• 2024-07-15 11:32:22
  • បាល់ទាត់

អ្នកគាំទ្រ​រាប់ពាន់​នាក់​សម្រុក​ចូល​មើល​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa America ដោយ​គ្មាន​សំបុត្រ​

  • 2024-07-15 11:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​អាមេរិក Copa America រវាង​អាហ្សង់ទីន និង​កូឡុំប៊ី​កាល​ពី​ព្រឹកមិញនេះ (ម៉ោង​នៅ​កម្ពុជា) គេ​សង្កេត​ឃើញ​មាន​អ្នកគាំទ្រ​រាប់​ពាន់​នាក់​សម្រុក​ចូល​មើល​ការ​ប្រកួត​ ដោយ​គ្មាន​សំបុត្រ បង្ក​ឱ្យ​មាន​ភាព​ចលាចល​នៅ​កីឡដ្ឋាន Hard Rock នាទីក្រុងម៉ាយអាមី រដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក។

វីដេអូ និង​រូបភាព​ចែកចាយ​នៅ​តាម​បណ្ដាញសង្គម​បាន​ឱ្យ​ដឹង​ថា អ្នកគាំទ្រ​មួយ​ចំនួន​បាន​បញ្ជ្រៀត​គ្នា​ចូល​របង​ស្តាត ដែល​មិន​ទាន់​បើក ហើយ​ខ្លះ​ទៀត​ចូល​តាម​បំពង់​ខ្យល់​នៅ​នឹង​កីឡដ្ឋាន ដោយសារ​តែ​ចង់​មើល​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​អាហ្សង់ទីន និង​កូឡុំប៊ី។ នេះបើតាមសេចក្ដីរាយការណ៍​មួយចំនួន។

បើ​តាម​មតិ​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​បើក​ទ្វារ​ស្តាត​យូរ​ពេក អ្នកខ្លះ​យក​ហេតុផល​ថា ដោយ​សារ​តែ​អាកាសធាតុ​ក្ដៅ​ពេក ទើប​មាន​ការ​សម្រុក​ និង​ទម្លាយ​ចូល​ដូច្នេះ។ អ្នកខ្លះ​យល់​ឃើញ​ថា ដោយសារ​តែ​ឥរិយាបថ​មិន​ទទួល​ខុសត្រូវ​របស់​បុគ្គល​មួយ​ចំនួន ទើប​រឿង​នេះ​បាន​បង្ក​ឡើង។

ដោយ​មាន​អ្នកគាំទ្រ​ច្រើន​លើសលុប​ពេក អាជ្ញាធរ និង​សន្តិសុខ​នៅ​កីឡដ្ឋាន​បាន​សម្រេច​បើក​ទ្វារ​របង​ឱ្យ​អ្នកគាំទ្រចូល​ទៅ​ក្នុង ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ឧបទ្ទវហេតុ​ជាន់​គ្នា​នៅ​កីឡដ្ឋាន​នេះ។

ដោយ​សារ​តែ​ព្រឹត្តិការណ៍​នេះ​ហើយ​ទើប​បណ្ដាល​ឱ្យ​មាន​ការ​ពន្យារ​ពេល​នៃ​ការ​ប្រកួត​ពី​ម៉ោង ៨យប់ ទៅ​ម៉ោង ៩៖១៥យប់ (ម៉ោង​នៅ​ស្រុក​អាមេរិក)។

ការ​សម្រុក​ចូល​នេះ បង្ក​ឱ្យ​មាន​ទស្សនិក​លើស​ចំំណុះ​ចំនួន ៧ពាន់​នាក់ នៅ​ក្នុង​កីឡដ្ឋាន ដែល​ផ្ទុក​បាន​មនុស្ស ៦៥ ០០០នាក់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail។ យ៉ាងណាមិញ មាន​អ្នកគាំទ្រ​ប្រមាណ ១០ ទៅ ១៥នាក់ ត្រូវ​បាន​ចាប់​ខ្លួន ប្រហែល​ដោយសារ​តែ​ការ​បង្ក​អំពើ​ហិង្សា ស្រប​ពេល​ដែល​អ្នក​គាំទ្រ​ដែល​គ្មាន​សំបុត្រ​មួយ​ចំនួន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល ហើយ​ខ្លះ​ទៀត ត្រូវ​បាន​ដេញ​ចេញ​តាម​សម្រួល៕

ប្រភព៖ Dailymail | USAtoday | Foxnews អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី