- 2024-08-19 12:28:40
- បាល់ទាត់
គ្រូថ្មី Chelsea ឆ្លើយយ៉ាងខ្លីពីអនាគតរបស់ Sterling
- 2024-08-19 12:28:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូថ្មី Chelsea ឆ្លើយយ៉ាងខ្លីពីអនាគតរបស់ Sterling
ចន្លោះមិនឃើញ
អនាគតរបស់ខ្សែស្លាប Raheem Sterling ស្ថិតក្នុងសភាពមិនច្បាស់លាស់ក្រោមអ្នកចាត់ការថ្មីក្លឹប Chelsea លោក Enzo Maresca។
នៅពេលសួរដោយអ្នកសារព័ត៌មានថាលោកបន្តត្រូវការ Sterling ឬអត់ នាពេលថ្មីៗកន្លងទៅនេះ លោក Maresca បាននិយាយប្រាប់វិញយ៉ាងខ្លីថា លោកចង់បន្តទុកកីឡាករទាំងជាង ៣០ រូបរបស់ Chelsea។ ទោះជាយ៉ាងណា ជាក់ស្ដែងកន្លែងបង្គោលៗក្នុងក្រុមគឺមានកម្រិត ហើយមិនអាចសម្របសម្រាប់មនុស្សដល់ទៅ ៣០ រូបនោះបានទេ។ កីឡាករខ្លះ ត្រូវចាកចេញ។
Maresca ឆ្លើបដូច្នេះ ក្រោយលោកសម្រេចមិនដាក់ឈ្មោះ Sterling ក្នុងបញ្ជីកីឡាករ Chelsea ត្រូវលេងជាមួយក្លឹប Manchester City។ ក្នុងការប្រកួតនោះ តោខៀវ បានចាញ់ Man City ក្នុងលទ្ធផល ២ ទល់នឹង ០ ក្នុងដីរបស់ខ្លួន។
ក្រោយទទួលបានដំណឺងថារូបគេមិនមានឈ្មោះក្នុងក្រុម Sterling ត្រូវបាន Sky Sports រាយការណ៍ថាសួរលោក Maresca ភ្លាមអំពីសេចក្ដីសម្រេចចិត្តរបស់លោក។ មិនទាន់មានការរាយការណ៍ណាថា គ្រូចាត់ការ Chelsea ឆ្លើយយ៉ាងម៉េចទៅ Sterling នោះទេ គិតមកទល់ពេលនេះ។
កីឡាករវ័យ ២៩ ឆ្នាំសញ្ជាតិអង់គ្លេស Sterling បានមកចូលរួមជាមួយតោខៀវកាលពីខែកក្កដាឆ្នាំ ២០២២ ក្នុងតម្លៃផ្ទេរជិត ៦០ លានដុល្លារសហរដ្ឋអាមេរិកពីក្លឹប Manchester City។ ជាពិសេសក្រោមការដឹកនាំរបស់លោក Mauricio Pochettino កីឡាករបានក្លាយជាខ្សែស្លាបសំខាន់មួយរូបរបស់ក្លឹប។ ទោះជាយ៉ាងណា លោក Pochettino បានចែកផ្លូវជាមួយ Chelsea កាលពីខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ដោយមានបញ្ហាទាក់ទងនឹងទិសដៅ និងយុទ្ធសាស្ត្រដឹកនាំជាមួយម្ចាស់ក្លឹបតោខៀវ។ លោកត្រូវបានជំនួសដោយអតីតអ្នកចាត់ការក្លឹប Leicester City លោក Enzo Maresca។ លោក Maresca ចុះកុងត្រារយៈពេលវែង ៥ ឆ្នាំជាមួយក្លឹប។
លោក Maresca ជាអ្នកចាត់ការដែលផ្ដោតលើការអភិវឌ្ឍកីឡាករក្មេងៗជាធំ។ ហេតុនេះហើយ អ្នកវិភាគខ្លះលើកឡើងថា លោកអាចនឹងផ្ទេរចេញកីឡាករមួយចំនួនដូចជា Sterling ចេញ ដើម្បីបើកផ្លូវឲ្យកីឡាករក្មេងៗបានឱកាសលេងច្រើនជាងមុន ដែលស្របនឹងទិសដៅ និងយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្លឹប៕