- 2024-06-03 13:07:53
- បាល់ទាត់
Real បន្តឈ្នះដាច់គេ រឿងជោគជ័យក្នុង Champions League
- 2024-06-03 13:07:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real បន្តឈ្នះដាច់គេ រឿងជោគជ័យក្នុង Champions League
ចន្លោះមិនឃើញ
ក្នុងប្រវត្តិសាស្ត្រកម្មវិធីលីគកំពូលអឺរ៉ុប (UEFA Champions League) គ្មានក្លឹបណាឈ្នះច្រើនដងដូច Real Madrid នោះទេ។
ក្រោយឈ្នះ Borussia Dortmund ក្នុងលទ្ធផល ២-០ នាវគ្គផ្តាច់ព្រ័ត្រ UCL រដូវកាល ២០២៣/២០២៤ កាលពីចុងសប្ដាហ៍កន្លងទៅ ក្លឹបអធិរាជ Real Madrid បានធ្វើសម្រេចក្នុងការឈ្នះពានរង្វាន់ Champions League។ នេះគឺជាពានលើកទី ១៥ ដែលក្លឹបយក្សអេស្ប៉ាញមួយនេះបានយកមកធ្វើជាកម្មសិទ្ធិ។ ក្នុងនោះ Real បានឈ្នះដល់ទៅ ៦ ដងក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ។
ក្នុងប្រវត្តិសាស្ត្រ UCL ក្លឹបដែលបានឈ្នះពានរង្វាន់កំពូលមួយនេះមានចំនួន ២២ ក្លឹប។ ក្លឹបដែលឈ្នះច្រើនជាងគេ គឺ Real Madrid ដែលបានទទួលបានជ័យជំនះដល់ទៅ ១៥ ដង។ ឯក្លឹបដែលឈ្នះច្រើនបន្ទាប់គឺក្លឹបយក្សអ៊ីតាលី AC Milan ដែលលើកពាន UCL ចំនួន ៧ រដូវកាល។ លេខ ៣ ស្ទួន គឺក្លឹបហង្សក្រហម Liverpool និង Bayern Munichដោយក្លឹបយក្សអង់គ្លេស និងយក្សអាល្លឺម៉ង់បានយកឈ្នះពាននេះចំនួន ៦ លើកស្មើគ្នា។ ឈរលេខ ៥ គឺក្លឹបអ្នកមានបុណ្យ Barcelona ដែលឈ្នះ Champions League ចំនួន ៥ ដង។
មជ្ឈដ្ឋានបាល់ទាត់ជាច្រើនបានវិភាគអំពីជោគជ័យរបស់ Real Madrid ក្នុងកម្មវិធី Champions League ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ។ អ្នកខ្លះថា ក្លឹបយក្សមួយនេះមានបទពិសោធន៍ខ្ពស់ ដោយសំបូរដោយគ្រូបង្វឹក ហើយកីឡាករមានសមត្ថភាពខ្ពស់ និងមានឥរិយាបថ ហើយឆន្ទៈចង់ឈ្នះ (Winning Mentality)។ មជ្ឈដ្ឋានខ្លះទៀតថា Real មានយុទ្ធសាស្ត្រផ្ទេរចូលកីឡាករដ៏ល្អ ដោយតែងតែរិះគិត និងចាត់ចែងការនាំចេញ និងនាំចូលកីឡាករត្រឹមត្រូវតាមដំណាក់កាល ដឹងថាពេលណាត្រូវផ្ទេរកីឡាករខ្លះចេញ ហើយពេលណាត្រូវផ្ទេរចូលកីឡាករក្មេងៗមានសមត្ថភាពចូល។ មជ្ឈដ្ឋានដទៃទៀត ថាគឺដោយសារ Real តែងតែមានគ្រូបង្វឹកល្អដែលតែងតែចេះចាត់ចែងទម្រង់លេងកីឡាករ ដែលធ្វើឲ្យមានលំនឹងរវាងកីឡាករវ័យក្មេងរហ័ស និងកីឡាករវ័យច្រើន តែមានបទពិសោធន៍ខ្ពស់។
ជ័យជំនះរបស់ Real Madrid ក្នុង UCL មានន័យថា ក្លឹបនឹងត្រូវលេងជាមួយម្ចាស់ជើងឯក Europa League ក្លឹបអ៊ីតាលី Atlanta នៅកម្មវិធីដណ្ដើមពាន UEFA Super Cup នៅថ្ងៃព្រហស្បតិ៍ ទី ១៥ ខែសីហាឆ្នាំ ២០២៤ វេលាម៉ោង ២ រំលងអាធ្រាត្រម៉ោងនៅកម្ពុជា៕