• 2024-08-06 13:46:02
  • បាល់ទាត់

Alvarez ចែក​ផ្លូវ​ជាមួយ Man City

  • 2024-08-06 13:46:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Julian Alvarez នឹង​ចែក​ផ្លូវ​ជាមួយ Manchester City ហើយ​នឹង​មក​ចូល​រួម​ជាមួយ​ក្លឹប​អេស្ប៉ាញ​ Atletico Madrid។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ធំៗ​ដូច​ជា BBC ជា​ដើម បាន​ឲ្យ​ដឹង​ក្លឹប Man City និង Atletico Marid បាន​ឯកភាព​រឿង​តម្លៃ​ផ្ទេរ​ហើយ គិត​មក​ទល់​ពេល​នេះ គឺ​រង្វង់​សរុប​ប្រមាណ​ជិត​ ១០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ក្លឹប​ទាំង​ពីរ​កំពុង​ចរចា​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​បិទ​បញ្ចប់​ការ​ផ្ទេរ​នេះ ខណៈ​ពេល​អារម្មណ៍​នៃ​ការ​ចរចា​គឺ​វិជ្ជមាន។

ដោយ​ឡែក​ក្លឹប Atletico ក៏​កំពុង​បើក​ការ​ចរចា​ជាមួយ​ភាគី​កីឡាករ​វ័យ ២៤ ឆ្នាំ Alvarez ផ្ទាល់។ យោង​តាម​ដំណឹង​ល្ហិចល្ហៀង​មួយ​ចំនួន កុងត្រា​ដែល AT Madrid នឹង​ផ្ដល់​ឲ្យ​ Alvarez គឺ​មាន​រយៈ​ពេល​ដល់ ៥ ឆ្នាំ ក្នុង​ទំហំ​ទឹក​ប្រាក់​ឈ្នួល​ជា​ច្រើន។ បើ​តាម​ដំណឹង​ដដែល ខាង​កីឡាករ​នឹង​ឯកភាព​នឹង​សំណើ​នេះ រួច​នឹង​ហោះ​ទៅ​អេស្ប៉ាញ​នា​ពេល​ឆាប់ៗ​ដើម្បី​ពិនិត្យ​សុខភាព និង​ផ្ទេរ​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ​ជា​ផ្លូវ​ការ។

គិត​ចាប់​ពី​ចូល​រួម​ជាមួយ​ក្លឹប​កាល​ពី​ ២០២២ មក ខ្សែ​ប្រយុទ្ធ Julian Alvarez ​លេង​សរុប ១០៣ ប្រកួត និង​ស៊ុត​ចូល ៣៦ គ្រាប់​ឲ្យ​ក្លឹប Manchester City និង​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន​ជាមួយ​ក្លឹប​ដូច​ជា ពាន​លីគ​កំពូល​អង់គ្លេស ពាន FA Cup និង​ពាន UEFA Champions League។ កីឡាករ​រូប​នេះ គឺ​ជា​កីឡាករ​ដ៏​សំខាន់​មួយ​រូប​របស់​ក្លឹប តែ​ដោយ​ចង់​លេង​ច្រើន​ប្រកួត​ជាង​នៅ​ Man City កីឡាករ​ក៏​ចង់​ចាក​ចេញ​ពី​ក្លឹប ដើម្បី​ទៅ​រក​ក្លឹប​ណា​ដែល​ផ្ដល់​តួនាទី​ស្នួល​ឲ្យ​រូប​គេ​ជា​ខ្សែ​ប្រយុទ្ធ​បង្គោល​របស់​ក្លឹប។ នៅ​ Man City បច្ចុប្បន្ន​ ខ្សែ​ប្រយុទ្ធ Erling Haaland គឺ​ជា​ខ្សែ​ប្រយុទ្ធ​បង្គោល​របស់​ក្លឹប។

យ៉ាង​នេះ​ក្ដី យោង​តាម​របាយការណ៍​ចុះ​ផ្សាយ​ចុង​ក្រោយ ការ​ចាកចេញ​របស់​ខ្សែ​ប្រយុទ្ធ Alvarez គឺ​នឹង​ធ្វើ​ឲ្យ​អ្នក​ចាត់​ការ​ក្លឹប Manchester City លោក Pep Guardiola នឹង​បើក​យុទ្ធនាការ​ស្វែង​រក​កីឡាករ​ប្រយុទ្ធ​ឆ្នើម​មួយ​រូប ដើម្បី​មក​ជំនួស​ Alvarez។ គិត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​លើក​ឡើង​ណា​មួយ​ទេ ថា​កីឡាករ​នោះ​គឺ​ជា​កីឡាករ​រូប​ណា៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី