• 2024-06-03 14:02:11
  • បាល់ទាត់

Vini Jr ចង់​នៅ​ Real Madrid ជា​រៀង​រហូត

  • 2024-06-03 14:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ្ស​ស្លាប Vinicius Jr ប្រកាស​ថា ចង់​នៅ​ជាមួយ Real Madrid ជា​រៀង​រហូត។

ថ្លែង​ក្រោយ​ជួយ​ Real Madrid ឲ្យ​ឈ្នះ​ពាន Champions League កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ កីឡាករ​វ័យ ២៣ ឆ្នាំ បាន​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​ថា រូប​គេ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ជាមួយ​ក្លឹប។ ហេតុ​នេះ រូប​គេ​ចង់​នៅ​ជាមួយ​ Real Madrid ជា​ច្រើន​ឆ្នាំ​បន្ត​ទៀត។ រូប​គេ​ចង់​នៅ​ជាមួយ Real Madrid ជា​រៀង​រហូត។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​កីឡាករ​ដដែល។

Vini បាន​និយាយ​ជា​សាធារណៈ​ទៀត​ថា ស្នើ​ឲ្យ​ប្រធាន​ក្លឹប Real Madrid លោក Florentino Perez ​ត​កុងត្រា​ថ្មី​ឲ្យ​រូប​គេ ព្រោះ​រូប​គេ​ពិត​ជា​ស្រលាញ់​ក្លឹប​មួយ​នេះ​ណាស់។

នេះ​​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ ដែល​កីឡាករ​ប្រេស៊ីល​រូប​នេះ និយាយ​ដូច្នេះ។ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២១ ខ្សែប្រយុទ្ធ​ស្លាប​រូប​នេះ​ក៏​ថ្លែង​ពាក្យ​បែប​នេះ ប្រាប់​អ្នក​សារព័ត៌មាន​ផង​ដែរ។

Vini Jr ទើប​ត​កុងត្រាថ្មី​ជាមួយ​ក្លឹប Real Madrid កាល​ពី​ខែ​តុលា​ ឆ្នាំ ២០២៣ កន្លង​ទៅ។ កុងត្រាបច្ចុប្បន្ន​របស់​កីឡាករ​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ ២០២៧។

កាល​ពី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ UCL ជាមួយក្លឹប Borussia Dortmund ខ្សែ​ប្រយុទ្ធ​ស្លាប Vini Jr បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។ កីឡាករ​បាន​ស៊ុត​ចូល​គ្រាប់​ទី ២ នៅ​នាទី ៨៣ ហើយ​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន Champions League លើក​ទី ១៥ ក្រោយ​ឈ្នះ​ Dortmund ក្នុង​លទ្ធផល ២ ទល់​នឹង ០។

Vinicius បាន​មក​ចូល​រួម​ជាមួយ Real Madrid ពី​ក្លឹប​ប្រស៊ីល Flamengo នៅ​ឆ្នាំ ២០១៨។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​សរុប​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ​ចំនួន ២៦៤ ប្រកួត និង​ស៊ុត​ចូល ៨៣ គ្រាប់។ ក្នុង​រដូវ​កាល​នេះ កីឡាករ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ជាង​ពេល​ណា​ៗ​ទាំង​អស់​ឲ្យ​ក្លឹប ដោយ​ខ្សែ​ប្រយុទ្ធ​បាន​រក​គ្រាប់​បាល់​ដល់​ទៅ ២៤ គ្រាប់ ក្នុង​ចំនួន ៣៩ ប្រកួត ក្នុង​នោះ​គ្រាប់​បាល់​ដែល​ Vini រក​បាន​ច្រើន​សុទ្ធ​តែ​ក្នុង​ប្រកួត​សំខាន់ៗ។

ដោយ​ហេតុ​នេះ ទើប​មាន​មជ្ឈដ្ឋាន​បាល់ទាត់​ជាច្រើន​លើក​ឡើង​ថា Vini Jr អាច​នឹង​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ Ballon d'Or ឆ្នាំ​នេះ ក្នុង​នាម​ជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម