- 2024-08-26 12:41:49
- បាល់ទាត់
ទោះ Barca មានបញ្ហាហិរញ្ញវត្ថុ នៅតែមានកីឡាករចង់មកក្លឹបអ្នកមានបុណ្យ
- 2024-08-26 12:41:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះ Barca មានបញ្ហាហិរញ្ញវត្ថុ នៅតែមានកីឡាករចង់មកក្លឹបអ្នកមានបុណ្យ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Federico Chiesa មានចេតនាចង់ចូលរួមជាមួយក្លឹប Barcelona។
យោងតាមការចុះផ្សាយរបស់ Fabrizio Romano បានឲ្យដឹងថា ភ្នាក់ងាររបស់កីឡាករស្លាបសញ្ជាតិអ៊ីតាលីវ័យ ២៦ ឆ្នាំ Chiesa បានប្រាប់ទៅក្លឹបអ្នកមានបុណ្យអំពីចំណាប់អារម្មណ៍របស់កីឡាករក្នុងការចូលរួមជាមួយក្លឹប Barcelona។
យ៉ាងនេះក្ដី គិតមកទល់ពេលនេះ មិនទាន់របាយការណ៍គួរទុកចិត្តណាមួយអាចអះអាងថា ក្លឹបអ្នកមានបុណ្យយល់យ៉ាងណាចំពោះដំណឹងនេះ ហើយក៏មិនទាន់មានសំណើរផ្ទេរផ្លូវការណាមួយដែល Barca បានដាក់ទៅក្លឹបអ៊ីតាលី Juventus ក្នុងការទិញខ្សែស្លាបរូបនេះ។
គិតតាំងពីពេលវិបត្តិកូវីដមក ក្លឹប Barcelona មានបញ្ហាហិរញ្ញវត្ថុជាទម្ងន់ ដោយក្លឹបបានចាយ និងជំពាក់បំណុលច្រើន លើសពីចំណូលដែលខ្លួនរកបាន។ ហេតុនេះ ក្លឹបបានធ្វើការផ្ទេរចេញកីឡាករជាច្រើនជាពិសេសកីឡាករមានប្រាក់ឈ្នួលខ្ពស់ ដើម្បីព្យាយាមធ្វើឲ្យក្លឹបមានស្ថិរភាពហិរញ្ញវត្ថុឡើងវិញ។
យ៉ាងនេះក្ដី រហូតដល់ពេលនេះ សុខភាពហិរញ្ញវត្ថុរបស់ Barca នៅតែមានសភាពធ្ងន់ធ្ងរ ក្នុងនោះមានដំណឺងជាច្រើនថា ក្លឹបជំពាក់ប្រាក់ឈ្នួលកីឡាកររបស់ខ្លួនទៀតផង។ បញ្ហាហិរញ្ញវត្ថុនេះធ្វើឲ្យប៉ះពាល់ភាពប្រកួតប្រជែងរបស់ក្លឹប ជាពិសេសលើសមត្ថភាពរបស់ក្លឹបក្នុងការរក្សាទុក និងផ្ទេរចូលកីឡាករល្អៗ។ ឧទាហរណ៍ នារដូវកាលដោះដូរនេះ ក្លឹបត្រូវផ្ទេរចេញកីឡាករល្អៗដូចជា Ilkay Gundogan ដើម្បីផ្ទេរចូលកីឡាករបម្រើប្រយុទ្ធ Dani Olmo។ ទោះជាលះបង់បែបនេះក្ដី Olmo នៅតែមិនទាន់ជាកីឡាកររបស់ Barca ជាផ្លូវការនៅឡើយ ដោយសារក្លឹបមិនទាន់អាចចុះឈ្មោះកីឡាករបានសម្រេច ព្រោះបញ្ហាហិរញ្ញវត្ថុ។
បើទោះមានបញ្ហាបែបនេះក្ដី ក្លឹប Barcelona នៅតែមានសមត្ថភាពទាក់ទាញកីឡាករល្អៗ។ តួយ៉ាងដូច Chiesa ជាដើម នៅតែចង់មកលេងឲ្យក្លឹបអ្នកមានបុណ្យ។ Chiesa មានទម្រង់លេងដ៏ប្រសើរនៅ Juventus ហើយគិតមកទល់ពេលនេះ លេងសរុបឲ្យក្លឹប ១៣១ ដង និងស៊ុតចូល ៣២ គ្រាប់៕