• 2024-07-16 04:34:25
  • បាល់ទាត់

អង្គការ​ផ្កាយសមុទ្រ៖​ ធ្វើ​សកម្មភាព​ជំរុញ​កីឡា​ជា​ច្រើន​ដល់​កុមារ​ក្រីក្រ​ ប៉ុន្តែ​មិន​សូវចាប់​អារម្មណ៍ឧបត្ថម្ភ​ពី​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ​

  • 2024-07-16 04:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយិកា​ប្រតិបត្តិ​របស់​អង្គការ​ផ្កាយ​សមុទ្រ​ ថា​អង្គការ​រៀបចំ​ការ​ប្រកួត​ជា​ច្រើន​ពិសេស​បាល់ទាត់​ដែល​ផ្ដល់​ឱកាស​ដល់​កុមារ​ក្រីក្រ​ ជន​មាន​ពិការភាព​ បាន​លេង​កីឡា​ ជួយ​ពង្រឹង​ស្មារតី​ ជំរុញ​ឲ្យ​មាន​ភាព​ក្លាហាន​ មាន​សុខភាព​ល្អ​ ប៉ុន្តែ​មិន​មាន​ការ​ចាប់​អារម្មណ៍​ឧបត្ថម្ភ​ពី​បណ្ដា​ក្រុមហ៊ុន​ឯកជន​ច្រើន​នោះ​ឡើយ។​

អ្នកស្រី​ ជួប វិច្ឆិកា​

អ្នកស្រី​ ជួប វិច្ឆិកា​ នាយិកា​ប្រតិបត្តិ​របស់​អង្គការ​ផ្កាយ​សមុទ្រ​បាន​ឲ្យ​ដឹង​នា​ពេល​កន្លង​ទៅ​ថា​ ដូច​បាន​ឃើញ​ស្រាប់​ហើយ​សកម្មភាព​កីឡា​ផ្សេងៗ​កន្លង​ទៅ​ដែល​អង្គការ​ផ្ទាល់​បាន​បង្កើត​ដូច​ជា​ការ​ប្រកួត​សម្រាប់​ជន​មាន​ពិការ​ភាព​ទាំង​នៅ​ភ្នំពេញ​ តាម​បណ្ដា​ខេត្ត​បាន​មក​ប្រកួត​លេង​សប្បាយ​ ការ​ប្រកួត​លីគ​បាល់ទាត់​សម្រាប់​យុវជន​មាន​ទាំង​នារី​ មាន​ទាំង​បុរស​ជា​ច្រើន​ប្រភេទ​អាយុ​បាន​រៀបចំ​ ៧-៨ឆ្នាំ​មក​ហើយ។​

ទិដ្ឋភាពប្រកួត​កន្លងទៅ

ឆ្លើយ​តប​ទៅ​ហ្នឹង​សំនួរ​ថា​ «ថា​មាន​សកម្មភាព​ជួយ​សង្គម​ពិសេស​ផ្ដោត​លើ​ការ​លេង​កីឡា​របស់​កុមារ​ក្រីក្រ​ច្រើន​បែប​នេះ​ ប៉ុន្តែ​ដូច​ជា​មិន​សូវ​មាន​ការ​ឧបត្ថម្ភ»​ អ្នក​ស្រី​បាន​បញ្ជាក់​ថា​ ទៅ​សុំ​ជួយ​ជា​មួយ​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ​ដែរ​តែ​គ្មាន​អ្នក​ចាប់​អារម្មណ៍។​ តាម​រយៈ​កិច្ច​សម្ភាស​នេះ​អ្នក​ស្រី​ក៏​សូវ​អំពាវនាវ​ដល់​បណ្ដា​ក្រុមហ៊ុន​ឯកជន​នានា​ដែល​ចង់​ចូលរួម​ឧបត្ថម្ភ​មិន​ថា​ថវិកា​ សម្ភារ​ ឬ​គ្រឿង​ឧបភោគបរិភោគ​នោះ​ទេ​អាច​ទំនាក់ទំនង​មក​អង្គការ​ ឬ​មក​អ្នក​ស្រី​ផ្ទាល់​បាន​ដើម្បី​ជជែក​គ្នា។​

ទិដ្ឋភាពប្រកួត​កន្លងទៅ

បញ្ជាក់​ដែរ​ថា​ កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រធ្វើការដោយផ្ទាល់ជាមួយនឹងកុមារជាច្រើនដែលជួបប្រទះការលំបាក និងកំពុងរស់នៅក្នុងសហគមន៍មួយចំនួនដែលមាន​ភាពក្រីក្រ ការរើសអើងផ្នែកសង្គម និងកង្វះឱកាសជារឿយៗគឺជាកត្តាចម្បងនាំឲ្យពួកគេមានទម្លាប់ បញ្ចេញអាកប្បកិរិយាមិនល្អផ្សេងៗ។ អង្គការផ្កាយសមុទ្រផ្តល់ឱកាសឲ្យកុមារទទួលបានសិទ្ធិរបស់ពួកគេក្នុងការលេង កម្សាន្ត​ និងការអប់រំ ដោយជាមួយគ្នានេះផងដែរក៏បានលើកកម្ពស់ដល់ជម្រើសជីវិតប្រកបដោយសុខភាព សមភាព និង ការចូលរួមផ្នែកសង្គមសកម្មទៀតផង។

ទិដ្ឋភាពប្រកួត​កន្លងទៅ

លើសពីនេះទៅទៀតកម្មវិធីបាល់ទាត់បានផ្តល់ឱកាសក្នុងការទទួលបានវគ្គបណ្តុះបណ្តាលបាល់ទាត់ និងការប្រកួតប្រជែងកីឡាទៅដល់កុមារ និងយុវជនគ្រប់ភេទ និងពិការភាព ដោយបន្តធ្វើ ការអភិវឌ្ឍចំណេះដឹងផ្នែកសង្គម ការអប់រំ ជំនាញបំណិនជីវិតជំនាញការងារ​ និងភាពជាអ្នកដឹកនាំផងដែរ។​ កន្លង​ទៅ​អង្គការ​បាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់​សម្រាប់​កុមារី​ ការ​ប្រកួត​សម្រាប់​ជន​មាន​ពិការភាព​ ការ​ប្រកួត​លីគ​ជា​ច្រើន​ប្រភេទ​អាយុ។​ ក្នុង​នោះ​ការ​ប្រកួត​លីគ​ជា​ឆ្នាំ​ទី៧​ ហើយ​ដែល​រៀបចំ​ឡើង​ហើយ​គឺ​មាន​តែ​ក្រុមហ៊ុន​ AIA ​តែ​មួយ​គត់​បាន​ឧបត្ថម្ភ​រហូត​មកដល់​ពេល​នេះ៕​

ទិដ្ឋភាពប្រកួត​កន្លងទៅ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី