- 2024-07-29 14:36:10
- បាល់ទាត់
Barca ត្រៀមលក់កីឡាករចេញជាច្រើនរូប ដោយបញ្ហាថវិកា
- 2024-07-29 14:36:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barca ត្រៀមលក់កីឡាករចេញជាច្រើនរូប ដោយបញ្ហាថវិកា
ចន្លោះមិនឃើញ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Goal បានឲ្យដឹងថា ដោយសារបញ្ហាថវិកា ក្លឹប Barcelona កំពុងមានគម្រោងផ្ទេរចេញកីឡាករជាច្រើនរូប។
បើតាមប្រភពដដែល កីឡាករដែលក្លឹបចង់លក់ចេញនោះ រួមមាន៖ ខ្សែការពារវ័យ ២៤ ឆ្នាំ Ronald Araujo ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំ Ansu Fati ខ្សែបម្រើវ័យ ២៧ ឆ្នាំ Frenkie de Jong និង Raphinha ហើយខ្សែបម្រើវ័យ ៣៣ឆ្នាំ Ilkay Gundogan។
តាមពិតទៅ កីឡាករទាំង ៥ រូបសុទ្ធតែចង់បន្តនៅក្លឹប Barcelona។ ទោះជាយ៉ាងណា ក្នុងករណីបើព័ត៌មានក្លឹបអ្នកមានបុណ្យចង់ផ្ទេររូបគេចេញជារឿងពិត កីឡាករនឹងត្រៀមពិនិត្យមើលក្លឹបបន្ទាប់ដែលស័ក្តិសមនឹងខ្លួន។
បើតាមការចុះផ្សាយធំៗមួយចំនួន Gundogan និង Raphinha កំពុងចរចាមានក្លឹបអារ៉ាប៊ីសាអ៊ូឌីត។ មិនទាន់មានរបាយការណ៍ជាក់លាក់ទាក់ទងនឹងពាក្យចចាមអារ៉ាមក្លឹបបន្ទាប់របស់ Fati ក៏ដូចជា De Jong និង Araujo ឡើយគិតមកទល់ពេលនេះ។
មូលហេតុចម្បងដែលក្លឹបចង់ផ្ទេរចេញកីឡាករទាំង ៥ រូបនោះ គឺដោយសារហេតុផលធំៗពីរ។ ទីមួយគឺ ដើម្បីយកថវិកា មកសម្រាលបញ្ហាហិរញ្ញវត្ថុដ៏រ៉ាំរ៉ៃរបស់ក្លឹប និងទីពីរ គឺដើម្បីយកលុយទៅផ្ទេរចូលកីឡាករល្អៗចំនួនពីររូបក្នុងនោះរួមមាន ខ្សែស្លាប Nico Williams និងខ្សែបម្រើប្រយុទ្ធ Dani Olmo។ កីឡាករទាំងពីរសុទ្ធតែជាតារាប្រចាំក្រុមជម្រើសជាតិអេស្ប៉ាញ ដោយបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងព្រឹត្តិការណ៍អឺរ៉ូ ២០២៤ កន្លងទៅ ហើយបានជួយក្រុមឈ្នះពានរង្វាន់កម្មវិធីនេះទៀតផង។
បច្ចុប្បន្ន Williams មានអាយុ ២១ ឆ្នាំ កំពុងលេងឲ្យ Atletic Bilbao។ ឯ Olmo មានអាយុ ២៦ ឆ្នាំ កំពុងលេងឲ្យក្លឹបអាល្លឺម៉ង់ RB Leipzig។ យោងតាម Goal ក្លឹបអ្នកមានបុណ្យត្រូវចំណាយប្រមាណ ១១០ លានដុល្លារសហរដ្ឋអាមេរិក ក្នុងការផ្ទេរចូលកីឡាករឆ្នើមទាំងពីររូបនេះ។
ប៉ុន្មានរដូវកាលចុងក្រោយ ក្លឹប Barcelona មានបញ្ហាហិរញ្ញវត្ថុជាទម្ងន់ ដែលធ្វើឲ្យសមត្ថភាពទាក់ទាញកីឡាករល្អៗមានការធ្លាក់ចុះ។ ការណ៍នេះជាកត្តាមួយធ្វើឲ្យក្លឹបធ្លាក់ភាពប្រកួតប្រជែងនាប៉ុន្មានរដូវកាលចុងក្រោយនេះ និងជាមូលហេតុចម្បងមួយដែលនាំឲ្យមានការចែកផ្លូវគ្នារវាងក្លឹប និងអ្នកចាត់ការ Xavi កាលពីខែឧសភាកន្លងទៅ។ អ្នកចាត់ការថ្មីរបស់ក្លឹបគឺ លោក Hansi Flick ដែលជាអតីតអ្នកចាត់ការក្រុមជម្រើសជាតិអាល្លឺម៉ង់៕