- 2024-07-24 14:42:17
- បាល់ទាត់
Felix អាចទៅលេងនៅអង់គ្លេសជាថ្មីម្ដងទៀត
- 2024-07-24 14:42:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Felix អាចទៅលេងនៅអង់គ្លេសជាថ្មីម្ដងទៀត
ចន្លោះមិនឃើញ
ក្លឹប Aston Villa កំពុងព្យាយាមអន្ទងខ្សែប្រយុទ្ធ Joao Felix។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Guardian។
យោងតាមប្រភពដដែល អ្នកចាត់ការ Aston Villa ពេញចិត្តលើ Felix ជាយូរមកហើយ និងតែងតាមដានស្ថានភាពរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ ២៤ ឆ្នាំរូបនេះ។
ការចាប់អារម្មណ៍របស់ Aston Villa កើតឡើងក្រោយរបាយការណ៍ចុងក្រោយ លើកឡើងថា Barcelona មិនមានគម្រោងក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Felix ជាកីឡាករពេញសិទ្ធិ ដោយបញ្ហាហិរញ្ញវត្ថុ។ នារដូវកាល ២០២៣/២០២៤ កន្លងទៅ Felix បានទៅលេងឲ្យ Barca ក្នុងជាកីឡាករខ្ចីជើងពីក្លឹប Atletico Madrid។ កីឡាករលេងសរុប ៤៤ ប្រកួត និងស៊ុតចូល ១០ គ្រាប់។
ណាមួយ Aston Villa ក្រោមការដឹកនាំរបស់លោក Emery កំពុងឡើងទម្រង់លេងយ៉ាងខ្លាំង និងមានលទ្ធភាពទាក់ទាញកីឡាករល្បីឈ្មោះ។ កាលពីរដូវកាល ២០២៣/២០២៤ ក្លឹបជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងលីគកំពូលអង់គ្លេស ហើយកក់កៅអីលេង UEFA Champions League នៅរដូវកាល ២០២៤/២០២៥។
គិតមកទល់ពេលនេះ មិនទាន់សេចក្ដីរាយការណ៍ណាមួយដែលអះអាងថា Atletico Madrid និង Felix យល់យ៉ាងណា ចំពោះពាក្យចចាមអារ៉ាមនេះឡើយ។
ទោះជាយ៉ាងណា បើការផ្ទេរនេះកើតឡើងមែន នេះជាលើកទីពីរហើយដែល Felix លេងនៅទឹកដីអង់គ្លេសក្នុងក្របខ័ណ្ឌ Premier League។ កាលពីពាក់កណ្ដាលរដូវកាល ២០២២/២០២៣ កីឡាករព័រទុយហ្គាល់បានចូលរួមជាកីឡាករខ្ចីជើងឲ្យក្លឹបតោខៀវ Chelsea។ កាលនោះ កីឡាករលេង ២០ ប្រកួត និងស៊ុតចូល ៤ គ្រាប់។
កាលពីឆ្នាំ ២០១៩ Atletico Madrid បានផ្ទេរ Felix ពីក្លឹប Benfica ក្នុងតម្លៃប្រមាណ ១៤០ លានដុល្លារសហរដ្ឋអាមេរិក ដែលជាតម្លៃផ្ទេរខ្ពស់ជាងគេក្នុងប្រវត្តិសាស្ត្រក្លឹបអេស្ប៉ាញមួយនេះ។ តម្លៃនេះផងដែរ ក៏បានធ្វើឲ្យ Felix ជាកីឡាករដែលមានតម្លៃផ្ទេរថ្លៃជាងគេ ទី ៤ ក្នុងពិភពបាល់ទាត់។
ពីរដូវកាល ២០១៩/២០២០ ដល់រដូវកាល ២០២២/២០២៣ Felix លេងសរុបឲ្យ Atletico ជាង ១៣១ ប្រកួត និងស៊ុតចូល ៣៤ គ្រាប់។ ក្នុងដើមរដូវកាល ២០២២/២០២៣ Felix លេងឲ្យ Atletico សរុបបានតែ ១៨ ប្រកួតប៉ុណ្ណោះ ហើយច្រើនជាកីឡាករបម្រុង។
មុនព្រឹត្តិការណ៍ World Cup ២០២២ កីឡាករ Joao Felix ត្រូវបានសង្កេតឃើញថា មានបញ្ហាជាមួយគ្រូបង្វឹកក្លឹប Atletico លោក Diego Simone។ លោក Simone មិនចាត់ទុក Felix ជាកីឡាករបង្គោលទៀតឡើយ ដោយលោកទម្លាក់តំណែងរបស់កីឡាករព័រទុយហ្គាល់ត្រឹមជាខ្សែប្រយុទ្ធបម្រុង។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរធ្លាប់បង្ហាញសញ្ញាមិនសប្បាយចិត្តនឹងគ្នាកាលពីពេលកន្លងមក។ មិនមានសារព័ត៌មានណាមួយអាចអះអាងបានទេថា អ្នកទាំងពីរមានបញ្ហាជាមួយគ្នារឿងអ្វីនោះឡើយ។
យ៉ាងនេះក្ដី ទោះមិនត្រូវគ្នាជាមួយគ្រូបង្វឹក កុងត្រារបស់ Felix នៅក្លឹប AT Madrid មានសុពលភាពរហូតដល់ឆ្នាំ ២០២៨ ឯណោះ៕