• 2024-06-27 12:21:19
  • បាល់ទាត់

Mbappe មិន​ពេញ​ចិត្ត​ពាក់​ម៉ាស​ចូល​លេង​ Euro 2024

  • 2024-06-27 12:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ត្រូវ​បាន​គេ​រាយការណ៍​ថា​ មិន​ពេញ​ចិត្ត​នឹង​ពាក់​ម៉ាស​ពិសេស​ក្នុង​ការ​ចូល​លេង​ប្រកួត​ Euro 2024។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Goal នៅ​ក្នុង​ថ្ងៃ​នេះ​។

មូលហេតុ​នៃ​ការ​មិន​ពេញ​ចិត្ត​នេះ​ ព្រោះ​តែ​ម៉ាស​នេះ​មាន​សភាព​ក្រាស​ជាង​ធម្មតា​ ដែល​មាន​កម្រាស​រហូត​ទៅដល់​ ៥mm ដែល​ធ្វើ​ឲ្យកម្រិត​នៃ​ការ​មើល​ក្នុង​សភាព​ឆ្ងាយ​របស់​គេ​មាន​កម្រិត​ខ្លាំង​ ធ្វើ​ឲ្យ​ទម្រង់​លេង​របស់​គេ​មាន​ភាព​ច្របូកច្របល់​។​

ការ​ផលិត​ម៉ាស​នេះ​ធ្វើ​ឡើង​ភ្លាម​ៗ​ ក្រោយ​កីឡាករ​នេះ​ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​មាន​ការ​បាក់​ខ្ទង់​ច្រមុះ​ ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​វះ​ភ្លាមៗ​ ដូច្នេះ​ម៉ាស​នេះ​អាច​នឹង​មាន​សភាព​ទៅ​តាម​អ្វី​ដែល​ Mbappe ចង់​បាន​។

កាល​ពី​បារាំង​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​អូទ្រីស​ក្នុង​លទ្ធផល ១ ទល់​នឹង​ ០ នៅ​ក្នុង​ប្រកួត​បើក​ឆាក​នៅ​ពូល D ដោយ​នៅ​ក្នុង​តង់​ទី២ អនាគត​កីឡាករ​ក្លឹប Real Madrid រូប​នេះ​បាន​បុក​ជាមួយ​នឹង​កីឡាករ​អូទ្រីស Kevin Danso ដែល​​បណ្ដាល​ឱ្យ​ឈាម​ច្រាប​ចេញ​ពី​ខ្ទង់​ច្រមុះ​របស់​ខ្លួន។ Mbappe ក៏​ត្រូវ​បាន​ផ្លាស់​ចេញ​ពី​ការ​ប្រកួត​ភ្លាមៗ​ក្រោយ​មាន​ឧបទ្ទវហេតុ​នេះ​កើត​ឡើង។

ដំបូង​ឡើយ មាន​ការ​ព្រួយបារម្ភ​ថា Mbappe នឹង​ត្រូវ​ឆ្លង​កាត់​ការ​វះកាត់​ខ្ទង់​ច្រមុះ។ ការ​វះកាត់​នេះ​អាច​នឹង​បណ្ដាល​ឱ្យ​កីឡាករ​បារាំង​រូប​នេះ​ខកខាន​ជួយ​ប្រទេស​របស់​ខ្លួន​រហូត​ដល់​វគ្គ ៨ក្រុម​ចុង​ក្រោយ​ឯណោះ។

យ៉ាងណាមិញ ខាង​សហព័ន្ធ​បាល់ទាត់​បារាំង​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា «Kylian Mbappe បាន​ត្រលប់​មក​ហ្វឹកហាត់​នៅ​ជំរំ​បាល់ទាត់​បារាំង​ហើយ។ លោក​នឹង​ទទួល​បាន​ការ​ព្យាបាល​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ ដោយ​មិន​ឆ្លងកាត់​ការ​វះកាត់​ភ្លាមៗ​នោះ​ទេ។ ម៉ាស​ពិសេស​មួយ​នឹង​ត្រូវ​ផ្ដល់​ជូន ដើម្បី​ឱ្យ​កីឡាករ​ពាក់​អាវ​លេខ ១០រូបនេះ​គិតគូរ​ក្នុង​ការ​បន្ត​លេង​នៅ​ក្នុង​ព្រឹត្តិការណ៍នេះ (Euro 2024) ក្រោយ​ពេល​ដែល​ទទួល​បាន​ការ​ព្យាបាល​រួច»។

ក្រោយ​ចូល​លេង​ពាក់​ម៉ាស​ប៉ុន្មាន​ប្រកួត​កន្លង​មក​ កីឡាករ​នេះ​ក៏​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត​នឹង​ការ​ចូល​លេង​ពាក់​ម៉ាស​នេះ​៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី