- 2024-09-12 13:06:55
- បាល់ទាត់
Arteta តកុងត្រាថ្មីជាមួយ Arsenal
- 2024-09-12 13:06:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arteta តកុងត្រាថ្មីជាមួយ Arsenal
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Arsenal លោក Mikel Arteta បានចុះហត្ថលេខាតកុងត្រាថ្មីជាមួយក្លឹប។
កុងត្រាថ្មីរបស់អ្នកចាត់ការវ័យ ៤២ ឆ្នាំ រូបនេះ នឹងមានសុពលភាពរហូតដល់ពាក់កណ្ដាលឆ្នាំ ២០២៧។ ថ្លែងក្រោយចុះហត្ថលេខា លោក Arteta បានសម្ដែងអារម្មណ៍រីករាយដែលបានតកុងត្រាថ្មី ហើយបានថ្លែងអំណរគុណដល់កីឡាករ បុគ្គលិក និងអ្នកគាំទ្រ Arsenal ដែលតែងតែជួយជ្រោមជ្រែងលោកកន្លងមក។ លោកបន្តទៀតថា នឹងខិតខំឲ្យអស់លទ្ធភាពក្នុងការជួយក្លឹបទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ESPN បានឲ្យដឹងថា ក្លឹប Arsenal បានតំឡើងប្រាក់ឈ្នួលជាច្រើនឲ្យ Arteta ក្នុងកុងត្រាថ្មីនេះ ច្រើនជាងប្រាក់ឈ្នួលចាស់របស់លោកដែលមានទំហំប្រមាណ ១២ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។ យ៉ាងនេះក្ដី ប្រភពដដែល មិនអាចអះអាងថាប្រាក់ឈ្នួលថ្មីរបស់លោក មានចំនួនប៉ុន្មានឲ្យប្រាកដនោះទេ។
លោក Arteta បានមកចូលរួមដឹកនាំ Arsenal ក្នុងនាមជាអ្នកចាត់ការ កាលពីខែធ្នូ ឆ្នាំ ២០១៩។ គិតមកទល់ពេលនេះ លោកដឹកនាំសរុប ២៣៥ ប្រកួត ឈ្នះ ១៣៩ លើក ស្មើ ៣៩ ដង និងចាញ់សរុប ៥៧ ប្រកួត។ កាលពីដឹកនាំក្លឹបបីឆ្នាំដំបូង លោកបានជួបបញ្ហាជាច្រើន ជាពិសេសទាក់ទងទម្រង់លេងរបស់ក្រុម និងបញ្ហារបួសកីឡាករជាដើម។ កាលពីពេលនោះ មានពេលខ្លះ លោកត្រូវបានអ្នកគាំទ្រក្លឹបស្នើឲ្យចុះចេញពីតំណែងទៀតផង។ ទោះជាយ៉ាងណា ចាប់ពីរដូវកាល ២០២២/២០២៣ មក ក្រោមការដឹកនាំរបស់ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញArteta ក្លឹបកាំភ្លើងធំបានបង្ហាញទម្រង់លេងយ៉ាងល្អ និងមានសមត្ថភាពប្រកៀកប្រកិតប្រជែងពានលីគកំពូលអង់គ្លេស។ ទោះមិនបានជោគជ័យទាំងពីរលើក ដោយបានត្រឹមជើងឯករង ក្លឹប Arsenal បានបង្ហាញទម្រង់លេងខ្លាំង ពេលលេងប្រកួតៗជាច្រើននាពីររដូវកាលកន្លងមកនេះ។ នាដើមរដូវកាលថ្មី ២០២៤/២០២៥ ទម្រង់លេងនេះហាក់នៅបន្ត។
តើ Arsenal ក្រោមការដឹកនាំរបស់លោក Arteta នឹងឈ្នះពានលីគកំពូលអង់គ្លេសឬទេ?៕