• 2024-08-22 03:01:32
  • បាល់ទាត់

គ្រូ​ស្វាយរៀង៖​ ខ្ញុំ​មាន​មោទកភាព​ចំពោះ​កីឡាករ​ ជ័យជម្នះ​យប់មិញ​ជា​កាដូ​ដែល​ពួកគេ​ខំប្រឹង​កន្លង​ទៅ​

  • 2024-08-22 03:01:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​របស់​ក្លឹប​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​ ថា​លោក​មាន​មោទកភាព​ជា​ខ្លាំង​ចំពោះ​កូន​ក្រុម​របស់​លោក​តាម​រយៈ​ជ័យជម្នះ​លើ​ក្រុម​ខ្លាំង​របស់​ម៉ាឡេស៊ី​យប់​មិញ​នេះ​ ហើយ​ជ័យជម្នះ​មួយ​នេះ​ជា​កាដូ​របស់​ពួកគេ​ដែល​ខំប្រឹង​កន្លង​មក។​

លោក​ Pep Munoz​

លោក​ Pep Munoz​ គ្រូ​បង្វឹក​ក្លឹប​បាល់ទាត់​ព្រះខ័នរាជ្យ​ស្វាយរៀង​ បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌​មាន​យប់មិញ​នេះ​ថា​ វា​ជា​ការ​ប្រកួត​ដ៏​ល្អ​មួយ​សម្រាប់​ក្រុម​របស់​លោក​ពិសេស​ជា​ការ​ប្រកួត​ធំ​នៅ​ក្រៅ​ស្រុក​បែប​នេះ។​ នៅ​ ៤៥នាទី​ដំបូង​លោក​មើល​ឃើញ​ថា​កូន​ក្រុម​លេង​បាន​ល្អ​មែនទែន​ ពោល​ដូច​ទៅ​និង​ការ​លើក​ឡើង​ពី​មុន​អីចឹង​ថា​ក្រុម​ស្វាយរៀង​ជា​ក្រុម​ចូលចិត្ត​គ្រប់គ្រង​បាល់​ច្រើន​ហើយ​នៅ​វគ្គ​ទី១​ នេះ​គឺ​លេង​គ្រប់គ្រង​បាន​ល្អ​តាម​អ្វី​ដែល​គិត។​

រូបភាពហ្វេសបុកស្វាយរៀង

ការ​ប្រកួត​នេះ​គឺ​បាន​បង្ហាញ​ពី​កម្រិត​គុណភាព​របស់​ព្រះខ័នរាជស្វាយរៀង​ បង្ហាញ​ពី​សមត្ថភាព​របស់​ពួកគេ​ថា​ល្អ​ប៉ុណ្ណា​ ប៉ុន្តែ​ក៏​ជា​ការ​បង្ហាញ​ដល់​ពួកគេ​ដែរ​ថា​វា​ពិត​ជា​លំបាក​ណាស់​សម្រាប់​ការ​ប្រកួត​នៅ​ទឹកដី​ម៉ាឡេស៊ី​ ប៉ះ​ក្រុម​ខ្លាំង​បែប​នេះ​ និង​លេង​តាម​របៀប​ដែល​បាន​រៀបចំ​ហើយ​ឈ្នះ​បែប​នេះ។​ លោក​ពិត​ជា​មាន​មោទកភាព​ចំពោះ​ក្រុម​ជា​ខ្លាំង​ហើយ​នេះ​ជា​កាដូ​មួយ​សម្រាប់​ពួកគេ​ដែល​ខំប្រឹង​ប្រែង​ហ្វឹកហាត់​កន្លង​ទៅ។​

រូបភាពហ្វេសបុកស្វាយរៀង

បញ្ជាក់​ដែរ​ថា​ ក្លឹប​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​ យប់មិញ​នេះ​បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ Terengganu FC ដោយ​លទ្ធផល ៣-២ ​នៃ​ការ​ប្រកួត​ដំបូង​ក្នុង​វគ្គ​ចែក​ពូល ​ពានរង្វាន់​ក្លឹបអាស៊ាន​ (Shopee Cup) ២០២៤/២០២៥ (2024–25 ASEAN Club Championship Group A)៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី