- 2024-07-23 00:26:00
- បាល់ទះ
កុំច្រឡំ! ឥន្ទ្រីពិឃាដ ឌូក មិនមែនទៅលេងលីគវៀតណាមជាមួយ Farhan និងកីឡាករបរទេស៣នាក់ទៀតឡើយ
- 2024-07-23 00:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំច្រឡំ! ឥន្ទ្រីពិឃាដ ឌូក មិនមែនទៅលេងលីគវៀតណាមជាមួយ Farhan និងកីឡាករបរទេស៣នាក់ទៀតឡើយ
ចន្លោះមិនឃើញ
ថ្មីៗនេះផេកផ្លូវការរបស់អតីតកីឡាករបាល់ទះជម្រើសជាតិវៀតណាម Tran Duc Hanh បានបង្ហោះថាកីឡាករសំបូរប្រជាប្រិយភាព ជុក សោភា ហៅឥន្ទ្រីពិឃាដឌូកនឹងទៅចូលរួមប្រកួតពានរង្វាន់ Ha Tinh Police Men's Tournament 2024 នៅប្រទេសវៀតណាមក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រោយឃើញព័ត៌មានខាងលើអ្នកគាំទ្របាល់ទះនៅកម្ពុជាបានដាក់ការចាប់អារម្មណ៍និងបានសួរដេញដោលចង់ដឹង ដោយអ្នកខ្លះសួរថាឌូកទៅលេងលីគវៀតណាមឬទៅលេងពានថ្នាក់ខេត្ត? ព័ត៌មាននេះហាក់មិនបានបង្ហាញឲ្យបានគ្រប់ជ្រុងជ្រោយឡើយ។ ទោះបីជាយ៉ាងណាដើម្បីស្រាយចម្ងល់ឱ្យប្រិយមិត្តបានជ្រាប Sabay បានសាកសួរឌូកពីព័ត៌មាននេះ។
បើតាមការឲ្យដឹងពីឌូកខាងភាគីវៀតណាម ពិតជាបានទាក់ទងមករូបគេដោយផ្ទាល់ ហើយខាងវៀតណាមចង់បានកីឡាករ២រូបទៅលេងពានខេត្ត Ha Tinh មួយនេះដោយក្នុងនោះមានរូបគេផ្ទាល់និងកូននាគស្លាបហង្ស ធី ម៉េង។ ប៉ុន្តែដោយសារឌូកជាប់រវល់ការងារនិងហ្វឹកហាត់នៅក្លឹបផងនោះ គេក៏បានសម្រេចចិត្តសុំមិនចូលរួម ចំណែក ធី ម៉េងហួង ក៏ជាប់ភារកិច្ចហ្វឹកហាត់ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជាដែរ។
បើនិយាយឱ្យស្រួលស្ដាប់នេះជាពានក្រៅផ្លូវការក្នុងខេត្ត Ha Tinh ហើយខាង Sponsor វៀតណាមចង់ទិញកីឡាករកម្ពុជាឱ្យជួយលេង ដើម្បីប្រកួតប្រជែងជាមួយក្រុមផ្សេងៗទៀតដូចឌូក ម៉េងហួង ម៉េងឡាយ ស្មាត់រាជ និងយុនស្រែស្រែទៅលេងដូចលើកមុនដែរ។
ចុះហេតុអ្វីបានជាផេករបស់កីឡាករល្បីឈ្មោះវៀតណាមបង្ហោះមានភ្ជាប់រូបឥន្ទ្រីពិឃាដឌូកជាមួយកីឡាករបរទេសបួនរូបផ្សេងទៀតនៅលើ Poster នៃព្រឹត្តិការណ៍នេះ? ត្រង់ចំណុចនេះឌូកបានបង្ហើបថា ប្រហែលជាខាងគេច្រឡំកីឡាករកម្ពុជារូបណាម្នាក់ហើយ សម្រាប់រូបគេពិតជាមិនមានវត្តមានក្នុងការប្រកួតបាល់ទះថ្នាក់ខេត្ត Ha Tinh មួយនេះទេ។
ផេករបស់កីឡាករវៀតណាម Tran Duc Hanh ដែលប្រិយមិត្តស្គាល់ថា លីមីនហូវៀតណាម (Lee Min-Ho Vietnam) បានសរសេរនៅលើហ្វេសប៊ុកផេក Tran Duc Hanh Volleyball របស់គេថាកីឡករបរទេសបួន៥រូបនឹងចូលរួមក្នុងប្រកួតពានរង្វាន់ថ្នាក់ខេត្តមួយនេះដោយក្នុងនោះក៏មានស្មាត់ឌូកម្នាក់ផងដែរ ខណៈបួនរូបទៀតមានកីឡាករប្រេស៊ីល Evandro Diaz កីឡាករថៃ T. THaweerat កីឡាករឥណ្ដូណេស៊ី Fahan Halim និងកីឡាករថៃ Kot Kittithad ខណៈការប្រកួតមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៤៕