• 2024-12-10 16:31:46
  • បាល់ទាត់

អង្គការ HFCA និង វីង បន្ត​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​ដល់​យុវជន​នៅ​ខេត្ត​សៀមរាប​

  • 2024-12-10 16:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ HFCA​ និង​ដៃគូ​សហការ​ វីង បន្ត​រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់ដល់​យុវជនក្រីក្រឱ្យ​មានលទ្ធភាពចូលរួមនៅក្នុងសកម្មភាពបាល់ទាត់ដែលមានរចនាសម្ព័ន្ធសមរម្យ​មួយ​ដើម្បីលើកកម្ពស់កាយសម្បទា ការងារជាក្រុម និងការអភិវឌ្ឍផ្ទាល់ខ្លួនរបស់ពួកគេបានកាន់តែប្រសើរ​នៅ​ខេត្ត​សៀមរាប។​

រូបភាពផ្ដល់ជូន

លោក Paraic Grogan ស្ថាបនិកអង្គការ HFCA បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានកិត្តិយសដែលបានចាប់ដៃសហការជាមួយធនាគារ វីង ក្នុងនាមជាស្ថាប័នមួយដែលមានការប្តេជ្ញាចិត្តយូរអង្វែងដើម្បីជួយគាំទ្រដល់សហគមន៍កម្ពុជា។ ការឧបត្ថម្ភគាំទ្រនេះនឹងនាំមកនូវការផ្លាស់ប្តូរក្នុងចំណោមយុវជននៅភូមិអូររូងដោយផ្តល់ឱ្យពួកគេនូវឱកាសដ៏មានតម្លៃដើម្បីអភិវឌ្ឍសមត្ថភាពឱ្យកាន់តែរីកចម្រើន”។   

រូបភាពផ្ដល់ជូន

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “បាល់ទាត់មិនគ្រាន់តែជាកីឡាប៉ុណ្ណោះទេ តែជាមធ្យោបាយដ៏មានឥទ្ធិពលមួយក្នុងការលើកកម្ពស់សុខុមាលភាព សាមគ្គីភាព និងស្មារតីសហគមន៍ថែមទៀតផង។ តាមរយៈការធ្វើការរួមគ្នាជាក្រុម កុមារ​មិនត្រឹមតែពង្រឹងសមត្ថភាព​ផ្នែក​រាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀនសូត្រពីបំណិនជីវិតចាំបាច់ទាក់ទងនឹងភាពជាអ្នកដឹកនាំ ការងារជាក្រុម និងការកសាងភាពធន់ផងដែរ។ យើង​ខ្ញុំពិតជាមានសេចក្តីរំភើបរីករាយដែលបាន​ចូលរួមជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួច​ផ្តើម​នេះដើម្បី​ជួយបណ្តុះ​នូវគុណតម្លៃ​ទាំង​នេះទៅដល់​យុវជន»។   

រូបភាពផ្ដល់ជូន

ធនាគារ វីង និងអង្គការ HFCA បានចាប់ដៃសហការគ្នាជាលើកដំបូងនៅខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីជួយគាំទ្រដល់យុវជននៅភូមិស្រះស្រង់ ដោយផ្តល់នូវបរិយាកាសដែលមានសុវត្ថិភាពសម្រាប់សកម្មភាពកីឡាបាល់ទាត់។ ស្របពេលដែលអង្គការ HFCA ពង្រីកសកម្មកីឡារបស់ខ្លួន ធនាគារ វីង មានមោទនភាពដែលបានជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនោះដើម្បីជួយទៅដល់យុវជននៅតាមតំបន់ជនបទកម្ពុជាឱ្យ​កាន់តែច្រើនឡើង​ ខណៈដែលការ​ចូលរួម​ក្នុង​កម្មវិធីកីឡាដែល​រចនាសម្ព័ន្ធច្បាស់លាស់​ហាក់នៅមានកម្រិតនៅឡើយ។ 

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ អង្គការ​ HFCA បង្កើតឡើងនៅឆ្នាំ 2005 ធ្វើការលើកស្ទួយវិស័យបាល់ទាត់ដើម្បីពង្រឹងសមត្ថភាពរបស់យុវជនក្រីក្ររបស់កម្ពុជា លើកកម្ពស់សុខុមាលភាព ការគោរពខ្លួនឯង និងបំណិនជីវិតដែលជាកត្តាដ៏ចាំបាច់ដើម្បីសម្រេចបានភាពជោគជ័យនាពេលអនាគត។ អង្គការ HFCA ធានាថាយុវជនក្រីក្រមានលទ្ធភាពទទួលបានការហ្វឹកហាត់ប្រកបដោយគុណភាពខ្ពស់ មានគ្រូបង្វឹក ធ្វើការកសាងក្រុម និងមានឱកាសក្នុងការប្រមូលផ្តុំគ្នា។ នេះគឺជាមាគ៌ាពិតៗឆ្ពោះទៅរកឱកាសបន្ថែមទៀតដោយការអភិវឌ្ឍទាំងជំនាញបាល់ទាត់ និងបំណិនជីវិតដើម្បីទទួលបានភាពជោគជ័យក្នុងវិស័យអប់រំ និងការងារ៕

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី