• 2024-06-20 13:06:33
  • បាល់ទាត់

មេ​ថ្មី​បិសាច​ក្រហម​បង្ហើប​ចំណុច​អាទិភាព​ក្នុង​ការ​ស្ដារ​មុខ​មាត់​ក្លឹប

  • 2024-06-20 13:06:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហ​ម្ចាស់​ក្លឹប Manchester United លោក Jim Ratcliffe បាន​បង្ហើប​ចំណុច​អាទិភាព​របស់​លោក​ ក្នុង​ការ​លើក​កម្ពស់​សមត្ថភាព​របស់​ក្លឹប​បិសាច​ក្រហម។

លោក Jim Ratcliffe បាន​ក្លាយ​ជា​សហ​ម្ចាស់​ក្លឹប Man United កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ។ លោក​បាន​ទិញ​ភាគ​ហ៊ុន​ចំនួន ២៧.៧ ភាគ​រយ​ក្នុង​តម្លៃ​ប្រមាណ ១,៦ ប៊ីលាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​គ្រួសារ​ត្រកូល​ Glazer ដែល​ជា​ម្ចាស់​ហ៊ុន​ភាគ​ច្រើន​របស់​ក្លឹប។ ចំនួន​ភាគ​ហ៊ុន​នេះ បើក​ផ្លូវ​ឲ្យ​លោក Ratcliffe ក្លាយ​ជា​សហ​ម្ចាស់​ក្លឹប​បិសាច​ក្រហម ហើយ​មាន​សិទ្ធិ​អំណាច​សម្រេច​លើ​កិច្ចការ​ផ្សេងៗ​ទាក់​ទង​ទៅ​នឹង​វិស័យ​កីឡា​របស់​ក្លឹប ក្នុង​នោះ​រួម​មាន​ការ​សម្រេច​ចិត្ត​ទាំង​អស់​ទៅ​លើ​ដំណើរ​ការ​កិច្ចការ​ងារ​ពាក់ព័ន្ធ​នឹង​បាល់ទាត់​បុរស បាល់ទាត់​នារី និង​ថ្នាល​បាល់ទាត់​យុវជន​របស់​ក្លឹប។

លោក Ratcliffe គឺ​ជា​មហា​សេដ្ឋី​លំដាប់​កំពូល​មួយ​នៅ​អង់គ្លេស ហើយ​ជា​ម្ចាស់​ក្រុមហ៊ុន​ចម្រាញ់​ និង​ផលិត​សារជាតិ​គីមី​ធំ​មួយ​លំដាប់​ពិភពលោក​ឈ្មោះ​ថា INEOS។ លើស​ពី​នោះ​ លោក​ក៏​មាន​នៅ​ក្នុង​ដៃ​មុខ​ជំនួញ​លើ​វិស័យ​ជា​ច្រើន​ដូចជា​ អាហារ ថ្នាំ​ពេទ្យ និង​សំណង់។

ថ្វីបើ​លោក​មាន​សិទ្ធិ​អំណាច​ធំ​ជា​ពិសេស​ក្នុង​នាម​ជា​សហ​ម្ចាស់​ថ្មី​របស់​ក្លឹប លោក Ratcliffe មិន​បាន​បញ្ចេញ​យោបល់​ច្រើន​ទេ​ ទៅ​លើ​បញ្ហា​ប្រឈម និង​ទិសដៅ​ទៅ​មុខ​របស់​បិសាច​ក្រហម​ឡើយ។ ទើប​តែ​នា​ពេល​នេះ លោក​បាន​បង្ហើប។

ថ្លែង​ប្រាប់​សារព័ត៌មាន Bloomberg លោក Ratcliffe បាន​និយាយ​ថា បញ្ហា​ចម្បង​របស់​ក្លឹប​ Manchester United ជា​​ពិសេស​ជាង ១០ ចុង​ក្រោយ គឺ​មិន​មែន​មក​ពី​អ្នក​ចាត់​ការ​នោះ។ បញ្ហា​ចម្បង​របស់​ក្លឹប គឺ​បរិយាកាស​ដែល​ក្លឹប​ដំណើរការ​មាន​សភាព​មិន​ល្អ ដែល​នាំ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ខុស​ជា​ច្រើន ជា​ពិសេស​លើ​ទីផ្សារ​ដោះដូរ​កីឡាករ។ ជាង ១ ទសវត្ស​កន្លង​ទៅ បិសាច​ក្រហម​ចំណាយ​ដល់​ទៅ​ជាង ១,៤ ប៊ីលាន​ដុល្លារ​សហរដ្ឋអាមេរិក តែ​លទ្ធផល​ជាក់​ស្ដែង​នៅ​តែ​មិន​គាប់​ប្រសើរ។

ក្នុង​ន័យ​នេះ ចំពោះ​ លោក Ratcliffeទិស​ដៅ​អាទិភាព​របស់​ Man United គឺ​មិន​មែន​ផ្ដោត​ទៅ​លើ​ការ​ទិញ​កីឡាករ​ល្អ ហើយ​ថ្លៃៗ​នោះ​ទេ។ ក្លឹប​ត្រូវ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ងារ​អភិវឌ្ឍ​ក្រុម​កីឡាករ ដើម្បី​ឲ្យ​ក្រុម​កីឡាករ​មាន​លំនឹង ហើយ​ជា​មួយ​គ្នា​នោះ ផ្ទេរ​ចូល​កីឡាករ​ល្អៗ​មួយ​ចំនួន​ដើម្បី​បង្កើន​ទម្រង់​លេង​របស់​ក្រុម។ ម៉្យាង​វិញ​ទៀត ក្លឹប​ត្រូវ​បង្ក​បរិយាកាស​ដ៏​ល្អ​ប្រសើរ​សម្រាប់​ដំណើរ​ការ​ក្លឹប ក្នុង​នោះ​គឺ​ត្រូវ​វិនិយោគ​បន្ថែម​ទៀត​ទៅ​លើ​ហេត្ថារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​ក្លឹប ដូច​ជា​ទីលាន​ហ្វឹកហាត់​របស់​កីឡាករ ដើម្បី​បង្កើន​ភាព​​ប្រកួត​ប្រជែង​របស់​ក្លឹប។

តាំង​ពី​អ្នក​ចាត់​ការ​ Sir Alex Ferguson បាន​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ ២០១៣ មក ក្លឹប​បិសាច​ក្រហម​បាន​ធ្លាក់​ក្នុង​សភាព​លំបាក។ ជាង​ ១០ ឆ្នាំ​កន្លង​ទៅ ក្លឹប​មិន​ដែល​ឈ្នះ​ពាន​ Premier League ឬ UEFA Champions League ឡើយ។ ក្រៅ​ពី​នេះ ទោះ​ក្លឹប​បាន​ចំណាយ​លុយ​រាប់​រយ​លាន​ដុល្លារ​ដើម្បី​ផ្ទេរ​ចូល​កីឡាករ​ថ្លៃៗ ឬ​តែង​តាំង អ្នក​ចាត់​ការ​ល្បីៗ ក៏​ទម្រង់​លេង​របស់​ក្លឹប​នៅ​តែ​មិន​ទៅ​មុខ រដិបរដុប ហើយ​ភាព​ប្រកួត​ប្រជែង​របស់​ក្លឹប​បាន​ធ្លាក់​ចុះ​ជា​គំហុក។ តួ​យ៉ាង​កាល​ពី​រដូវ​កាល​មុន ក្លឹប​បាន​ឈរ​ចំណាត់​ថ្នាក់​លេខ ៨ ក្នុង​លីគ។

មតិ​អ្នក​គាំទ្រ​របស់​ក្លឹប ច្រើន​ទម្លាក់​កំហុស​លើ​កីឡាករ ឬ​អ្នក​ចាត់​ការ នៅ​ពេល​ក្លឹប​លេង​មិន​ល្អ ហើយ​ទាម​ទារ​លក់​កីឡាករ​នេះ​ចេញ នាំ​កីឡាករ​នោះ​ចូល ដេញ​គ្រូ​មួយ​ចេញ ហើយ​ដាក់​វិញ​គ្រូ​មួយ​ទៀត។ ទោះ​ជា​យ៉ាង​ណា ក៏​មាន​មតិ​អ្នក​គាំទ្រ​ផ្សេង​ទៀត ក្នុង​នោះ​រួម​មាន​កីឡាករ Cristiano Ronaldo ផង បាន​ទម្លាក់​កំហុស​ទៅ​លើ​ម្ចាស់​ក្លឹប The Glazer Family ដែល​ធ្វើ​មិន​បាន​ល្អ​ក្នុង​ការ​ដឹកនាំ និង​គ្រប់គ្រង​ទិសដៅ​របស់​ក្លឹប បង្ក​ឲ្យ​បរិយាកាស​ក្នុង​ដំណើរ​ការ​របស់​ក្លឹប​មិន​ល្អ នាំ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ខុស​ជា​ច្រើន ជា​ពិសេស​លើ​វិស័យ​បាល់ទាត់​របស់​ក្លឹប៕

ប្រភព៖ Bloomberg អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី