- 2024-06-27 09:07:07
- បាល់ទាត់
សម្បត្តិ សុវណ្ណឬទ្ធី៖ ក្ដីស្រមៃរបស់ខ្ញុំចង់ក្លាយជាអ្នកចាំទីរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង
- 2024-06-27 09:07:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្បត្តិ សុវណ្ណឬទ្ធី៖ ក្ដីស្រមៃរបស់ខ្ញុំចង់ក្លាយជាអ្នកចាំទីរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង
ចន្លោះមិនឃើញ
កីឡាកររបស់ក្រុមបាល់ទាត់សុវណ្ណភូមិ បន្ទាប់ពីជួយក្រុមឲ្យលើកពានរង្វាន់កីឡាមហាជនជើងឯករាជធានីភ្នំពេញ កាលពីម្សិលមិញនេះបានបង្ហើបក្ដីស្រមៃរបស់ខ្លួនថាថ្ងៃអនាគតចង់ក្លាយជាអ្នកចាំទីនៅក្លឹបអាជីពព្រះខ័នរាជ្យស្វាយរៀង។
សម្បត្តិ សុវណ្ណឬទ្ធី បានឲ្យដឹងថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រមួយក្រុម CBS នេះក្រុមរបស់ខ្លួនធ្វើមិនសូវបានល្អនោះឡើយ ពោលខូចបាល់ច្រើន និងបញ្ចប់ទីមិនល្អ។ ប៉ុន្តែយ៉ាងណាក្រុមសុវណ្ណភូមិ របស់ខ្លួនព្យាយាមសម្រុកដៃគូរហូតតាមស្មើនៅចុងម៉ោង និងឈានដល់ការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដីហើយទទួលបានជ័យជម្នះតែម្ដង។
យុវជនកម្ពស់ ១,៧៦ Cm រូបបន្ថែមទៀតថា ការហាត់លេងបាល់ទាត់នេះគោលបំណងធំចង់ក្លាយជាកីឡាករអាជីពនៅថ្ងៃអនាគត។ ក្លឹបដែលរូបគេស្រឡាញ់ និងមានក្ដីស្រមៃចង់លេងនោះគឺក្លឹបព្រះខ័នរាជ្យស្វាយរៀង។ កីឡាកររូបនេះថាដើម្បីឈានដល់សម្រេចក្ដីស្រមៃគឺមានតែការខំប្រឹងហ្វឹកហាត់ និងមានសុខភាពមាំមួនទើបអាចក្លាយជាអ្នកបាល់ទាត់អាជីពទៅបាន។
ចំណែកលោក ហុង គីដន គ្រូបង្វឹករបស់ក្រុមបាល់ទាត់សុវណ្ណភូមិ បានលើកឡើងថា ម្សិលមិញនេះកូនក្រុមរបស់លោកធ្វើឲ្យមានកំហុសច្រើនពិសេសគឺ Offside តែម្ដង។ មួយវិញទៀតគឺទាត់បាល់បញ្ចប់ទីមិនបានសម្រេចជាច្រើនដង។ ដោយសារតែកីឡាករមានចិត្តពុះកញ្ជ្រោលពេកចង់ឈ្នះពេកទើបធ្វើឲ្យពួកគេលេងមិនសូវបានល្អដូចនេះ។
បញ្ជាក់ដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រផ្នែកកីឡាបាល់ទាត់នៃការប្រកួតកីឡាមហាជនជើងឯករាជធានីភ្នំពេញនេះធ្វើឡើងកាលពីម្សិលមិញនេះនៅវិទ្យាល័យបឹងកេងកងរវាងក្រុមបាល់ទាត់សុវណ្ណភូមិន និង CBS។ សម្បត្តិ សុវណ្ណឬទ្ធី បានជួយក្រុមឲ្យឈ្នះពានរង្វាន់មួយនេះបន្ទាប់ពីចាប់បាល់បានយ៉ាងល្អនៅវគ្គទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី។ ក្រុមសុវណ្ណភូមិ ជាប់លេខ១ ក្រុមបាល់ទាត់ CBS ជាប់លេខ២ និងក្រុម ស៊ីសុវត្ថិ ជាប់លេខ៣៕