• 2024-07-31 13:03:48
  • បាល់ទាត់

នាំ​ចូល​មិន​ទាន់​បាន​ប៉ុន្មាន​ផង ខ្សែ​ការពារ Man Utd ថ្មី​អាច​អវត្តមាន​រយៈ​ពេល​យូរ

  • 2024-07-31 13:03:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ថ្មី​របស់ Manchester United កីឡាករ Leny Yoro បាន​រង​របួស​រហូត​ដល់​កាន់​កាត់​ដែក​ច្រត់។

មិន​ទាន់​មាន​របាយការណ៍​ចុង​ក្រោយ​ណា​មួយ​ហ៊ាន​អះអាង​ថា Yoro នឹង​អវត្តមាន​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​នោះ​ទេ។ បើ​តាម​ពាក្យ​ចចាមអារ៉ាម​ខ្លះ Yoro អាច​របួស​ធ្ងន់ និង​អវត្ថមាន​ជា​ច្រើន​ខែ។

កាល​ពី​ប្រកួត​មិត្តភាព​ជាមួយ Arsenal កាល​ពី​ចុង​សប្ដាហ៍​កន្លងទៅ ខ្សែ​ការពារ Leny Yoro បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​បិសាច​ក្រហម។ យ៉ាង​នេះ​ក្ដី មិន​ទាន់​ចូល​តង់​ទី​ពីរ កីឡាករ​ក៏​រង​របួស​ប្រអប់​ជើង បណ្ដាល​ឲ្យ​អ្នក​ចាត់​ការ Erik Ten Hag សម្រេច​ប្ដូរ​កីឡាករ​ចេញ។

លោក Ten Hag ត្រូវ​បាន​រាយការណ៍​ថា នឹង​ចេញ​មុខ​និយាយ​ពី​រយៈ​ពេល​របួស​របស់ Yoro នៅ​ចុង​សប្ដាហ៍​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ប្រកួត​ជាមួយ Liverpool។

កាល​ពី​ដើម​សប្ដាហ៍​មុន ក្លឹប​ Manchester United ទើប​នាំ​ចូល​ខ្សែ​ការពារ​បារាំង Leny Yoro ពី​ក្លឹប​ Lille ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ៧០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ Yoro មាន​វ័យ ១៨ ឆ្នាំ តែ​បាន​បង្ហាញ​សមត្ថភាព​ធ្វើ​ជា​កីឡាករ​ឈុត​ធំ​ទៅ​ហើយ​ឲ្យ​ក្លឹប Lille ដោយ​បាន​បង្ហាញ​ខ្លួន​ដល់​ទៅ ៤៤ ប្រកួត និង​ស៊ុត​ចូល ៣ គ្រាប់​ឲ្យ​ក្លឹប​កាល​ពី​រដូវ​កាល​មុន។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ខ្លះ បាន​ឲ្យ​ដឹង​ថា​បើ​សិន​ជា​ Yoro របួស​រយៈ​ពេល​វែង​ នោះ​ក្លឹប​នឹង​ត្រូវ​បង្ខំ​ចិត្ត​ទិញ​ខ្សែ​ការពារ​ថ្មី​ក្នុង​ពេល​ឆាប់ៗ​បំផុត ដើម្បី​មក​ពង្រឹង​តំបន់​ការពារ​របស់​ក្រុម។

បើតាមដំណឹងចុងក្រោយ Manchester United ក៏​បាន និង​កំពុង​ចរចា​ផ្ទេរ​យក​ខ្សែ​ការពារ​ហុល្លង់ Matthjis De Ligt ពី​ក្លឹប Bayern Munich។​ អារម្មណ៍​របស់​ភាគី​ក្លឹប​ទាំង​សង​ខាង កំពុង​ល្អ​ ហើយ​អាច​នឹង​បិទ​បញ្ចប់​នា​ពេល​ឆាប់ៗ ក្នុង​ករណី​និយាយ​ថ្លៃ​ផ្ទេរ​ត្រូវ​គ្នា។ ឯ De Ligt វិញ គឺ​ចាប់​អារម្មណ៍​ចង់​មក​ធ្វើ​ការ និង​រួម​ដំណើរ​ជា​ថ្មី​ជាមួយ​អតីត​គ្រូ​របស់​ខ្លួន គឺ​លោក Ten Hag គឺ​ជា​អ្នក​ចាត់​ការ​ក្លឹប​បិសាច​ក្រហម​នា​ពេល​បច្ចុប្បន្ន៕

ប្រភព៖ Sky Sports អត្ថបទ៖ សេរី មង្គល

មតិយោបល់