- 2024-06-29 15:30:42
- បាល់ទាត់
ក្លឹបបាល់ទាត់ Mate JR Sport Club បញ្ជូនយុវជនឆ្នើម ១២រូបទៅហ្វឹកហាត់នៅអាល្លឺម៉ង់មួយខែ
- 2024-06-29 15:30:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបបាល់ទាត់ Mate JR Sport Club បញ្ជូនយុវជនឆ្នើម ១២រូបទៅហ្វឹកហាត់នៅអាល្លឺម៉ង់មួយខែ
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ Mate JR Sport Club បន្ទាប់ពីបានរៀបចំព្រឹត្តិការណ៍ EUROPE Trail សហការជាមួយគ្រូជំនាញបាល់ទាត់មកពីអាល្លឺម៉ង់ អំឡុងខែកុម្ភៈ ២០២៤ កន្លងទៅ ឥលូវនេះចម្រាញបានយុវជនឆ្នើមចំនួន ១២រូបទៅហ្វឹកហាត់នៅឯប្រទេសអាល្លឺម៉ង់ រយៈពេលមួយខែ។
លោក យុទ្ធ ណារ៉ុង អាណាព្យាបាលយុវជនដែលត្រូវចេញទៅហ្វឹកហាត់នៅប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា កូនប្រុសរបស់លោកមានទេពកោសល្យខាងបាល់ទាត់នេះតាំងតែពីតូចមកម្ល៉េះ ពោលពេលទំនេរចូលចិត្តទាត់ឧបករណ៍ផ្សេងៗលេងដូចជាកំប៉ុងជាដើម។
បើទោះជាមិនធ្លាប់បែកពីកូន ឬនៅឆ្ងាយពីគ្នាយ៉ាងណាក្ដី លោក យុទ្ធ ណារ៉ុង លើកនេះមិនរុញរាក្នុងការបញ្ជូនកូនឲ្យហ្វឹកហាត់នៅប្រទេសអាល្លឺម៉ង់នេះឡើយ។ ព្រោះតែចង់បណ្ដុះស្មារតី និងបង្រៀនឲ្យកូនមានភាពក្លាហានក្នុងការធ្វើដំណើរដោយខ្លួនឯងជាមួយក្រុមបាល់ទាត់ដែលជាមិត្តភ័ក្ដិរបស់ពួកគេ។
មួយវិញទៀតគឺលោកចង់គាំទ្រកូនដែលមានចិត្តស្រឡាញ់លើវិស័យបាល់ទាត់ ដោយសារកន្លងទៅក្នុងសង្គមខ្មែរពីមុនមិនសូវយកចិត្តទុកដាក់លើអ្វីដែលក្មេងស្រឡាញ់នោះឡើយ ទន្ទឹមនិងនេះទាញពួកគេឲ្យធ្វើអ្វីតាមចិត្តរបស់អាណាព្យាបាលទៅវិញ។ ដូច្នេះហើយលោកផ្ទាល់មិនធ្វើដូចនោះឡើយ ពោលក្មេងស្រឡាញ់អ្វី មានទេពកោសល្យអ្វីគឺលោកគាំទ្រ និងជំរុញទឹកចិត្តជានិច្ច។
យុវជន ម៉ាក សុទ្ធាពិសិដ្ឋ ដែលត្រូវចេញទៅអាល្លឺម៉ង់បានឲ្យដឹងថា ការទៅហ្វឹកហាត់លើកនេះនឹងទទួលបានសារប្រយោជន៍ច្រើនសម្រាប់គ្រប់គ្នា ព្រោះបានមើលពីការប្រកួតប្រទេសជឿនលឿនហើយបានហាត់នូវជំនាញផ្សេងៗពង្រឹងសមត្ថភាពខ្លួនផង។ បន្ទាប់ពីបញ្ចប់វគ្គហ្វឹកហាត់នេះទៅយុវជនទាំងអស់នឹងមានសមត្ថភាពខុសប្លែកពីមុន និងមានជំនាញកាន់តែល្អប្រសើរ។
បញ្ជាក់ដែរថា ក្រុមយុវជនដែលត្រូវទៅហ្វឹកហាត់នៅប្រទេសអាល្លឺម៉ង់បានចេញដំណើរពីកម្ពុជាកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះហើយ។ ក្រុមយុវជនឆ្នើមដែលដឹកនាំដោយស្ថាបនិក Mate JR Sport Club នឹងហ្វឹកហាត់នៅ Soccer Academy Arnstadt an។ ក្រៅពីហ្វឹកហាត់យុវជនទាំងនោះនឹងចូលទស្សនាការប្រកួតផ្សេងៗជាការស្វែងយល់ និងមើលពីភាពរីកចម្រើនលើវិស័យបាល់ទាត់នៅប្រទេសអាល្លឺម៉ង់ផងដែរ៕