- 2024-05-29 11:21:51
- ព័ត៌មាន
ឡើងមក Premier League មែនតែក្លឹបLeicester ប្រឈមនឹងការកាត់ពិន្ទុ
- 2024-05-29 11:21:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡើងមក Premier League មែនតែក្លឹបLeicester ប្រឈមនឹងការកាត់ពិន្ទុ
ចន្លោះមិនឃើញ
ក្រោយឡើងមក Premier League ក្លឹបLeicester ប្រឈមនឹងការកាត់ពិន្ទុ ដោយសារតែបទល្មើសនឹងបទបញ្ញត្តិស្ដីពីប្រាក់ចំណេញ និងនិរន្តរភាព។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Telegraph។
ប្រភពខាងលើបានឱ្យដឹងថា ជើងឯកលីគកំពូលអង់គ្លេសកាលពីឆ្នាំ២០១៦មួយនេះ ប្រឈមនឹងការកាត់ពិន្ទុប្រមាណពី ១០ ទៅ ១៥ពិន្ទុ។
ក្លឹប Leicester រងការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងកាត់ពិន្ទុតាំងពីខែមីនាមកម្ល៉េះ តែក្រោយពីរដូវកាល២០២៣/២៤បានបញ្ចប់ ក្លឹបនេះបានឡើងមកលេងនៅ Premier League វិញ ក្រោយលើកពានលីគលំដាប់ទី២របស់អង់គ្លេស។
បើតាមការចោទប្រកាន់កាលពីខែមីនាកន្លងទៅ ខាងអាជ្ញាធរបាល់ទាត់អង់គ្លេសបានចោទ Leicester ថា ក្លឹបនេះបានចំណាយលើសពីការអនុញ្ញាតតាមការកំណត់របស់ច្បាប់ហិរញ្ញវត្ថុបាល់ទាត់ ក្នុងរយៈពេល ៣ឆ្នាំនៅ Premier League មុនពេលដែលក្លឹបនេះធ្លាក់ទៅលេងនៅលីគទី២។ អាជ្ញាធរបាល់ទាត់អង់គ្លេសបន្តចោទថា Leicester មិនបានជូនរបាយការណ៍ហិរញ្ញវត្ថុ និងសវនកម្មមកកាន់ស្ថាប័នរបស់ខ្លួនឡើយ។
គិតត្រឹមខែឧសភា ឆ្នាំ២០២២ ក្លឹប Leicester ខាតបង់ក្បែរ ១១៩លានដុល្លារអាមេរិកក្នុងរយៈពេល ១២ខែ។ នៅក្នុង Premier League ច្បាប់គេអនុញ្ញាតឱ្យក្លឹបនីមួយៗខាតប្រមាណ ១៣០លានដុល្លារក្នុងរយៈពេល ៣ឆ្នាំ ឬ ខ្ទង់ ៤០លានដុល្លារក្នុងមួយឆ្នាំ។
បើតាមច្បាប់ខាងលើនេះ ខាងអាជ្ញាធរបាល់ទាត់ចង់ទប់ស្កាត់កុំឱ្យក្លឹបនានាចំណាយ លើសពីចំណូល ដែលជាការប៉ះពាល់ដល់និរន្តរភាពរបស់ក្លឹប ក៏ដូចជាធ្វើយ៉ាងណាឱ្យក្លឹបតូចៗអាចចូលរួមប្រកួតប្រជែងដោយយុត្តិធម៌ជាមួយក្លឹបអ្នកមានៗផងដែរ៕