- 2024-08-01 11:17:05
- បាល់ទាត់
កីឡាករសញ្ជាតិណាខ្លះ ធ្លាប់លេងនៅ Premier League ?
- 2024-08-01 11:17:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករសញ្ជាតិណាខ្លះ ធ្លាប់លេងនៅ Premier League ?
ចន្លោះមិនឃើញ
លីគកំពូលអង់គ្លេស គឺជាលីគបាល់ទាត់ដ៏ល្បីល្បាញទូទាំងសាកលលោក ដោយមានអ្នកទស្សនា និងតាមដានរាប់រយលាននាក់ក្នុងមួយរដូវកាលៗ។ ការគាំទ្រ និងចំណាប់អារម្មណ៍លើ Premier League មានកត្តាជាច្រើន ដូចជា វិសាលភាពធំក្នុងការផ្សព្វផ្សាយ ហេត្ថារចនាសម្ព័ន្ធលីគល្អ ភាពប្រកួតប្រជែងខ្លាំងរបស់លីគ ក្រុមខ្លាំងៗច្រើន ព្រមទាំងវត្តមានកីឡាករល្អៗជាដើម។ ហេតុនេះហើយ ទើបលីគ Premier League គឺជាលីគដែលសម្បូរទៅដោយធនធានថវិកាជាច្រើន ដែលនេះគឺជាមូលហេតុមួយនាំឲ្យកីឡាករល្អៗគ្រប់ទិសទីចង់ទៅលេងនៅអង់គ្លេស។
យោងតាមទិន្នន័យផ្លូវការរបស់លីគ តាំងពីរៀបចំឡើងវិញក្លាយជា Premier League នាឆ្នាំ ១៩៩២ មក គិតត្រឹមខែមេសាឆ្នាំនេះ មានកីឡាករសរុប ៤៨០៧ រូបបង្ហាញវត្តមានលេងឲ្យលីគកំពូលមួយនេះ។ ក្នុងនោះ បើគិតជាសញ្ជាតិ គឺមាន ១២៣ សញ្ជាតិ។
ដោយសារលីគកំពូលអង់គ្លេសប្រព្រឹត្តទៅជាអចិន្ត្រៃយ៍នៅអង់គ្លេស កីឡាករសញ្ជាតិអង់គ្លេសមានចំនួនច្រើនជាងគេ គឺសរុប ១៦៨៣ នាក់។
បើគិតជាទ្វីប កីឡាករដែលបានលេងនៅ Premier League ច្រើនជាងគេ គឺទ្វីបអឺរ៉ុប ពោលគឺដល់ទៅ ៣៨០៣ នាក់ បើគិតជាភាគរយ គឺ ៧៩ ភាគរយ។ ច្រើនបន្ទាប់គឺទ្វីបអាហ្រ្វិក ដែលមានកីឡាករសរុប ៣៩៦ នាក់ បើគិតជាភាគរយ គឺ ៨ ភាគរយ។ ច្រើនលេខ ៣ គឺទ្វីបអាមេរិកខាងត្បូង មានសរុប ៣០៤ នាក់ បើគិតជាភាគរយគឺជាង ៦ ភាគរយ។ ទ្វីបអាមេរិកខាងជើង និងអាមេរិកកណ្ដាលមានកីឡាករ ២០១ នាក់ (៤ ភាគរយ) ចំណែកឯទ្វីបអូសេអានីមាន ៦០ នាក់ (ជាង ១ ភាគរយ) និងអាស៊ីមាន ៤៣ នាក់ (ជិត ១ ភាគរយ)។
បើបែងតាមសញ្ជាតិប្រចាំទ្វីប ចំពោះអឺរ៉ុប បន្ទាប់ពីអង់គ្លេស គឺបារាំង (២៣៤ នាក់)។ ចំណែកនៅអាហ្វ្រិក នីហេ្សរីយ៉ា មានកីឡាករដល់ទៅ ៥៧ នាក់ ឯលេខ ២ គឺសេណេហ្គាល់មានកីឡាករ ៤៦ រូប។
នៅទ្វីបអាមេរិកខាងត្បូង ប្រេស៊ីលច្រើនគេ គឺ ១១៥ រូប និងច្រើនបន្ទាប់គឺ អាហ្សង់ទីនមាន ៨៤ នាក់។ ដោយឡែកនៅទ្វីបអាមេរិកខាងត្បូង និងអាមេរិកកណ្ដាល លេខ ១ ស្ទួន គឺចាម៉ៃកា និងសហរដ្ឋអាមេរិក ដែលមាន ៥៧ នាក់ដូចគ្នា។
នៅទ្វីបអូសេនី អូស្ត្រាលីមាន ៥៤ រូប និងនូវែលសេឡង់មាន ៦ នាក់។ ចំណែកនៅអាស៊ីវិញ លេខ ១ គឺកូរ៉េខាងត្បូង មាន ១៤ នាក់ និងជប៉ុនដែលមានច្រើនបន្ទាប់គឺ ១៣ រូប៕