• 2024-07-17 11:22:28
  • បាល់ទាត់

Enzo រង​ពិន័យ​ ក្រោយ​ចូល​រួម​ច្រៀង​ដៀមដាម​ក្រុម​ជម្រើស​ជាតិ​បារាំង

  • 2024-07-17 11:22:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Enzo Fernandez ទទួល​រង​ពិន័យ​ពី​ក្លឹប​ Chelsea ក្រោយ​បាន​បង្ហោះ​វីដេអូ​ចូល​រួម​ច្រៀង​ដៀម​ដាម​ក្រុម​ជម្រើស​បារាំង។

ក្រោយ​ពី​ជួយ​អាហ្សង់ទីន​ឈ្នះ​ពាន​កូប៉ា​អាមេរិក​ឆ្នាំ ២០២៤ កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ កីឡាករ Enzo បាន​ផ្សាយ​បន្ត​ផ្ទាល់​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ការ​អបអរ​របស់​ខ្លួន ជាមួយ​ក្រុម​កីឡាករ​អាហ្សង់ទីន​មួយ​ក្រុម​ទាក់​ទង​នឹង​ជ័យ​ជំនះ​ទៅ​លើ​ក្រុម​កូឡុំប៊ី។ យ៉ាង​នេះ​ក្ដី ការ​អបអរ​នោះ បាន​រួម​បញ្ចូល​ការ​ច្រៀង​ចម្រៀង​រើសអើង​ពូជសាសន៍​ដៀមដាល​អំពី​ពណ៌​សម្បុរ​របស់​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​បារាំង។

ក្រោយ​វីដេអូ​នេះ​បាន​លេច​ឡើង Enzo បាន​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន ក្នុង​នោះ​រួម​មាន​ក្រុម​កីឡាករ​ក្រុម​ជម្រើស​ជាតិ​បារាំង និង​សហព័ន្ធ​បាល់ទាត់​បារាំង​ផង​ដែរ ដែល​គ្រោង​ដាក់​ពាក្យ​ប្ដឹង​សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីន និង​សហភាព​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ទៀត​ផង។

ក្រោយ​ទទួល​រង​ការ​រិះគន់​នេះ Enzo បាន​ចេញ​មុខ​បង្ហោះ​សារ​សុំទោស​ចំពោះ​វីដេអូ​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្លឹប​របស់ Enzo គឺ​ក្លឹប​តោ​ខៀវ​ Chelsea បាន​សម្រេច​ដាក់​ពិន័យ​ផ្ទៃ​ក្នុង​លើ​កីឡាករ​វ័យ ២៣ ឆ្នាំ​រូប​នេះ។ គិត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ប្រភព​ណា​អាច​បញ្ជាក់​បាន​ថា​ ក្លឹប​ដាក់​ពិន័យ​ Enzo យ៉ាង​ណា​នោះ​ទេ។

ការ​រើស​អើង​ពូជសាសន៍ និង​ពណ៌​សម្បុរ គឺ​ជា​បញ្ហា​ដ៏​រសើប​មួយ​ក្នុង​វិស័យ​បាល់ទាត់​ពិភព​លោក។ សហភាព​សហព័ន្ធ​បាល់ទាត់​ពិភពលោក​កន្លង​មក​បាន​ដាក់​ចេញ​គោលការណ៍​ជា​ច្រើន ក្នុង​ន័យ​សំដៅ​ធ្វើ​​យ៉ាង​ណា​កុំ​ឲ្យ​មាន​រឿង​នេះ​កើតឡើង។ សហព័ន្ធ​បាល់ទាត់​នៅ​តាម​តំបន់ ដូច​ជា​នៅ​អឺរ៉ុប និង​បណ្ដា​លីគ​ធំៗ​មួយ​ចំនួន បាន​ដាក់​ពិន័យ​ធ្ងន់ៗ រាល់​ហេតុ​ការណ៍​រើស​អើង​កន្លង​មក​ដែល​បាន​កើត​ឡើង។ ទោះ​ជា​យ៉ាង​ណា ជា​រឿយៗ កីឡាករ​បាល់ទាត់​មួយ​ចំនួន ជា​ពិសេស​កីឡាករ​ស្បែក​ខ្មៅ នៅ​តែ​បន្ត​ទទួល​រង​ និង​ប្រឈម​នឹង​ពាក្យ​សម្ដី​រើស​អើង​ពូជសាសន៍ ពី​ក្រុម​កីឡាករ និង​ក្រុម​អ្នក​គាំទ្រ ហើយ​អ្នក​ទស្សនា​មួយ​ចំនួន៕

ប្រភព៖ Sky Sports អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម