• 2014-09-26 18:54:59
  • បាល់ទាត់

មាន​ទៅ​អន់​អី U-13 នៅ​ខេត្ត​​បន្ទាយមានជ័យ​ ប្រកួត​បាល់​ឈ្នះ​ថៃ ៦ ទល់ ១

  • 2014-09-26 18:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​បាល់​ទាត់​យុវជន​អាយុ​ក្រោម​១៣​ឆ្នាំ (U-13) ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ​បាន​ទៅ​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ​របស់​សាលា​ខ្លង​ហាត​ក្នុង​លទ្ធផល​ ៦ទល់​១ នៅ​ខេត្ត​ស្រះ​កែវ​របស់​ប្រទេស​ថៃ​ ក្នុង​ការ​ប្រកួត​មិត្តភាព​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៤​ កន្លង​ទៅ​ថ្មីៗ​នេះ។

 

បើ​តាម​លោក​ សុះ​ រ៉ូហ្សាលី​ ជា​គ្រូ​បង្វឹក​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​នេះ​គ្រាន់​តែ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ប៉ុណ្ណោះ​ ហើយ​ក្រុម​ទាំង​សង​ខាង​ពុំ​បាន​ត្រៀម​ខ្លួន​ស្រួល​បួល​នោះ​ទេ​ ពីព្រោះ​តែ​រៀប​ចំ​ភ្លាមៗ។ លោក​បាន​បញ្ជាក់​ថា​ការ​ប្រកួត​នេះ​គឺ​ទទួល​បាន​ការ​ជួយ​សម្របសម្រួល និង ជ្រោម​ជ្រែង ពី​លោក​ អាប់ភីស៊ីថៃ​ ជន​ជាតិ​ថៃ​ ជា​អាជីវករ​នៅ​ឃុំ​បឹងបេង​ ស្រុក​ម៉ាឡៃ​ ហើយ​លោក​មាន​ភរិយា​ជា​ជន​ជាតិ​ខ្មែរ​នៅ​ទី​នោះ។

 

 

លោក​គ្រូ​បង្វឹក​ខាង​លើ​បន្ត​ថា​ លោក​បាន​ប្ដូរ​កីឡាករ​បម្រុង​ចូល​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​តង់​ទី២​ ដើម្បី​ឲ្យ​ពួក​គេ​បាន​បង្ហាញ​សមត្ថភាព​ និង​ដើម្បី​ទុក​មុខ​ឲ្យ​ម្ចាស់​ផ្ទះ​ខ្លះ​ ពីព្រោះ​ក្នុង​តង់​ទី​១​ ក្រុម​លោក​អាច​នាំ​មុខ​មុន​ ៤‑១​ ទៅ​ហើយ។

 

 

ដោយសារ​តែ​ទីលាន​តូច​ដូច្នេះ​ ក្រុម​នីមួយៗ​អាច​ដាក់​កីឡាករ​បាន​ត្រឹម​តែ​៩​នាក់​ប៉ុណ្ណោះ​ ហើយ​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បាន។ ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ​ដឹកនាំ​ដោយ​លោក​  លោក សាន វិជ្ជាសារ៉ាវុធ​ អនុ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ​, ​លោក​គ្រូ​បង្វឹក​ សុះ​ រ៉ូហ្សាលី និង សមាជិក ស.ស.យ.ក ទាំង​អស់​ប្រមាណ​ជិត ៤០ នាក់។

 

ភាគី​ទាំង​ពីរ​ក៏​កំពុង​តែ​ពិភាក្សា​គ្នា​ ដើម្បី​រៀប​ចំ​ឲ្យ​មាន​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ ដែល​តំណាង​ឲ្យ​ខេត្ត​ទាំង​ពីរ​គឺ​ខេត្ត​បន្ទាយ​មានជ័យ​របស់​កម្ពុជា​ និង​ខេត្ត​ស្រះ​កែវ​របស់​ថៃ​ នា​អំឡុង​ខែ​វិច្ឆិកា​ខាង​មុខ៕

 

ព័ត៌មាន​កីឡា​ជា​ច្រើន​សូម​ចុច​ទីនេះ...

 

 

 

អត្ថបទ៖ អៀង សូទ្រី រូបថត៖ សុះ​ រ៉ូហ្សាលី

មតិយោបល់