
- 2024-06-24 05:32:45
- បាល់ទះ
បាល់ទះបង្កើតប្រវត្តិសាស្ត្រថ្មីទៀតហើយដោយបញ្ជូន U-20 ប្រកួតជម្រុះដណ្ដើមកៅអីលេងជើងឯកអាស៊ី
- 2024-06-24 05:32:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាល់ទះបង្កើតប្រវត្តិសាស្ត្រថ្មីទៀតហើយដោយបញ្ជូន U-20 ប្រកួតជម្រុះដណ្ដើមកៅអីលេងជើងឯកអាស៊ី
ចន្លោះមិនឃើញ
ជាប្រវត្តិសាស្ត្រថ្មីមួយទៀតហើយសម្រាប់ក្រុមបាល់ទះកម្ពុជា ដោយលើកនេះបញ្ជូនកីឡាករយុវជន U-20 ទៅប្រកួតនៅអន្តរជាតិដណ្ដើមកៅអីឆ្ពោះទៅលេងពានរង្វាន់ជើងឯកយុវជនអាស៊ី ខណៈជាង ៦០ឆ្នាំមកហើយដែលកម្ពុជាមិនដែលបានបញ្ជូនបែបនេះ។
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបាល់ទះបានឲ្យដឹងកាលពីម្សិលមិញនេះថា ជាប្រវត្តិសាស្ត្រមួយទៀតដែលបាល់ទះកម្ពុជាមានរៀបចំប្រមូលផ្ដុំជាថ្នាលអាយុក្រោម ២០ឆ្នាំ និងបានចេញទៅប្រកួតលក្ខណៈអន្តរជាតិបែបនេះ។ នេះជាការបោះជំហានថ្មីមួយទៀតសម្រាប់បាល់ទះកម្ពុជាពិសេសយុវជនថ្នាលក្មេងៗដែលឈានទៅដល់ការប្រកួតកម្រិតអន្តរជាតិដូចជានៅទ្វីបអាស៊ីតែម្ដង។
បើទោះជាការប្រមូលផ្ដុំបានត្រឹម ៦សប្ដាហ៍ អគ្គលេខាធិការខាងលើជឿជាក់ថាក្រុមកម្ពុជានឹងធ្វើបានល្អចំពោះការប្រកួតប៉ះជាមួយក្រុមវៀតណាមថ្ងៃទី២៥ មិថុនា ២០២៤ ខាងមុខនេះ។ ព្រោះថាឥលូវនេះបាល់ទះកម្ពុជាចេញទៅដណ្ដើមជ័យជម្នះមិនមែនចេញទៅយកបទពិសោធនោះទេ។
ជាមួយគ្នានោះដែរលោក អាំង សិរីពិសិដ្ឋ បានពង្រឹងស្មារតីដល់កីឡាករទាំងអស់ថាចូលដល់ទីលានប្រកួតកុំខ្វល់អ្វីទាំងអស់ហើយគិតថាទីនោះជាផ្ទះ ជាទឹកដីកម្ពុជាដូចទៅហ្នឹងការហាត់ ឬប្រកួតនៅកម្ពុជានោះដែរ។
បញ្ជាក់ដែរថា ក្រុមបាល់ទះ U-20 របស់កម្ពុជាបានធ្វើដំណើរទៅប្រទេសថៃ ហើយកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ។ ថ្ងៃទី២៥ មិថុនា ស្អែកនេះក្រុម U-20 កម្ពុជា នឹងត្រូវប្រកួតជម្រុះដណ្ដើមកៅអីជាមួយ U-20 វៀតណាម លើទឹកដីកណ្ដាល (ប្រទេសថៃ)។ អ្នកដែលឈ្នះនឹងមានសិទ្ធចូលរួមប្រកួតជើងឯកអាស៊ី U-20 នៅប្រទេសឥណ្ឌូណេស៊ី អំឡុងខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ៕