• 2024-08-02 12:03:22
  • ព័ត៌មាន

កីឡាករ​បាញ់​កាំភ្លើង​ខ្លី​ទួរគី​ផ្ទុះការចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​របៀបតែងខ្លួនសាមញ្ញ

  • 2024-08-02 12:03:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Yusuf Dikec កីឡាករជនជាតិ​ទួរគី​សម្រាប់វិញ្ញាសារ​បាញ់​កាំភ្លើងខ្យល់​ចម្ងាយ​១០ម៉ែត្រ​លក្ខណៈ​ជា​ក្រុម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ប៉ារីស២០២៤ បាន​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពាសពេញ​បណ្ដាញ​សង្គម។

បុរស​វ័យ​ ៥១ឆ្នាំ​នេះបាន​ប្រកួត​អូឡាំពិក​វិញ្ញាសារ​ដដែល​តាំង​ពី​ឆ្នាំ២០០៨មក។ លោក​និង​មិត្តរួមក្រុមរបស់​លោក​គឺកញ្ញា Sevval Ilayda Tarhan វ័យ២៤ឆ្នាំ បាន​ឈ្នះ​មេដាយប្រាក់​នៅ​ក្នុង​វិញ្ញាសារ​នេះ។ មេដាយ​មាស​នៅ​ក្នុង​វិញ្ញាសារ​នេះ​បាន​ទៅ​ក្រុម​ស៊ែប ហើយ​សំរិទ្ធិ​បាន​ទៅ​ក្រុម​ឥណ្ឌា។

អ្វីដែល​គេ​ចាប់​អារម្មណ៍​លោក Dikec ខ្លាំង​ជាង​គេ​គឺ ដោយសារ​តែ​លោក​ចូល​ប្រកួត​ប្រកប​ដោយ​ភាព​សាមញ្ញបែប​ជឿជាក់។ ខុស​ពី​កីឡាករ​ជា​ច្រើន​នៅ​ក្នុង​វិញ្ញាសារ​បាញ់​កាំភ្លើងវែង-ខ្លី​នេះ លោក​ចូល​ប្រកួត​ដោយ​ពាក់​តែ​អាវ​យឺត និង​កាស​ពណ៌​លឿង​ខ្ទប់​ត្រជាក់ ជ្រែងហោប៉ៅ​ខោ អម​ជាមួយ​នឹង​វ៉ែនតា​ម៉្ញូប​របស់​លោក​ប៉ុណ្ណោះ។

កីឡាករ​ភាគ​ច្រើន​ផ្សេងទៀត​សុទ្ធតែ​ពាក់ប្រដាប់​ការពារ​ធំៗ និង​វ៉ែនតា​ជំនួយ​ភ្នែក​តូចធំ។

យ៉ាងណាមិញ តាមពិតទៅ ក្រៅ​ពី​កីឡាករ​ទួរគី​មួយ​នេះ កីឡាករ​បាញ់កាំភ្លើងវែង​របស់​ចិន​គឺ​លោក Liu Yukun ក៏​ចូល​ប្រកួត​ដោយ​គ្មាន​ពាក់​របស់​ជំនួយ​ភ្នែក​ផង​ដែរ តែ​មិនសូវជា​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដូច​លោក Dikec៕

ប្រភព៖ CNN អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី