• 2024-06-10 11:37:25
  • ព័ត៌មាន

Real ត្រៀម​បដិសេធ​មិន​លេង​នៅ​ក្នុង​ Club World Cup នៅ​ឆ្នាំ២០២៥

  • 2024-06-10 11:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Real Madrid ត្រៀម​បដិសេធ​មិន​លេង​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​​ពិភពលោក​កម្រិត​ក្លឹប FIFA Club World Cup ដែល​នឹង​រៀបចំ​នៅទឹកដី​សហរដ្ឋអាមេរិក​នៅ​ក្នុង​រដូវ​ក្ដៅ​​ ឆ្នាំ២០២៥។ នេះ​បើតាម​ការ​លើកឡើង​របស់​លោក Carlo Ancelotti ដែល​ជា​គ្រូ​បង្គោល​របស់​ក្លឹប​នេះ។

ក្លឹប​ដែល​មាន​រហស្សនាម​អធិរាជ​ស​មួយ​នេះ​ទើប​តែ​លើក​ពាន UEFA Champions League នៅ​ដើម​ខែ​មិថុនា​នេះ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ លោក Ancelotti បាន​ប្រាប់​សារព័ត៌មាន Il Giornale ថា៖ «FIFA ភ្លេច​ថា ក្លឹប និង​កីឡាករ​​យើង​នឹង​មិន​ចូល​រួម​នៅ​ក្នុង​ប្រកួត Club World Cup ថ្មី​នោះ​ទេ។ ប្រកួត​ Real Madrid មួយ​តម្លៃ​ប្រមាណ ២០លាន​អឺរ៉ូ (២២លាន​ដុល្លារ​អាមេរិក) ហើយ FIFA ចង់​ឱ្យ​​យើង​ ២០លាន​អឺរ៉ូ​សម្រាប់ប្រកួត​ទាំង​អស់​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ»។

«អត់​ទេ។ សូម្បី​តែ​ក្លឹប​ផ្សេង​ក៏​ដូច​យើង​ដែរ គេ​នឹង​មិន​ចូល​រួម​ទេ»។ នេះ​បើ​តាម​ការ​បន្ថែម​របស់​លោក Ancelotti។

ព្រឹត្តិការណ៍ Club World Cup ឆ្នាំ២០២៥ ជា​ព្រឹត្តិការណ៍​ថ្មី​មួយ​របស់​ FIFA ដែល​នឹង​ផ្ដល់​ឱកាស​ឱ្យ​ក្លឹប​នានា​ជុំ​វិញ​ពិភពលោក​ប្រកួត​គ្នា​។ ទម្រង់​នឹង​ការ​លេង​នៅ​ឆ្នាំ​ក្រោយ​នេះ​នឹង​មាន ៣២ក្រុម ហើយ​លេង​ក្នុង​ទម្រង់​ចែក​ជា ៨ពូល។ ២ក្លឹប​ក្នុង​មួយ​ពូល​នឹង​ឡើង​ទៅ​វគ្គ ១៦ក្រុម រួច​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

៣២ក្រុម​នេះ​​ជ្រើស​រើស​ចេញ​ពី​ក្លឹប​នៅ​ក្នុង​ទ្វីប​នានា​ ដោយ​ក្នុង​នោះ​ អាស៊ី​មាន ៤ក្លឹប អាហ្វ្រិក​មាន ៤ក្លឹប អាមេរិក​ខាង​ជើង​មាន ៤ក្លឹប អាមេរិក​ខាង​ត្បូង​មាន ៦ក្លឹប អូសេអានី ១ក្លឹប និង​អឺរ៉ុប​មាន ១២ក្លឹប៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី