- 2024-07-08 11:38:36
- បាល់ទាត់
De Gea ចង់ត្រលប់មកពិភពបាល់ទាត់វិញ
- 2024-07-08 11:38:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Gea ចង់ត្រលប់មកពិភពបាល់ទាត់វិញ
ចន្លោះមិនឃើញ
អតីតអ្នកចាំទីជម្រើសជាតិអេស្ប៉ាញ និង Manchester United កីឡាករ David De Gea កំពុងតែសម្លឹងមករកការត្រលប់មកពិភពបាល់ទាត់វិញ ក្រោយពីខានលេងបាល់អាជីពជាង ១ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។
De Gea បានរួមរស់ជាមួយក្លឹបបិសាចក្រហម Manchester United អស់រយៈពេលប្រមាណ ១២ឆ្នាំ មុននឹងចាកចេញដោយផុតកុងត្រាកាលពីឆ្នាំ២០២៣កន្លងទៅ។ នាពេលនោះ សារព័ត៌មានខ្លះចុះផ្សាយថា ការចែកផ្លូវគ្នារវាងបិសាចក្រហម និង De Gea គឺដោយសារកីឡាករមិនមែនជាកីឡាករដែលអ្នកចាត់ការ Erik Ten Hag ត្រូវការ។ ខ្លះទៀតថា គឺដោយសារ De Gea ធ្លាក់ទម្រង់លេង ហើយមានទំហំប្រាក់ឈ្នួលច្រើន ដែលធ្វើឲ្យការចរចាគ្នារឿងកុងត្រាថ្មីមិនត្រូវ។ ក្លឹបបិសាចក្រហម សម្រេចផ្ទេរចូលអ្នកចាំទី Andre Onana មកធ្វើជាអ្នកចាំទីដៃទីមួយជំនួស។
ក្រោយចេញពីបិសាចក្រហម អតីតអ្នកចាំទីដៃស្អិតរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ De Gea បានសម្រាក ដោយមិនប្រឡូកក្នុងបាល់ទាត់អាជីពអស់រយៈពេលប្រមាណមួយឆ្នាំ។
យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal កីឡាកររូបនេះកំពុងតែទាក់ទងទៅកាន់ក្លឹបនៃលីគអារ៉ាប៊ីសាអ៊ូឌីត Al-Shabab និងក្លឹបមួយទៀត ដែលមិនបញ្ចេញឈ្មោះ។
យ៉ាងណាមិញ មិនទាន់មានប្រភពផ្លូវការណាចេញមកបញ្ជាក់ពីរឿងនេះទេ។
សូមជម្រាបផងដែរថា De Gea ត្រូវបានចាត់ទុកថា ជាអ្នកចាំទីឆ្នើមមួយរូបនៅទ្វីបអឺរ៉ុប និងក្នុងបាល់ទាត់អង់គ្លេស ដោយកីឡាកររូបនេះឈ្នះពានជាច្រើន ដោយក្នុងនោះរួមមាន ពានស្រោមដៃមាសនៅអង់គ្លេសកាលពីឆ្នាំ២០២៣ផងដែរ។
ទោះជាអត់លេងបាល់អាជីពក្ដី កីឡាកររូបនេះនៅតែហាត់ប្រាណយ៉ាងទៀងទាត់ ព្រមទាំងចំណាយពេលវេលាជាមួយគ្រួសារ និងមនុស្សជុំវិញខ្លួន៕