• 2024-07-30 12:33:59
  • បាល់ទាត់

Pep ដូរ​ជំហរ​រឿង KDB និង​និយាយ​ពី​អនាគត Alvarez

  • 2024-07-30 12:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Manchester City លោក Pep Guardiola បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​អនាគត​របស់​ខ្សែ​បម្រើ Kevin De Bruyne និង ខ្សែ​ប្រយុទ្ធ Julian Alvarez។

ទាក់​ទង​នឹង KDB លោក Pep បាន​ដូវ​ជំហរ​។ លោក​ថា បើ​តាម​អ្វី​ដែល​លោក​ដឹង​គិត​មក​ទល់​ពេល​នេះ គឺ​ថា De Bruyne នឹង​បន្ត​លេង​ឲ្យ Manchester City។ តែ​លោក​បន្ថែម​ទៀត​ថា យ៉ាង​នេះ​ក្ដី បើ De Bruyne សម្រេច​ចិត្ត​ចង់​ចេញ​ពី​ក្លឹប គឺ​ក្លឹប​មាន​តែ​សម្រប​តាម។ កាល​ពី​សប្ដាហ៍​មុន លោក​បញ្ជាក់​ច្បាស់​ KDB នឹង​បន្ត​លេង​នៅ​ Manchester City។

កុងត្រា​របស់ KDB នៅ​ក្លឹប Man City មាន​សុពលភាព​រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ ២០២៥ ពោល​គឺ ១ ឆ្នាំ​ទៀត។ កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លើក​ឡើង​ថា ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al Ittihad កំពុង​ចរចា​យក​ខ្សែ​បម្រើ​ Kevin De Bruyne។

ពាក្យ​ចចាមអារ៉ាម​នេះ កើត​ឡើង​ក្រោយ​ De Bruyne បាន​ប្រាប់​ទៅ​អ្នក​សារព័ត៌មាន​កាល​ពី​ខែ​មុន​ថា រូប​គេ​ដល់​វ័យ​មួយ​ដែល​ត្រូវ​គិត​គូរ​ពី​រឿង​ចំណូល​ជា​ធំ ព្រោះ​ជិត​ដល់​អាយុ​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​អាជីព​ហើយ។ ដូច្នេះ រូប​គេ​បើក​ចំហរ​គ្រប់​ជម្រើស​ទាំង​អស់ ទាក់​ទង​នឹង​អនាគត​របស់​រូប​គេ ក្នុង​នោះ​រួម​មាន​ទាំង​ការ​ផ្ទេរ​ចេញ​ពី​ក្លឹប Manchester City ផង​ដែរ។

ក្លឹប Al Ittihad គឺ​ជា​ក្លឹប​សម្បូរ​ធនធាន​ណាស់ ហើយ​ហ៊ាន​ឲ្យ​ប្រាក់ឈ្នួល​យ៉ាង​ច្រើន​សម្រាប់​កីឡាករ​ល្បីៗ។ ការណ៍​នេះ​ធ្វើ​ឲ្យ​ក្លឹប​មាន​លទ្ធផល​ទាក់ទាញ​កីឡាករ​ដូច​ជា Karim Benzema ខ្សែបម្រើ N'Golo Kante និង Fabinho ជាដើម។

ដោយ​ឡែក ចំពោះ​ខ្សែ​ប្រយុទ្ធ​វ័យ ២៤ ឆ្នាំ Julian Alvarez វិញ លោក Pep បញ្ជាក់​ថា អនាគត​របស់​រូប​គេ គឺ​រូប​គេ​ផ្ទាល់​អ្នក​សម្រេច។ កាល​ពី​សប្ដាហ៍​នេះ Alvarez បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា រូប​គេ​ចង់​ចូល​លេង​ប្រកួត​ធំៗ​ឲ្យ​បាន​ច្រើន​ជាង​មុន​ ដូច្នេះ​រូប​គេ​កំពុង​តែ​គិត​ថា​គួរ​បន្ត​ដំណើរ​ជាមួយ​ Man City ឬ​យ៉ាង​ណា។ ឆ្លើយ​តប​នឹង​ពាក្យ​សម្ដី​នេះ លោក Pep ថា​ ក្លឹប​រង់ចាំ​ការ​សម្រេច​ចិត្ត​របស់ Alvarez ។

ក្រោយ​ Alvarez និយាយ​ដូច​នេះ​ភ្លាម មាន​លេច​សេចក្ដី​រាយការណ៍​ក្លឹប​អេស្ប៉ាញ Atletico Madrid កំពុង​ពិនិត្យ​លទ្ធភាព​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ​ពី Man City។

ខ្សែ​បម្រើ De Bruyne គឺ​ជា​កីឡាករ​ដ៏​ឆ្នើម​របស់​ក្លឹប Manchester City តាំង​ពី​ចូល​រួម​ជាមួយ​ក្លឹប​កាល​ពី​ឆ្នាំ ២០១៥ មក។ ខ្សែ​បម្រើ​បែលហ្សិក​លេង​សរុប​ឲ្យ​ក្លឹប​ ៣៨២ លើក និង​ស៊ុត​ចូល ១០២ គ្រាប់ ហើយ​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​សរុប​ចំនួន ១៥ ក្នុង​នោះ​ពាន​ធំៗ​គឺ​ឈ្នះ Premier League ៦ ដង និង Champions League ម្ដង។

ឯ Alvarez វិញ ក៏​ជា​កីឡាករ​ដ៏​សំខាន់​មួយ​របស់​ក្លឹប​ផង​ដែរ​។ គិត​ចាប់​ពី​ចូល​រួម​ជាមួយ​ក្លឹប​កាល​ពី​ ២០២២ មក កីឡាករ​លេង​សរុប ១០៣ ប្រកួត និង​ស៊ុត​ចូល ៣៦ គ្រាប់៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី