• 2024-07-09 11:00:57
  • ព័ត៌មាន

សម្ដេច​ធិបតី​ហ៊ុន ម៉ាណែត​សង្ឃឹម​ថា បារាំង​ឈ្នះ​ពាន Euro 2024

  • 2024-07-09 11:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​ធិបតី​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សង្ឃឹម​ថា​ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​បារាំង​នឹង​ឈ្នះ​ពាន​ជើង​ឯក​អឺរ៉ុប​ឆ្នាំ២០២៤ ឬ Euro 2024។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​នៅ​ក្នុង​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។

ថ្លែង​នៅ​ក្នុង​វេទិការ​ធុរកិច្ចកម្ពុជា-បារាំង សម្ដេច​ ហ៊ុន ម៉ាណែត បាន​និយាយ​ជា​ភាសា​បារាំង​ថា៖ «មិន​ខុស​ពី​បងប្អូន និង​ប្រិយមិត្ត​ទាំង​អស់​គ្នា ខ្ញុំ​ក៏​ចូលចិត្ត​កីឡា​បាល់ទាត់​ផង​ដែរ។ ខ្ញុំ​សូម​សាទរ​ដល់​​ក្រុមជម្រើស​ជាតិ​បារាំង ដែល​ឡើង​មក​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​»។

សម្ដេច​បាន​បន្ថែម​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​ក្រុម​ជម្រើស​ជាតិ​បារាំង​នឹង​ក្លាយ​ជា​ជើងឯក​នៃ​ពាន​អឺរ៉ុប​ជា​ថ្មី»។

វេទិកា​ធុរកិច្ច​កម្ពុជា​-បារាំង​នៅ​ក្នុង​ឆ្នាំ២០២៤នេះ មាន​រយៈពេល ៣ថ្ងៃ ដោយ​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ។ វេទិកា​នេះត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​សភា​ពាណិជ្ជកម្ម និង​ឧស្សហកម្ម​បារាំង​-កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​ភ្ញៀវកិត្តិយស​ជាតិ​ អន្តរជាតិ​ជា​ច្រើន ដោយ​ក្នុង​នោះ​ក៏​មាន​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​ជា​អធិបតី​ផង​ដែរ។

ងាក​មក​មើល​ព្រឹត្តិការណ៍​អឺរ៉ូ​វិញ បារាំង​នៅ​ពេល​នេះ​ដែរ កំពុង​តែ​ស្ថិត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ដោយ​នឹង​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ បារាំង​ឡើង​មក​វគ្គ​នេះ ដោយ​រក​បាន​តែ ១គ្រាប់​ប៉ុណ្ណោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​អឺរ៉ូ​ទាំង​មូល៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម