• 2024-06-21 09:52:46
  • បាល់ទាត់

មើល​ជើង​បារាំង​ និង​​​ហុល្លង់ មុន​ប៉ះ​គ្នា​យប់​នេះ​

  • 2024-06-21 09:52:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន់​គក​បារាំង ​នឹង​ប៉ះ ហុល្លង់ ​នា​​យប់​នេះ​វេលា​ម៉ោង​២​រំលង​អាធ្រាត្រ ​នៅ​ទឹក​ដី Red Bull Arena ​ដែល​ជា​កា​រ​ប្រកួត​ដ៏​សំខាន់​​ដោយ​​ក្រុម​ណា​ឈ្នះ​នឹង​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​​ក្រោយ​មុន​នៃ​ពាន​រង្វាន់​ EURO 2024 ប្រចាំ​ពូល D ។

​ចាប់​ផ្ដើម​កា​រ​ប្រកួត​ បារាំង ​បាន​​យក​ឈ្នះ​ទៅ​ក្រុម​អូទ្រីស​១​-០ ​កាល​ប្រកួត​ទី​១ ខណៈ​ក្រុម​​ហុល្លង់​បាន​យក​ឈ្នះ​ទៅ​លើ​​ក្រុម​​​​ប៉ូឡូញ​២-១។ ជ័យជម្នះ​ដូច​គ្នា​កាល​ប្រកួត​ទី​១​របស់​ក្រុម​ទាំង​ពីរ​មាន​ន័យ​ថា យប់​នេះ​ក្រុម​ណា​ឈ្នះ​នឹង​ឡើ​​ងទៅ​កាន់​​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​ប្រចាំ​ពូល D ។

​កាល​ប្រកួត​មុន​ Ronald Koeman ​បាន​សម្រេច​ចិត្ត​មួយ​ដ៏​ត្រឹម​ត្រូវ​​តាម​រយៈ​ការ​ប្ដូរ​​ជើង​ស៊ុត Memphis Depay ​ចេញ​នៅ​​​ចុង​ម៉ោង និង​បាន​ដាក់​បញ្ចូល​ដោយ​អតីត​កីឡាករ​បិសាច​ក្រហម  Wout Weghorst ឲ្យ​ចូល​ជំនួស និង​បាន​រក​គ្រាប់​បាល់​ជ័យជម្នះ​ ២-១​។ ងាក​មក​ក្រុម​បារាំង​វិញ​ជ័យជម្នះ​១-០ ទល់​ក្រុម​អូទ្រីស​កាល​ប្រកួត​ទី​១​​គឺ​ដោយ​សារ​ការ​​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ដោយ​កីឡាករ Maximilian Wober យ៉ាង​ណា​ដ្បិត​ថា​ឈ្នះ​ការ​ប្រកួត​នោះ​មែន​​ប៉ុន្តែ Kylian Mbappe បាន​ធ្វើ​ឲ្យ​ខក​ខាន​ឱកាស​ជា​ច្រើន​ហើយ​បន្ថែម​លើស​ពី​នោះ​គេ​បាន​រង​របួស​បាក់​ខ្ទង់​ច្រមុះ​​​ថែម​ទៀត​ផង​​បន្ទាប់​ពី​​លោត​តែត​ប៉ះ​ទង្គិច​ជា​មួយ​ស្មា​​​កីឡាករ​ Kevin Danso របស់​អូទ្រីស​​។

៦​ប្រកួត​ចុង​ក្រោយ​របស់​ ហុល្លង់​ឈ្នះ​៥​ចាញ់​តែ​ម្ដង​ប៉ុណ្ណោះ​គឺ​ចាញ់​អាល្លឺម៉ង់​២-១​​ក្នុង​ជំនួប​មិត្ត​ភាព ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​បារាំង​៦​ប្រកួត​ចុង​​ក្រោយ​ឈ្នះ​៣​ស្មើ​២​និង​ចាញ់​១​ដូច​គ្នា​ ហើយ​ការ​ចាញ់​របស់​បារាំង​គឺ​ចាញ់​អាល្លឺម៉ង់​ក្នុង​​ជំនួប​មិត្ត​ភាព​ដូច​គ្នា​។

ជើង​កីឡាករ​ ហុល្លង់​គ្មាន​កីឡាករ​​រង​របួស​ឬ​មាន​បញ្ហា​ទេ​កាល​ប្រកួត​មុន​ដែល​​យក​ឈ្នះ​ប៉ូឡូញ ២-១ នោះ​ ខណៈ​ដែល Brian Brobbey ដែល​អវត្តមាន​កាល​ប្រកួត​មុន​​​ដោយសារ​បញ្ហា​របួស​សរសៃពួរ​ក៏​បាន​វិល​ចូល​ហ្វឹកហាត់​វិញ​ជា​មួយ​មិត្ត​រួម​ក្រុម​នា​ថ្ងៃ​នេះ​។ ដូច្នេះ Ronald Koeman​ មាន​ជម្រើស​ជា​ច្រើន​ក្នុង​ការ​ដាក់​ឲ្យ​លេង​ទល់​បារាំង​យប់​នេះ​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​បារាំង​បាន​ផ្សាយ​​ជុំ​វិញ​ការ​រង​របួស​របស់​​ Kylian Mbappe គឺ​គេ​នឹង​អង្គុយ​​នៅ​កៅអី​បម្រុង​នា​យប់​នេះ បើ​ទោះ​ជា​គេ​បាន​ចូល​ហាត់​វិញ​ដោយ​ពាក់​របាំង​មុខ​ក៏​ដោយ​​ ហើយ​​អ្នក​ចាត់​សញ្ជាតិ​បារាំង​លោក ​Deschamps នឹង​ប្រើ​កីឡាករ​វ័យ​៣៧​ឆ្នាំ​ Olivier Giroud នៅ​តំបន់​ប្រយុទ្ធ​​កណ្ដាល​។ Eduardo Camavinga​ បាន​របួស​កជើង​​ និង​មិត្ត​រួម​ក្រុម ​Aurelien Tchouameni​ របួស​ជើង​​​បន្តិច​បន្តួច​ ប៉ុន្តែ​ត្រូវ​បានគេ​រំពឹង​ថា នឹង​អាច​ចូលលេង​ធម្មតា​។ ចំណែក N'Golo Kante ដែល​បានឈ្នះ​ជា​កីឡាករ​លេង​ល្អ​កាល​ប្រកួត​​​មុន​នោះ​ក៏​នឹង​រ៉ាប់រង​នៅ​តំបន់​បម្រើ​ការពារ​ដដែល​។

ដូច្នេះ​ជម្រើស​ដំបូង​របស់​​ក្រុម​ទាំង​ពីរ​អាច​ជា៖ ហុល្លង់​ ៖ Verbruggen; Dumfries, De Vrij, Van Dijk, Ake; Schouten, Veerman; Simons, Reijnders, Gakpo; Depay ។

បារាំង​៖ Maignan; Kounde, Saliba, Upamecano, Hernandez; Kante, Rabiot; Dembele, Griezmann, Thuram; Giroud ៕

Daro Ly

មតិយោបល់
អត្ថបទពេញនិយម