• 2024-10-24 00:59:00
  • បាល់ទាត់

ក្រោយ​ស៊ុត​ Hat-Trick ​ជួយ​ Barca យក​ឈ្នះ Bayern ៤-១​ លោក Hansi Flick សរសើរ​ Raphinha ​មិន​ដាច់​ពី​មាត់

  • 2024-10-24 00:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ​Hansi Flick ​អ្នក​ចាត់​​ការ​របស់​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ​បាន​ធ្វើ​ការ​សរសើរ​ទៅ​កាន់​ខ្សែ​បម្រើ​ស្លាប​ Raphina ​ថា​ល្អ​​មិន​ដាច់​ពី​មាត់​នោះ​​ទេ​ ក្នុង​ការ​ប្រកួត​​​ទល់​ក្រុម​ Bayern Munich ​ដោយ​សារ​តែ​​ក្រុម​​ខ្លួន​​បាន​យក​ឈ្នះ ៤-១ ហើយ​ក្នុង​ចំណោម​​៤​គ្រាប់​នោះ Raphina ធ្វើ​បាន Hat-Trick (​ស៊ុត​៣​គ្រាប់​ម្នាក់​ឯង​) ក្នុង​ការ​ប្រកួត​សន្សំ​​ពិន្ទុ​សប្ដាហ៍​ទី​៣ UEFA Champions League ​កាល​ពី​យប់​ថ្ងៃ​ទី​២៣ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២៤​។

ក្រោយ​ប្រកួត​ចប់​លោក Hansi Flick បាន​​លើក​ឡើង​ពី​ការ​ប្រកួត​ថា លទ្ធផល​​៣ពិន្ទុ​​នេះ​​គឺ​ពិត​ជា​សំខាន់ និង​អស្ចារ្យ​ខ្លាំង​បំផុត​សម្រាប់​ក្រុម​របស់​លោក​។ ​ក្នុង​ការ​ប្រកួត​លោក​មើល​ឃើញ​ថា ក្រោយ​ពេល​ក្រុម​​លោក​បាន​នាំ​មុខ​មួយ​គ្រាប់​មុន ​ក្រុម​ភ្ញៀវ​បាន​បង្កើត​ឱកាស​ និង​​ប្រើ​របៀប​លេង​ដែល​បង្ក​ការ​លំបាក​សម្រាប់​ក្រុម​របស់​លោក​​ក្នុង​រយៈ​ពេល​១០​ទៅ​១៥​នាទី។ យ៉ាង​ណា​ក៏​មើល​ឃើញ​ក្រុម​ហាក់​ល្អ​ និង​មាន​លំនឹង​មក​វិញ​ក្រោយ​ពេល​​បន្ទាប់​មក​ទៀត​។ ក្រុម​របស់​លោក​សម្បូរ​ទៅ​ដោយ​​ក្មេង​ៗ​ច្រើន​ ​ប៉ុន្តែ​គឺ​ពិត​ជា​ល្អ​មែន​ទែន​ដែល​អាច​ទទួល​បាន​លទ្ធផល​ល្អ​បែប​នេះ​។

​បន្ទាប់​ពី​​បញ្ចប់​ត្រង់​ចំណុច​នេះ​លោក​ក៏​បាន​និយាយ​ជុំ​វិញ​ទម្រង់​លេង​របស់​ Raphina បែប​នេះ​ថា «​គាត់​គឺ​ជា​កីឡាករ​​ដែល​បង្ហាញ​បាន​ល្អ​មែន​ទែន​សម្រាប់​ប្រកួត​នេះ​។ ​ខ្ញុំ​ចង់​និយាយ​ថា គ្រប់​គ្នា​ឃើញ​គាត់​ល្អ​នៅ​ពេល​នេះ​ ​ហើយ​គ្រប់​គ្នា​ពិត​​ជា​បាន​ដឹង​ហើយ​ថា គាត់​មក​ពី​កន្លែង​ណា​។ យើង​អាច​ប្រៀបធៀប​គ្នា​បាន​ថា ពី​មុន​នឹង​ឥឡូវ​វា​មាន​ភាព​ខុស​គ្នា​កម្រិត​ណា​។ គាត់​ពេល​នេះ​បាន​វិវឌ្ឍន៍​ខ្លួន​​ច្រើន​ណាស់​​ ទាំង​ការ​ការពារ និង​​ការ​គ្រប់​គ្រង​បាល់​នៅ​ហ្នឹង​ជើង​គាត់​ជា​ដើម​។ គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​មែន​ទែន​។ ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ដែល​បាន​ឃើញ​ទម្រង់​លេង​ដ៏​បែប​នេះ​របស់​កីឡាករ​ Barcelaona ​នា​ពេល​នេះ​»។

​Raphina បាន​ផ្ទេរ​ពី​ក្រុម​ Leeds United របស់​ប្រទេស​អង់គ្លេស​​​មក​កាន់ Barcelona កាល​ឆ្នាំ​២០២២ កាល​មក​ដំបូង​ៗ​ដូច​ជា​មិន​មាន​ភាព​លេចធ្លោ​អី​ខ្លាំង​ដូច​ពេល​នេះ​ទេ ប៉ុន្តែ​​មក​ដល់​ពេល​នេះ​គឺ​ពិតជា​ល្អ​ខ្លាំង​មែន​​ទែន ពិសេស​នោះ​លេង​សហការ​គ្នា​បាន​យ៉ាង​ល្អ​ជា​​មួយ​មិត្ត​រួម​ក្រុម Lamine Yamal ជា​ដើម។ សូម​បញ្ជាក់​ថា Raphina រក​បាន​៣​គ្រាប់​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ​នៅ​នាទី​ទី​១ នាទីទី​៤៥ និង​នាទីទី​៥៦ ៕

Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី