក្នុង​ឆ្នាំ ២០១២ ធ្វើ​ជា​គ្រូ​បង្វឹក​បង្គោល​របស់​ក្រុម Asian Youth FC ក្នុង​ពាន​រង្វាន់ Soccer League។ - ចាប់​ពី​ឆ្នាំ ២០១១ ដល់ ២០១៤ ជា​ជំនួយ​ការ​គ្រូ​បង្វឹក​ប្រចាំ​ក្លិប​ណាហ្គាខប ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់ មិត្តហ្វូនខេមបូឌានលីក និង Hun Sen Cup។ ​នៅ​ក្លិប​នេះ​ ​​លោក​​ជា​ជំនួយ​ការ​របស់​គ្រូ​បង្វឹក​ពីរ​រូបគឺ ​លោក ប្រាក់ សុវណ្ណារ៉ា និង លោក លឹម នួន។

 

- ក្នុង​ឆ្នាំ ២០១១ – ២០១២ ជា​ជំនួយ​ការ​គ្រូ​​បង្វឹក​ក្នុង​ឈុត​ជម្រើស​ជាតិ យុវជន​ក្រោម​អាយុ ១៦ ឆ្នាំ (U16) ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់ AFC U16 Championship និង  AFF U16។ គ្រា​នោះ U16 ក្រុម​ជម្រើស​ជាតិ​ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន Daisuke Yoshioka ។

 
  លោក មាស ចាន់ណា(ខាងស្ដាំ) ថតរូបជាមួយ​ឈុត U16 ក្រុម​ជម្រើស​ជាតិ​ដែល​ដឹកនាំដោយលោក Daisuke Yoshioka  

- ក្នុង​ឆ្នាំ ២០១១ – ២០១២ ធ្វើ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​ក្នុង​ឈុត​យុវជន​ក្រោម​អាយុ ២៣ ឆ្នាំ​ក្រុម​ជម្រើស​ជាតិ ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់ BIDC Cup 2011 និង ស៊ីហ្គេម​លើក​ទី ២៦ ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ កាល​នោះ​គ្រូ​​បង្គោល​គឺ​លោក Lee Tae Hoon ជា​ជនជាតិ​កូរ៉េខាងត្បូង។

 
 

លោក មាស ចាន់ណា (រាប់ពីស្ដាំទី៣) ក្នុង​ពេល​ធ្វើជាជំនួយការ​របស់​លោក Lee

 

- ក្នុង​ឆ្នាំ ២០១២ ជា​ជំនួយ​ការ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ ក្នុង​យុទ្ធនាការ​វគ្គ​ជម្រុះ​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2012 ដែល​កាល​នោះ​ដឹកនាំ​ដោយ​លោក ហុក សុចិត្រា។

 
 

លោក មាស ចាន់ណា(កណ្ដាល) ក្នុង​ពេល​ធ្វើ​ជំនួយការរបស់លោក ហុក សុចិត្រា

 

- ២០១៣ ជា​ជំនួយ​ការ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ ក្នុង​យុទ្ធនាការ​វគ្គ​ជម្រុះ​ក្នុង​ពាន​រង្វាន់ AFC Challenge Cup 2014 ដោយ​លោក ប្រាក់ សុវណ្ណារ៉ា ជា​គ្រូ​បង្កោល និង ជំនួយ​ការ​លោក Lee Tae Hoon គ្រូ​បង្វឹក​ក្រុម U-23 កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​​ពាន​រង្វាន់ BIDC Cup 2013 និង​ ចេញ​ទៅ​ប្រកួត​​​ស៊ីហ្គេម នៅ​មីយ៉ាន់ម៉ា។

 

- ២០១៤ ក្រៅ​ពី​ធ្វើ​ជា​ជំនួយការ​នៅ​ក្លិប​ណាហ្គាខប លោក​ក៏​បាន​ជាប់​ឈ្មោះ​ធ្វើ​ជា​ជំនួយការ​​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា លោក Lee Tae Hoon ក្នុង​ពាន​រង្វាន់ 2014 Hassanal Bolkiah Trophy នៅ​ប្រ៊ុយណេ និង​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup 2014 នៅ​ប្រទេស​ឡាវ។

 

លោក មាស ចាន់ណា (កណ្ដាល) ក្នុង​ពេល​ជា​ជំនួយការ​របស់លោក ប្រាក់ សុវណ្ណារ៉ា

 

ស្នាដៃ​ដែល​ធ្លាប់​ទទួល​បាន ដឹកនាំ​ក្រុម​វិទ្យាល័យ​ព្រះយុគន្ធរ​​ឈ្នះ​ជើង​ឯក​​​ពាន​រង្វាន់​បាល់​ទាត់​សិស្ស​មធ្យមសិក្សា​​ទូទាំង​ប្រទេស​ ២ លើក ក្នុង​ឆ្នាំ​សិក្សា ២០១០ – ២០១១ និង ២០១១ – ២០១២។ នៅ​ឆ្នាំ​ ២០១២ – ២០១៣ បាន​ត្រឹម​ជើង​ឯក​រង ក្រោយ​ចាញ់​ក្រុម​ខេត្ត​កំពង់ចាម ទាំង​ប្រផុតប្រផើយ ២ – ១។  មិន​តែ​ប៉ុណ្ណោះ​ធ្លាប់​ជួយ​ឱ្យ​វិទ្យាល័យ​មួយ​នេះ​ឈ្នះ​​ជើង​ឯក​ទូទាំង​រាជធានីភ្នំពេញ​ចំនួន​ ៥ លើក​ជាប់​គ្នា តាំង​ពី​ឆ្នាំ​២០០៩ មក។

 
 

លោក មាស ចាន់ណា(ស្ដាំ) ក្រោយ​ជួយ​​ឲ្យ​​ក្រុម​វិទ្យាល័យព្រះយុគន្ធរឈ្នះ​ពាន​វិទ្យាល័យ ក្នុង​ឆ្នាំ ២០១២

 

កាល​នៅ​ជា​កីឡាករ លោក ធ្លាប់​ជួយ​ណាហ្គាខប​លើក​ពាន​រង្វាន់​លីក​នៅ​កម្ពុជា​ចំនួន ២ លើក​គឺ​ក្នុង​រដូវកាល ២០០៧ និង ២០០៩ និង ជើង​ឯក​រង​ក្នុង​ពាន​រង្វាន់ Hun Sen Cup ចំនួន ២ លើក​គឺ​ក្នុង​រដូវកាល ២០០៧ និង ២០០៩។

 

លោក មាស ចាន់ណា លើក​ពាន ក្រោយ​ ណាហ្គា​ឈ្នះជើងឯក Hun Sen Cup 2013

 

ពេល​ធ្វើ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​ណាហ្គាខប​លោក​ក៏​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ណាហ្គាខប​​ក្លាយ​ជា​ក្រុម​ជើង​ឯក​រង​ក្នុង​ពាន​រង្វាន់​លីក​កំពូល​កម្ពុជា ចំនួន ២ លើក​គឺ ក្នុង​រដូវកាល ​២០១១ និង ២០១២។ ចំណែក​ពាន​រង្វាន់ Hun Sen Cup ​ឈ្នះ​ជើង​ឯក​រង​នៅ​ឆ្នាំ​ ២០១២ និង ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ ២០១៣។

 

ពាក្យពេចន៍​ផ្ញើទៅ​យុវជន​ជំនាន់​ក្រោយ ក្នុង​នាម​ជា​រៀម​ច្បង​មួយ​រូប លោក មាស ចាន់ណា សូម​ផ្ដាំ​ផ្ញើ​ទៅ​យុវជន​ស្រករ​ក្រោយ​ សូម​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ឬ អំពើ​អបាយមុខ​នៅ​ក្នុង​សង្គម ​ដោយ​ងាក​ទៅ​ខិតខំ​សិក្សា​​ដើម្បី​ធ្វើ​​សសរ​ទ្រូង​ដ៏​រឹងមាំ​សម្រាប់​​ប្រទេស​ជាតិ។ មិន​ភ្លេច​ដែរ ប្រសិន​បើ​ទំនេរ​ពី​ការ​សិក្សា​ត្រូវ​នាំ​គ្នា​លេង​កីឡា​ដើម្បី​សុខភាព មិត្តភាព ក៏​ដូចជា ជួយ​លើក​ស្ទួយ​កីឡា​ជាតិ​ផង​។

 

បំណង​ប្រាថ្នា​ថ្ងៃ​អនាគត   ដោយ​លោក មាស ចាន់ណា ដើរ​នៅ​លើ​វិថី​បាល់ទាត់​កាន់​តែ​វែង​ឆ្ងាយ​មក​ហើយ អនាគត​របស់​លោក​មិន​ចាក​គន្លង​ពី​កីឡា​មួយ​នេះ​ទេ។ គោលបំណង​សំខាន់​របស់​លោក​គឺ​ចង់​ធ្វើ​ជា​គ្រូ​បង្គោល​​ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​​នៅ​ថ្ងៃ​ណា​មួយ។ មួយ​វិញ​ទៀត​គឺ​ចង់​សិក្សា​​ឱ្យ​ចប់​វគ្គ​គ្រូ​បង្វឹក​កម្រិត Pro License។ ប្រសិន​បើ​ចាស់​ទៅ​​ប្រើ​កម្លាំង​លែង​បាន​ ចង់​ធ្វើ​ជា​គ្រូ​ឧទ្ទេស​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា(FFC) ឬ គ្រូ​ឧទ្ទេស​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC) ឬ គ្រូ​ឧទ្ទេស​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​​អន្តរជាតិ (FIFA)៕

 
  អត្ថបទ៖ ម៉ឺន រស្មី
មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី