- 2024-08-09 11:34:45
- បាល់ទាត់
De Gea រកឃើញក្លឹបថ្មីហើយ
- 2024-08-09 11:34:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Gea រកឃើញក្លឹបថ្មីហើយ
ចន្លោះមិនឃើញ
អតីតអ្នកចាំទីដៃទីមួយរបស់ Manchester United កីឡាករ David De Gea នឹងចូលរួមជាមួយក្លឹបអ៊ីតាលី Florentina ក្នុងពេលឆាប់ៗខាងមុខ។
យោងតាមការចុះផ្សយរបស់សារព័ត៌មាន The Athletic បានឲ្យដឹងថាអ្នកចាំទីវ័យ ៣៣ ឆ្នាំរូបនេះ កំពុងស្ថិតក្នុងដំណាក់កាលចរចាគ្នាជាមួយក្លឹបលីគកំពូលអ៊ីតាលី Florentina។ បើតាមប្រភពដដែល អារម្មណ៍របស់ភាគីទាំងពីរគឺវិជ្ជមាន ហើយកិច្ចព្រមព្រៀងនឹងត្រូវបានចុះហត្ថលេខានាពេលឆាប់ៗ បើមិនមានអ្វីប្រែប្រួលនោះទេ។
របាយការណ៍ខ្លះហ៊ានទាំងអះអាងទៀតថា De Gea និងក្លឹប Florentina បានឯកភាពគ្នាទៅហើយក្នុងការចុះហត្ថលេខាលើកុងត្រាមានសុពលភាពរយៈពេល ១ ឆ្នាំ ហើយមានលទ្ធភាពក្នុងការតបន្ថែម ១ ឆ្នាំទៀត។ យោងតាមប្រភពនេះ De Gea កំពុងធ្វើដំណើរទៅ Florentina ដើម្បីពិនិត្យសុខភាព មុនចូលរួមជាផ្លូវការជាមួយក្លឹប។
De Gea បានសម្រាកពីអាជីពបាល់ទាត់ប្រមាណ ១៥ ខែហើយ ក្រោយចែកផ្លូវជាមួយបិសាចក្រហម កាលពីពាក់កណ្ដាលឆ្នាំមុន បន្ទាប់ពីកីឡាករអេស្ប៉ាញ និងក្លឹបមិនអាចឯកភាពគ្នារឿងកុងត្រាថ្មីបាន។
De Gea គឺជាវីរបុរសដ៏ស្មោះស្ម័គ្ររបស់ក្លឹបបិសាចក្រហម។ កីឡាករបានចំណាយពេល ១២ រដូវកាលនៅជាមួយក្លឹបពី ឆ្នាំ ២០១១ ដល់ ២០២៣ ហើយជួយក្លឹបក្នុងដំណាក់កាលលំបាកជាច្រើន ជាពិសេសនៅពេលក្លឹបធ្លាក់ទម្រង់លេងជាគំហុក ក្រោយការចូលនិវត្តន៍របស់អតីតអ្នកចាត់ការ Alex Ferguson កាលពីពាក់កណ្ដាលឆ្នាំ ២០១៣ មក។ កីឡាករលេងសរុប ៥៤៥ ប្រកួតឲ្យក្លឹប។
De Gea ត្រូវបានជំនួសដោយកីឡាករសញ្ជាតិកាមេរ៉ូន Andre Onana ក្នុងនាមជាអ្នកចាំទីដៃទីមួយរបស់ក្លឹប។ មុនមកលេងឲ្យបិសាចក្រហម Onana ចំណាយពេលមួយរដូវកាលនៅ Inter Milan និង ៦ រដូវកាលនៅហុល្លង់ជាមួយក្លឹប Ajax។
ក្រោយចេញពីក្លឹបភ្លាម មានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា De Gea មានគម្រោងទៅលេងនៅលីគកំពូលអាមេរិក ឬអារ៉ាប៊ីសាអ៊ូឌីត។ យ៉ាងនេះក្ដី កីឡាកររូបនេះជ្រើសរើសជម្រើសសម្រាកពីបាល់ទាត់អាជីពជាង ១ ឆ្នាំ។ ទោះជាសម្រាកក្ដី កីឡាករនៅតែបន្តហ្វឹកហាត់ជាសកម្ម ហើយគ្មានចេតនាចូលនិវត្តន៍នៅឡើយនាពេលនេះ៕
ប្រភព៖ The Athletic