• 2024-07-16 13:15:29
  • បាល់ទាត់

គ្រូ​អង់គ្លេស​លា​លែង​ពី​តំណែង

  • 2024-07-16 13:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីរ​ថ្ងៃ​បន្ទាប់​ចាញ់​អេស្ប៉ាញ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍​អឺរ៉ូ​ឆ្នាំ ២០២៤ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស លោក Gareth Southgate បាន​លា​លែង​ពី​តំណែង។ សហព័ន្ធ​បាល់ទាត់​អង់គ្លេស​បាន​ទទួល​សេចក្ដី​សម្រេច​ចិត្ត​របស់​លោក ហើយ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស្វែង​រក​គ្រូ​បង្វឹក​ថ្មី។

លោក Southgate បាន​និយាយ​ថា លោក​មាន​កិត្តិយស​ដែល​បាន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ចាប់​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៦ មក។ ទោះ​ជា​យ៉ាង​ណា ដល់​ពេល​ហើយ ដែល​លោក និង​ក្រុម​ជម្រើស​ជាតិ​ត្រូវ​បើក​ទំព័រ​ថ្មី​សម្រាប់​អនាគត។

ក្រោម​ការ​ដឹកនាំ​របស់​លោក​អស់​រយៈ​ពេល ៨ ឆ្នាំ​នេះ ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​លេង​ប្រកួត​សរុប ១០២ ដង ឈ្នះ ៦១ ប្រកួត ស្មើ ២៤ លើក និង​ចាញ់ ១៧ ដង។ ក្នុង​រយៈ​ពេល​នោះ លោក​ដឹកនាំ​ក្រុម​ឲ្យ​ចូល​កម្មវិធី​ធំៗ​ចំនួន​ ៤ លើក ក្នុង​នោះ World Cup ២ ដង និង​អឺរ៉ូ ២ ដង។ ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ អង់គ្លេស​ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ​ក្រុម​បាន​ហាល​អាវ​ត្រឹម​វគ្គ ៨ ក្រុម​ក្នុង​កម្មវិធី World Cup ឆ្នាំ ២០២២។ ដោយ​ឡែក ក្នុង​កម្មវិធី​អឺរ៉ូ​វិញ ទាំង​នៅ​ឆ្នាំ ២០២១ និង ២០២៤ ក្រុម​អង់គ្លេស​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ តែ​បាន​ត្រឹម​ជើងឯក​រង។

គិត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​របាយការណ៍​ច្បាស់​ការ​ណា​មួយ​ដែល​អាច​បញ្ជាក់​ថា អ្នក​ណា​នឹង​ក្លាយ​ជា​អ្នក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បន្ទាប់​ពី​លោក Southgate។

លោក Southgate ជា​អ្នក​ចាត់​ការ​សញ្ជាតិ​អង់គ្លេស មាន​វ័យ ៥៣ ឆ្នាំ។ លោក​មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប Middlesbrough ពី​ឆ្នាំ ២០០៦ ដល់ ឆ្នាំ ២០០៩ រួច​ក៏​មក​ដឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ឈុត​វ័យ​ក្រោម ២១ ឆ្នាំ ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៦។ ពី​ ២០១៦ ដល់ ២០២៤ លោក​ដឹកនាំ​ឈុត​ធំ​អង់គ្លេស៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម