• 2024-08-29 11:16:09
  • បាល់ទាត់

Ugarte បាន​មក​ដល់​អង់គ្លេស​ហើយ

  • 2024-08-29 11:16:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Manuel Ugarte កំពុង​ពិនិត្យ​សុខភាព​ដើម្បី​ត្រៀម​ចូល​រួម​ជា​ផ្លូវ​ការ​ជាមួយ​ក្លឹប Manchester United។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Fabrizio Romano កីឡាករ Ugarte កំពុង​នៅ​ទី​ស្នាក់ការ​ក្លឹប​ដើម្បី​ធ្វើ​ការ​ពិនិត្យ​សុខភាព។

ដោយ​ឡែក​ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC ទាំង​ក្លឹប​បិសាច​ក្រហម និង​ក្លឹប Paris Saint Germain បាន​ឯកភាព​គ្នា​រឿង​តម្លៃ​ផ្ទេរ​ហើយ នោះ​គឺ​រង្វង់ ៦៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ កីឡាករ​សញ្ជាតិ​អ៊ុយរ៉ាហ្គាយ​វ័យ ២៣ ឆ្នាំ នឹង​ចុះ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ​ជាមួយ​ក្លឹប Manchester United។

ក្លឹប​បិសាច​ក្រហម​បាន​ចំណាយ​ពេល​ជាង ២ ខែ ដើម្បី​ផ្ទេរ​បាន​សម្រេច​កីឡាករ​ខ្សែ​បម្រើ​ការពារ​វ័យ​ក្មេង​រូប​នេះ។ តាម​ពិត​ទៅ Ugarte ចង់​មក​លេង​ឲ្យ​ក្លឹប Manchester United តាំង​ពី​ពេល​ទាក់ទង​ដំបូង តែ​បញ្ហា​តម្លៃ​ផ្ទេរ​ទៅ​វិញ​ទេ​ជាមួយ PSG ដែល​នាំ​ឲ្យ​មាន​ការ​អូសបន្លាយ​ពេល​វេលា​ដ៏​យូរ​បែប​នេះ។ ពី​ដំបូង PSG ចង់​បាន​តម្លៃ​ផ្ទេរ​ប្រមាណ​ជាង ៨០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បិសាច​ក្រហម​ចង់​ឲ្យ​ចុះ​ថ្លៃ​ជាង​នេះ។ ចុង​បញ្ចប់ ក្រោយ​បញ្ចុះ​តម្លៃ​មួយ​ចំនួន ក្លឹប​ទាំង​ពីរ​ក៏​ឯកភាព។

ការ​នាំ​ចូល​ Ugarte ធ្វើ​ឡើង​ស្រប​ពេល ក្លឹប Manchester United បាន​សម្រេច​ផ្ទេរ​ចេញ ខ្សែ​បម្រើ​វ័យ ២៦ ឆ្នាំ Scott McTominay ឲ្យ Napoli ក្នុង​តម្លៃ​ជាង ៣៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

Ugarte បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ PSG។ កាល​ពី​រដូវ​កាល​កន្លង​ទៅ កីឡាករ​លេង​សរុប​ឲ្យ​ក្លឹប​ចំនួន ៣៧ ប្រកួត។ មុន​មក​លេង​ឲ្យ PSG កីឡាករ​មាន​បទពិសោធន៍​លេង​ចំនួន​ ២ រដូវ​កាល​ឲ្យ​ក្លឹប​ព័រទុយហ្គាល់ Sporting CP ហើយ​លេង​នៅ​ទី​នោះ​សរុប ៨៥ ប្រកួត។

នា​រដូវ​កាល​ដោះ​ដូរ​នេះ បិសាច​ក្រហម​ហាក់​មាន​ភាព​សកម្ម​យ៉ាង​ខ្លាំង។ ក្លឹប​ទើប​នាំ​ចូល​កីឡាករ​ក្មេងៗ​ និង​កំពុងមាន​ទម្រង់​លេង​ល្អមកលេងឲ្យក្លឹប​ ក្នុង​នោះ​រួម​មាន​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហុល្លង់​វ័យ ២៣ ឆ្នាំ Joshua Zirkzee ខ្សែ​ការពារ​បារាំង​វ័យ ១៨ ឆ្នាំ Leny Yoro ខ្សែ​ការពារ​ហុល្លង់​វ័យ ២៥ ឆ្នាំ Matthjis de Ligt និង​ខ្សែ​ការពារ​ស្លាប​ម៉ារ៉ុក ២៦ ឆ្នាំ Noussair Mazraoui៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី