• 2024-09-06 13:48:57
  • បាល់ទាត់

ការផ្ទេររបស់ Osimhen ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល

  • 2024-09-06 13:48:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេញ​មួយ​រដូវ​កាល​ដោះដូរ​កីឡាករ​ជាង ២ ខែ​កន្លង​ទៅ​នេះ ក្លឹប​ចំនួន​ពីរ​ ក្នុង​មួយ​គឺ​ក្លឹប​ Chelsea ហើយ​មួយ​ទៀត​គឺ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al Ahli ប្រទាញប្រទង់​គ្នា​ដណ្ដើម ​យក​ខ្សែ​ប្រយុទ្ធ​ឆ្នើម Victor Osimhen ពី​ក្លឹប​អ៊ីតាលី Napoli។ ចុង​បញ្ចប់​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​វ័យ ២៥ ឆ្នាំ​រូប​នេះ បាន​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ទួរគី​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ទៅ​វិញ។ ខាង​ក្រោម​ជា​ដំណើរ​ដើម​ទង​នៃ​ស្ថាន​ភាព​ផ្ទេរ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​នេះ។

ខ្សែ​ប្រយុទ្ធ Victor Osimhen បាន​មក​ចូល​រួម​ជាមួយ​ក្លឹប​ Napoli កាល​ពី​ឆ្នាំ ២០២០ ពី​ក្លឹប​បារាំង Lille។ នៅ​អ៊ីតាលី កីឡាករ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។ កីឡាករ​លេង​សរុប ១៣៣ ប្រកួត និង​ស៊ុត​ចូល​ដល់​ទៅ ៧៦ គ្រាប់​។ ជា​ពិសេស​ក្នុង​រដូវ​កាល ២០២២/២០២៣ ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា​រក​បាន​ដល់ ៣១ គ្រាប់​ឯណោះ ក្នុង​ចំណោម​ការ​ប្រកួត​សរុប ៣៩ លើក និង​បាន​ជួយ​ក្លឹប​ Napoli លើក​ពាន​លីគ​កំពូល​អ៊ីតាលី​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង ៣០ ឆ្នាំ។ ទម្រង់​លេង​យ៉ាង​គាប់​ប្រសើរ​នេះ ធ្វើ​ឲ្យ​កីឡាករ​ឡើង​តម្លៃ​ខ្លួន​ជា​ខ្លាំង។ ក្លឹប​ និង​កីឡាករ​ក៏​ឯកភាព​កុងត្រា​ថ្មី​ដែល​មាន​សុពលភាព​ដល់​ឆ្នាំ ២០២៦ និង​ឡើង​ប្រាក់​ឈ្នួល​ជា​គំហុក​រហូត​ដល់ ១២ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ កុងត្រា​ថ្មី​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ខែ​ធ្នូ ឆ្នាំ ២០២៣។

យ៉ាង​នេះ​ក្ដី​ ទម្រង់​លេង​របស់ Osimhen បន្ត​នៅ​ល្អ ទោះ​ស៊ុត​ចូល​តិច​ជាង​មុន​ក្នុង​រដូវ​កាល ២០២៣/២០២៤។ យ៉ាង​នេះ​ក្ដី Osimhen ចង់​ស្វែង​រក​ទំព័រ​ថ្មី​ក្នុង​អាជីព​បាល់ទាត់​ខ្លួន រួច​ក៏​បាន​ស្នើ​សុំ​ Napoli ជា​ផ្លូវ​ការ​ក្នុង​ការ​បើក​ផ្លូវ​ឲ្យ​រូប​គេ​ទៅ​ក្លឹប​ថ្មី។ សកម្មភាព​នេះ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង Osimhen និង Napoli ប្រេះ​ឆា​មិន​អាច​ជា​នា​គ្នា​បាន។ Osimhen ត្រូវ​តែ​ចេញ​ពី Napoli ក្នុង​រដូវ​កាល​ផ្ទេរ​នេះ។ សំណួរ​សួរ​ថា​រូប​គេ​នឹង​ទៅ​ក្លឹប​ណា?

ក្នុង​ទីផ្សារ​ដោះ​ដូរ​លើក​នេះ ទាំង Chelsea និង​ទាំង Al Ahli បាន​ប្រឹងប្រែង​ប្រជែង​យក Osimhen។ Napoli បាន​ឯក​ភាព​ក្រៅ​ផ្លូវ​ការ​ជាមួយ​តោខៀវ រឿង​តម្លៃ​ផ្ទេរ​គឺ​ប្រមាណ​ជិត ៩០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ យ៉ាង​នេះ​ក្ដី Chelsea បាន​ស្នើ​ប្រាក់ឈ្នួល​តិច​ទៅ​ឲ្យ Osimhen ប្រមាណ​ត្រឹម ៥ លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ តែ​រយៈ​ពេល​កុងត្រា​វែង (អាច ៦ ទៅ ៧ ឆ្នាំ​ឯណោះ)។ Osimhen មិន​ព្រម ហើយ​ទារ​ប្រាក់ឈ្នួល​ពី Chelsea ដល់​ទៅ​ជាង ៣០ លាន​ដុល្លារ​ឯណោះ​ក្នុង​មួយ​ឆ្នាំ។ ការ​ទាម​ទារ​នេះ ត្រូវ​បាន​បដិសេធ​ដោយ​តោ​ខៀវ ទោះ​ខំ​បញ្ចុះ​បញ្ចូល​ខាង​កីឡាករ​ឲ្យ​គិត​គូរ​ឡើង​វិញ​យ៉ាង​ណា​ក៏​ដោយ។ ការ​ចរចា​នេះ​ត្រូវ​បាន​បរាជ័យ។

ដោយ​ឡែក Al Ahli វិញ ហ៊ាន​ឯកភាព​ថ្លៃ​ផ្ទេរ​ជាមួយ Napoli ប្រមាណ​ជិត ៩០ លាន​ដុល្លារ​ ហើយ​ហ៊ាន​ឲ្យ​ប្រាក់​ឈ្នួល Osimhen ដល់​ទៅ​ជាង ៤០ លាន​ដុល្លារ​ឯណោះ​ក្នុង​មួយ​ឆ្នាំ។ ភាគី​ Osimhen ពេញ​ចិត្ត​នឹង​ទំហំ​ប្រាក់​ឈ្នួល​ តែ​អល់​ឯក​ព្រោះ​កីឡាករ​ចង់​បន្ត​លេង​នៅ​ក្លឹប​ធំៗ​នៅ​អឺរ៉ុប។ ណា​មួយ​ទៀត ដោយ​មូល​ហេតុ​មួយ​ចំនួន នៅ​សុខៗ​នា​នាទី​ចុងក្រោយ​ស្រាប់​តែ Napoli តំឡើង​ថ្លៃ​ផ្ទេរ​ទៅ ១០០ លាន​ដុល្លារ​ បើ​ទោះ​ជា​តម្លៃ​ផ្ទេរ​ដើម​ត្រូវ​បាន​ឯកភាព​គ្នា​រួច​ទៅ​ហើយ។ ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវ​បាន​រាយការណ៍​ថា​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ពី​ការ​ក្រឡាស់​សម្ដី​មួយ​នេះ ហើយ​បញ្ចប់​ការ​ចរចា​ភ្លាមៗ​តែ​ម្ដង។

ការ​ផ្ទេរ​ទាំង​ពីរ​នេះ គឺ​បរាជ័យ​នា​ពេល​ដំណាល​គ្នា​នៅ​ពេល​ទី​ផ្សារ​ដោះ​ដូរ​បាន​បិទ​បញ្ចប់​នា​ចុង​ខែ​សីហា​កន្លង​ទៅ។ Osimhen ត្រូវ​បន្ត​នៅ​ Napoli។ ការណ៍​នេះ​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង ព្រោះ​ទំនាក់​ទំនង​រវាង​កីឡាករ និង​ក្លឹប​បាន​ប្រេះ​ឆា​រួច​បាត់​ទៅ​ហើយ។ Osimhen ចង់​ចេញ​ទៅ​ក្លឹប​ផ្សេង ឯ Napoliមិន​ត្រូវ​ការ Osimhen ទៀត​ទេ។

ចុង​បញ្ចប់ ក៏​ស្រាប់​តែ​លេច​ឡើង​នូវ​ក្លឹប​ទួរគី Galatasaray ដាក់​សំណើ​ផ្ទេរ​យក Osimhen ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង។ ក្លឹប​ទួរគី​មួយ​នេះ​ធ្វើ​ដូច្នេះ​បាន​ ក៏​ដោយ​សារ​តែ​នៅ​លីគ​ទួរគី ទីផ្សារ​ដោះ​ដូរ​កីឡាករ​បិទ​នៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញា​ឯណោះ​ ពោល​គឺ​យូរ​ជាង​លីគ​អឺរ៉ុបធំៗ​ដទៃ​ទៀត។ គ្មាន​ជម្រើស ទាំង Napoli និង Osimhen ក៏​ឯក​ភាព​សំណើ​នេះ។

ចុង​បញ្ចប់ Osimhen ក្លាយ​ជា​កីឡាករ​ខ្ចី​ជើង​របស់​ក្លឹប Galatasaray រយៈ​ពេល​មួយ​រដូវ​កាល​។ យ៉ាង​នេះ​ក្ដី Osimhen និង​ក្លឹប Galatasaray ត្រូវ​បាន​រាយការណ៍​ថា មាន​កិច្ច​សន្យា​ពិសេស​ដែល​បើក​ផ្លូវ​ឲ្យ កីឡាករ​រូប​នេះ​ចេញ បើ​មាន​ក្លឹប​ផ្សេង​ចង់​បាន នៅ​ទី​ផ្សារ​ដោះ​ដូរ​ខែមករា​ខាង​មុខ ក្នុង​ករណី​មាន​ការ​ឯកភាព​ថ្លៃ​ផ្ទេរ​ពី​ក្លឹប​អ្នក​ទិញ និង​ក្លឹប Napoli៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី