• 2024-08-18 06:00:00
  • បាល់ទះ

វឿន វាសនា មើលឃើញ ចាន់ វាសនា អនាគតអាចស្នងតំណែងខ្លួនបាន

  • 2024-08-18 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករបាល់ទះជម្រើសជាតិកម្ពុជា និងកីឡាករមកពីក្លឹបបាល់ទះ Win+Streak វឿន វាសនា បានមើលឃើញកីឡាករវ័យក្មេងមួយរូបដែលអាចស្នងតំណែងរូបគេបាននាថ្ងៃអនាគត​។ កីឡាកររូបនោះគឺ ចាន់ វាសនា ស្មាត់ស្ដាំនៃក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​។

កីឡាករ វឿន វាសនា

ស្មាត់ស្ដាំដ៏ឆ្នើមរូបនេះបានឲ្យដឹងក្រោយចប់កម្មវិធីចុះហត្ថលេខាលើអនុស្សនៈរវាងសហព័ន្ធកីឡាបាល់ទះកម្ពុជា និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ស្ដីពីការឧបត្ថម្ភពានរង្វាន់បាល់ទះសម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត SEA V League Chanllenge និងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង និង Wurkz Speciall Volleyball Challenge យ៉ាងដូច្នេះថា ៖" បច្ចុប្បន្នខ្ញុំមើលឃើញកីឡាករមកពីស្នងការរាជធានីភ្នំពេញកីឡាករ ចាន់ វាសនា ទម្រង់គាត់គ្រាន់បើ ហើយណាមួយអាយុគាត់ក៏មិនទាន់ជាច្រើនណាស់ណាដែរ ប៉ុន្តែបើគាត់ចង់ឈានឲ្យផុតកម្រិតមួយហ្នឹង គាត់ត្រូវដាក់វិន័យខ្លួនឯងជាខ្លាំង បើគាត់អត់មានវិន័យលើខ្លួនឯងទេគាត់អាចធ្លាក់មកវិញ មិនអាចដើរទៅមុខទៀតបានទេ វិន័យសំខាន់ខ្លាំងណាស់ក្នុងវិស័យបាល់ទះ"។

កីឡាករ ចាន់ វាសនា

ទាក់ទងនឹងសមត្ថភាពកីឡាករវ័យ២១ឆ្នាំ ចាន់ វាសនា មានហើយ ចុះពាក់ព័ននឹងរូបរាងកាយវិញ? ត្រង់ចំណុចនេះអតីតស្មាត់ធំរបស់ក្លឹបបាល់ទះវិសាខា វឿន វាសនា ថាកីឡាកររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះរៀងស្គមមិនបន្តិច មិនទាន់រឹងមាំនៅឡើយទេ ដូច្នេះគេត្រូវមានវិន័យក្នុងការហ្វឹកហាត់ និងហូបចុកជាដើម។

វឿន វាសនា ឬ​ស្នាលេខ២០បានបញ្ជាក់ថា ៖"បើនិយាយពីកាយសម្បទា បើនិយាយពាក្យសាមញ្ញគាត់នៅស្ទើរច្រើន មើលទៅគាត់នៅស្គម ក៏ប៉ុន្តែមិនមែនមានន័យថាខ្ញុំមិនចាប់ផ្ដើមពីចំណុចហ្នឹងទេ កាលខ្ញុំនៅអាយុស្របាលៗគាត់ កាយសម្បទារបស់ខ្ញុំក៏ដូចគាត់ដែរ ប៉ុន្តែដោយសារយើងមានវិន័យនិងការហ្វឹកហាត់ដិតដល់ ទើបកាយសម្បទាយើងមាំមួន"៕

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី