• 2024-06-03 13:37:29
  • បាល់ទាត់

មក​ដឹង​ទីតាំង​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League រដូវ​កាល​ក្រោយ

  • 2024-06-03 13:37:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី UEFA Champions League គឺ​ជា​កម្មវិធី​កំពូល​របស់​វិស័យ​បាល់ទាត់​ក្លឹប​នៅ​អឺរ៉ុប។ កម្មវិធី​មាន​ប្រជាប្រិយ​យ៉ាង​ខ្លាំង​ហើយ​មាន​អ្នក​ទស្សនា​ដោយ​ផ្ទាល់​ និង​តាម​ការ​ផ្សាយ​បន្ត​ផ្ទាល់​រាប់​ពាន់​លាន​នាក់​ទូទាំង​សកល​លោក។​ ហេតុ​នេះ ការ​រៀប​ចំ​កម្មវិធី​នេះ​ទាមទារ​ពេល​វេលា ការ​ធ្វើ​ផែន​ការ ការ​គិត​គូរ និង​ការ​ចាត់ចែង​ជា​មុន​យ៉ាង​ច្រើន​ខែ។ ដូច្នេះ​ហើយ ទោះ​ Champions League រដូវ​កាល​នេះ​ទើប​តែ​បិទ​បញ្ចប់​ក្ដីនៅ​កីឡដ្ឋាន Wembley អង់គ្លេស ក៏​យើង​អាច​ដឹង​ថា​កីឡដ្ឋាន​បន្ទាប់​ដែល​នឹង​ត្រូវ​បាន​រៀប​ចំ​កម្មវិធី Champions League វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ទី​ណា​ផង​ដែរ​។ កីឡដ្ឋាន​នោះ​គឺ Allianz Arena។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ​ផ្លូវ​ការ​របស់ UEFA តាំង​ពី​ខែ​កក្កដា ឆ្នាំ​មុន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទីតាំង​ដែល​នឹង​ត្រូវ​លេង​កម្មវិធី​ UCL វគ្គ Final គឺ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Allianz Arena ដែល​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា Fußball Arena München ស្ថិត​នៅ​ទីក្រុង​ Munich ប្រទេស​អាល្លឺម៉ង់។ កីឡដ្ឋាន​គឺ​កីឡដ្ឋាន​ផ្លូវ​ការ​របស់​ក្លឹប Bayern Munich។

លើក​ចុង​ក្រោយ​ កីឡដ្ឋាន​នេះ​រៀប​ចំ​កម្មវិធី​វគ្គ​ផ្ដាច់ព្រ័ត្រ​ UCL គឺ​នៅ​ឆ្នាំ ២០១២។ នៅ​ពេល​នោះ ក្លឹប Chelsea បាន​ប៉ះ​ជាមួយ​ក្លឹប Bayern Munich ក្នុង​វគ្គ​ Final កម្មវិធី Champions League។ តោ​ខៀវ​បាន​យក​ឈ្នះ​យក្ស​អាល្លឺម៉ង់ Bayern ក្នុង​វគ្គ​ទាត់បាល់​ពិន័យ ក្នុង​លទ្ធផល ៤ ទល់​នឹង ៣។

ក្រៅ​ពី​ធ្វើ​ជា​ទីតាំង​វគ្គ​ផ្ដាច់ព្រ័ត្រ​សម្រាប់​ UCL រដូវ​កាល​ក្រោយ Allianz Arena ក៏​ជា​កីឡដ្ឋាន​មួយ​បម្រើ​ដល់​កម្មវិធី​ EURO ២០២៤ ដែល​ជា​កម្មវិធី​បាល់ទាត់​កំពូល​ប្រចាំ​ប្រទេស​នៅ​ទ្វីបអឺរ៉ុប។ EURO ឆ្នាំ​នេះ មាន​អាល្លឺម៉ង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

Allianz Arena ត្រូវ​បាន​សាងសង់​នៅ​ឆ្នាំ ២០០១ ហើយ​សាងសង់​រួច​រាល់ និង​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ខែ​តុលា​ ឆ្នាំ ២០០៥។ ក្លឹប Bayern Munich គឺ​ជា​ម្ចាស់​កីឡដ្ឋាន​នេះ។ កីឡដ្ឋាន​របស់​ក្លឹប​យក្ស​អាល្លឺម៉ង់​មួយ​នេះ អាច​ទទួល​ភ្ញៀវ​ដល់​ទៅ ៦៧,០០០ នាក់៕

ប្រភព៖ UEFA អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម