- 2024-05-28 11:32:44
- ព័ត៌មាន
Rooney ទម្លាយថា ខ្លួនធ្លាប់លេងកូនហ្គោលជាមួយ Trump
- 2024-05-28 11:32:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rooney ទម្លាយថា ខ្លួនធ្លាប់លេងកូនហ្គោលជាមួយ Trump
ចន្លោះមិនឃើញ
លោក Wayne Rooney អតីតខ្សែប្រយុទ្ធក្លឹប Manchester United បានទម្លាយប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថា លោកធ្លាប់វាយកូនហ្គោលជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump។
លោក Rooney បានវាយកូនហ្គោលជាមួយនឹងអតីតប្រធានាធិបតីសហរដ្ឋអាមេរិក អំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ពេលដែលលោកលេងនៅក្លឹប D.C. United ដែលជាក្លឹបបាល់ទាត់មួយនៅសហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។ ក្រៅពីលោក Donald Trump លោក Rooney ក៏ធ្លាប់លេងកូនហ្គោលជាមួយនឹងអតីតអភិបាលក្រុងញូវយ៉កលោក Rudy Giuliani ផងដែរ។
ទាក់ទិននឹងរឿងនេះដែរ លោក Rooney បានរៀបរាប់ថា៖ «បុគ្គលដែលល្បីជាងគេ ដែលខ្ញុំធ្លាប់លេងកូនហ្គោលជាមួយគឺ លោក Donald Trump។ អ្វីដែលង៉ាងខ្លាំងនោះគឺ ពេលហ្នឹងយើងមានឡានកូនហ្គោលរបស់លោក Giuliani នៅពីក្រោយយើង ហើយបន្តមកទៀតមាន ឡាន ៥០ ទៅ ១០០គ្រឿងនៅពីក្រោយនោះទៀត ដែលសុទ្ធសឹងតែកងសន្តិសុខ»។
«ពេលហ្នឹងក៏មានទូកមួយគ្រឿងនៅលើបឹង ដោយបំពាក់ជាមួយនឹងកាំភ្លើងស្ន៊ីប ហើយមានអ្នកកាន់ស៊្នីបជាច្រើននាក់ពួននៅគុម្ពឈើនានាទៀតផង។ ខ្ញុំពេលនោះគឺភ្ញាក់ផ្អើលនឹងខ្លួនឯងថា «ចុម មានរឿងអីហ្នឹង!»»។
លោក Trump បានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០១៦ ហើយលោកបានដឹកនាំរហូតដល់ឆ្នាំ២០២២ ដែលជាពេលដែលលោកចាញ់ឆ្នោតទៅលោក Joe Biden។
ចំណែកឯ Rooney វិញ ក្រោយពេលនៅជាមួយ D.C. United ក្នុងនាមជាកីឡាករ លោកក៏បានក្លាយជាគ្រូបង្គោលនៃក្លឹបនេះរហូតដល់ឆ្នាំ២០២៣។ លោកក្រោយមកក៏ត្រលប់មកដឹកនាំក្លឹបអង់គ្លេសវិញ ដោយនៅពេលនេះដែរលោកកំពុងតែដឹកនាំក្លឹប Plymouth Argyle៕